អានតួអត្ថបទ
ថៃ

រដ្ឋាភិបាលថៃ ​តាម​ប្រមាញ់​អ្នក​ដែល​បាន​ចែកចាយ ​អត្ថបទ​កាសែត​រិះគន់​មហាក្សត្រ​ថ្មី

ស្ត្រីសកម្មជនប្រជាធិបតេយ្យថៃម្នាក់ បានរត់គេចខ្លួន ចេញពីប្រទេសថៃ បន្ទាប់ពីនាងទទួលដំណឹងថា អាជ្ញាធរថៃ កំពុងតែដេញតាមប្រមាញ់អ្នកណា ដែលបានចែករំលែកអត្ថបទ សរសេររៀបរាប់ពីបុគ្គលិកលក្ខណៈរ​បស់មហាក្សត្រថៃថ្មី។ អត្ថបទដែល ត្រូវបានគេចុះផ្សាយ នៅលើគេហទំព័រ BBC ជាភាសាថៃ​ នឹងនៅតាមគេទំព័របណ្តាញព័ត៌មានអន្តរជាតិ​មួយ​ចំនួន​ នេះ កំពុងត្រូវបានរដ្ឋាភិបាលថៃ ហាមឃាត់ និងប្រើគ្រប់មធ្យោបាយ រារាំង មិនឲ្យ​ប្រជាជនថៃ ​បានឃើញ និងអានខ្លឹមសារ នៃអត្ថបទនេះទេ។

ព្រះចៅ Maha Vajiralongkorn ​​ក្នុង​ព្រះរាជ​ពិធី​ គោរព​ព្រះ​វិញ្ញាណក្ខន្ត ព្រះបិតា ថ្ងៃទី​ ​២៦​ តុលា ​២០១៧
ព្រះចៅ Maha Vajiralongkorn ​​ក្នុង​ព្រះរាជ​ពិធី​ គោរព​ព្រះ​វិញ្ញាណក្ខន្ត ព្រះបិតា ថ្ងៃទី​ ​២៦​ តុលា ​២០១៧ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

នាង ឆានុកកន រួមសាប អាយុ២៤ឆ្នាំ គឺជាសកម្មជនប្រជាធិបតេយ្យថៃ មួយរូប ដែលមានសេចក្តីក្លាហាន ហ៊ានរិះគន់អំពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និងស្ថាប័នព្រះ​មហាក្សត្រថៃ។ នៅថ្ងៃចន្ទ ទី២៩មករា នាងបានថ្លែងប្រាប់អ្នកយកព័ត៌មានបារាំង តាមទូរស័ព្ទថា នាងបានរត់ចេញពីប្រទេសថៃ ២សប្តាហ៍មកហើយ ហើយបច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសមួយនៅក្នុងតំបន់អាស៊ី។

នាងបានអះអាងថា នៅពេលដែលនាងទទួលបានសិទ្ធិជ្រកកោននយោបាយ ក្នុងប្រទេស​នោះ នាងនឹងបន្តធ្វើសកម្មភាព បរិហារ រិះគន់ អំពីអំពើរំលោភបំពានសិទ្ធិ លទ្ធិប្រជាធិបតេយ្យ និងចំណុចអវិជ្ជមានរបស់រដ្ឋាភិបាកយោធាថៃ។ នាងបន្តថា នាងបានរត់គេច​ចេញ​ពី​ប្រទេសថៃ ដោយសារនាងមិនចង់ជាប់ឃុំដោយសារតែរឿងនាង បានចែក​រំលែក​បន្ត នូវអត្ថបទសរសេរជាភាសាថៃមួយ ផ្សាយដោយបណ្តាញ​ព័ត៌មានBBC។ អត្ថបទ​នោះ សរសេររៀបរាប់ អំពីបុគ្គលិកលក្ខណៈដ៏មិនគួរឲ្យគោរព របស់មហាក្សត្រថ្មី​គឺ​ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន។

សូម​បញ្ជាក់​ថា ក្នុងរយៈ២សប្តាហ៍កន្លងមក អត្ថបទសរសេរពីព្រះចៅ ម៉ាហា វិជ្ជរ៉ា​ឡុងកន មហាក្សត្រថ្មី​របស់​ថៃនេះ ត្រូវបានមនុស្សរាប់ពាន់នាក់ ចែកចាយបន្តគ្នា នៅតាមបណ្តាញសង្គម។ រហូតមកត្រឹមពេលនេះ អាជ្ញាធរថៃ បានធ្វើការចាប់ឃាត់ខ្លួន និស្សិតម្នាក់ភេទប្រុស ហើយបានបញ្ជូនទៅតុលាការ ដែលបានសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រ។​ យ៉ាងណាមិញ សូម្បីតែខ្លឹមសារ​ សរសេរដែលតុលាការ ចាត់ទុកថាជាការប្រមាថព្រះមហាក្សត្រនេះ ក៏អ្នកកាសែត នាៗមិនអាចស្រង់យកមកផ្សាយបានទេ ព្រោះពុំនោះទេ ប្រាកដជាទាប់ទោស​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ដែរ។

ដោយឡែក លោក វិប៊ុន ធិនវឌ្ឍនៈគុន តំណាងស្នងការដ្ឋានតំរួតថៃ បានអះអាងថា សមត្ថកិច្ច​ថៃ ពិតជាកំពុងតាមចាប់មនុស្សមួយចំនួន​ ពិតមែន។ ហើយក្នុង​ចំណោមនោះ បណ្តឹង​​មួយ ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅតុលាការហើយ ដោយប្តឹងស្ត្រី ឈ្មោះ​ឆានុកកន​ រូមសាប ពីបទមើលងាយព្រះចេស្តាមហាក្សត្រថៃ។

គួរកត់សម្គាល់ថា ថៃជាប្រទេសរាជានិយម ដែលមានច្បាប់ការពារព្រះមហាក្សត្រ ដ៏តឹងតែងបំផុត។ ទំនោររាជានិយមជ្រុលហួសហេតុនេះ កាន់តែឡើងខ្លាំង ចាប់តាំងពីក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារឡើងកាន់អំណាច ក្នុងឆ្នាំ២០១៤។ បុគ្គលិកលក្ខណៈ និងរឿងរ៉ាវផ្ទាល់ខ្លួន របស់មហាក្សត្រថ្មីថៃ គឺជារឿងមួយដែលគេបិទខ្ទប់ ហើយដែលប្រជាជន​សាមញ្ញ គ្មានសិទ្ធិដឹងឮ ឬអាចបញ្ចេញយោបល់បានឡើយ។ ផ្ទុយទៅវិញ មានកាសែតបរទេសព្រោតព្រាត បានចុះផ្សាយយ៉ាងសុះសាយ អំពីអត្តចរិកយូកូង បែបពាល អាងយ៉ាង អាងឋានៈ និងមាសប្រាក់ របស់ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន ដែលអត្តចរិកបែបនេះ មិនសក្តិសម ឲ្យប្រជារាស្ត្រថៃមួយនគរ ឱនក្បាលក្រាប់ដល់ដី ថ្វាយបង្គំនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ