អានតួអត្ថបទ
បារាំង-អាស៊ីប៉ាស៊ីហ្វិក

តំបន់​អាស៊ីអាគ្នេយ៍​ជា​បេះដូង​យុទ្ធសាស្ត្រ​បារាំង នៅ​អាស៊ី

ថ្នាក់​ដឹកនាំ​បារាំង​បង្កើន​ទស្សនកិច្ច​កាន់​ច្រើន​ឡើងៗ ក្នុង​តំបន់​អាស៊ី។ បន្ទាប់​ពី​នាយករដ្ឋ​មន្ត្រី លើក​នេះ​ដល់​វេន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំងម្តង​។ ថ្ងៃ​ម្សិលមិញ លោក ឡូរ៉ង់ ហ្វាប្យ៊ូស (Laurent Fabius) ស្នាក់នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​នឹង​ត្រូវ​ទៅ​ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​សៅរ៍នេះ។ ​លោក​ប្រមុខ​ការទូត​បារាំង បាន​ប្រកាស​ពង្រឹង​វត្តមាន​បារាំង​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​នេះ តំបន់​យុទ្ធសាស្ត្រ​ ដែល​កំពុង​រីក​លូតលាស់​ខ្លាំង​ ប៉ុន្តែ​ត្រូវ​​គេ​មើល​រំលង ព្រោះ​តែ​បាំង​ដោយ​ស្រមោល​មហាយក្ស​ចិន និង​ឥណ្ឌា។

លោក​រដ្ឋមន្រ្តីការបរទេស​បារាំង ក្នុង​អំឡុង​ទស្សនកិច្ច​នៅប្រទេស​ម៉ិកស៊ិក
លោក​រដ្ឋមន្រ្តីការបរទេស​បារាំង ក្នុង​អំឡុង​ទស្សនកិច្ច​នៅប្រទេស​ម៉ិកស៊ិក ©REUTERS/Edgard Garrido
ផ្សាយពាណិជ្ជកម្ម

បារាំង​ត្រូវ​តែ​មានវត្តមាន​​ ដូច​គ្នា​នឹង​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ! នេះ​ជា​ប្រសាស​ន៍​របស់​លោក​ប្រមុខ​ការទូត​បារាំង Laurent Fabius ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ខ្លី នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម។ សម្រាប់​លោក​រដ្ឋមន្ត្រី​ការបរទេស ពិភពលោក​នា​ពេល​អនាគត ត្រូវ​មក​ផ្តុំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ហើយ ! បារាំង​មាន​ទាំង​ចេតនា និង​ទាំង​សកម្មភាព​​ជាក់​ស្តែង​ ៖ លោក​ប្រធានាធិបតី​បារាំង​ បាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​នេះ​ដល់​៤​ដង គិត​ចាប់​ពី​បាន​ទទួល​តំណែង​នៅ​ខែ​ឧសភា​២០១២​មក។ ឯ​លោក​នាយករដ្ឋមន្ត្រី​វិញ ក៏​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​ដែរ។

 
អាស៊ី​ ដែល​ជា​តំបន់​អាទិភាព​របស់​រដ្ឋាភិបាល​បារាំងថ្មី​ ​មិន​មែន​សំដៅ​តែ​លើ​ប្រទេស​ចិន ឬ​ឥណ្ឌា​ ដូច​​ធ្លាប់​គិត​ក្នុង​អតីតកាល​ឡើយ​ គឺ​ជា​តំបន់​អាស៊ីទាំង​មូល​ ! នេះ​ជា​ការគូស​បញ្ជាក់​បន្ថែម​របស់​លោក Laurent Fabius ដែល​ជា​សមាជិក​រដ្ឋាភិបាល​បារាំង​ដំបូង​គេ​បង្អស់​ មក​ទស្សនា​ទីស្នាក់ការ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន។ ​អាស៊ាន​ ដែល​មាន​ប្រជាជន​សរុប​ជាង​៦០០​លាន​នាក់ មាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក​គួរឱ្យ​កត់​សម្គាល់​ និង​មាន​ការនាំ​ចេញ​មក​បារាំង ក្នុង​ទំហំ​ប្រហាក់​ប្រហែល​នឹង​ការ​នាំចេញ​ទៅ​ចិនដែរ។ ប៉ុន្តែ​នៅ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ទៀត​ ព្រោះ​​ទំនាក់ទំនង​បារាំង​និងប្រទេស​ជា​សមាជិក ពិសេស​ឥណ្ឌូនេស៊ី​ មិន​ទាន់​ឈាន​ដល់​កំរិត​កំពូល​ផង។

បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ​សមាគម​​អាស៊ាន​ និង​អនុប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅ​ទីក្រុង​ហ្សាការតា​ម្សិលមិញ​មក លោក​ឡូរ៉ង់ ហ្វាប្យ៊ូស ត្រូវ​អញ្ជើញ​ដល់​ វៀតណាម​នៅ​ថ្ងៃសៅរ៍​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ