អានតួអត្ថបទ
ចិន-អេស្ប៉ាញ

នៅ​ក្រោម​សម្ពាធ​របស់​ចិន អេស្ប៉ាញ​ធ្វើ​ច្បាប់​រឹតបន្តឹង​អំណាច​តុលាការ​សកល

កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២៧ កុម្ភៈ សភា​អេស្ប៉ាញបាន​​បោះឆ្នោត​អនុម័ត ច្បាប់​ថ្មី​មួយ ដើម្បី​កាត់បន្ថយ​អំណាច​របស់​ចៅក្រម ក្នុង​ការស៊ើបអង្កេត​សំណុំរឿង​ដែល​កើតឡើង នៅបរទេស និង​ជំនុំជម្រះ​ជនបរទេស ដែល​ជាប់ចោទ​ពី​បទឧក្រិដ្ឋកម្ម​អន្តរជាតិ។ គណបក្ស​ប្រឆាំង​បាន​រិះគន់ និង​បរិហារ​ថា គណបក្ស​កាន់អំណាច​បោះបង់​ចោល​សិទ្ធិអំណាច​របស់ខ្លួន ដើម្បី​ចាប់យក​ប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​ការទូត។

នាយករដ្ឋមន្រ្តី​អេស្ប៉ាញ នៅថ្ងៃ​ឆ្លើយតប​នឹង​សភា នៅថ្ងៃ​ទី ២៧​កុម្ភៈ
នាយករដ្ឋមន្រ្តី​អេស្ប៉ាញ នៅថ្ងៃ​ឆ្លើយតប​នឹង​សភា នៅថ្ងៃ​ទី ២៧​កុម្ភៈ ©REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

 

សម្ពាធ​របស់​ចិន​ពិត​ជា​មាន​ប្រសិទ្ធិភាព។ នៅ​ពីរ​សប្តាហ៍​ក្រោយ​ទីក្រុង​ប៉េកាំង​បាន​បញ្ចេញ​ជំហរ​មិន​សប្បាយ​ចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​អេស្ប៉ាញ សភា​អេស្ប៉ាញ​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់អំណាច​បាន​សម្រេច​បោះឆ្នោត នៅថ្ងៃ​ម្សិលមិញ ដើម្បី​រឹតបន្តឹង​ទៅលើ​ប្រព័ន្ធ​តុលាការ​សកល របស់​អេស្ប៉ាញ។

សូមរំលឹកថា កាលពី​ថ្ងៃ​ទី ១០​កុម្ភៈ ចៅក្រម​អេស្ប៉ាញ​បាន​ចេញ​ដីកា​ចាប់ខ្លួន អតីត​មេដឹកនាំ​ចិន​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ មាន​លោក​ចាង ហ្សេមីន អតីត​ប្រធានាធិបតី​ចិន ពី​បទ​ប្រល័យ​ពូជសាសន៍ នៅ​ទីបេ ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ ១៩៩០។ ប៉ុន្តែ នៅមួយ​ថ្ងៃ​ក្រោយមក រដ្ឋាភិបាល​ចិន បាន​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ​ចាត់ការ​ឲ្យ​បាន​សមរម្យ ចំពោះ​សំណុំរឿង​នេះ។ ចិន​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​អេស្ប៉ាញ​បាន​វាយតម្លៃថា ចំណាត់ការ​របស់​ចៅក្រម​អេស្ប៉ាញ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដ៏ល្អ​រវាង​ប្រទេស​ចិន និង​អេស្ប៉ាញ។

តាម​គោលការណ៍ “យុត្តាធិការ​សកល” ដែលមាន​ចែង​ក្នុង​ច្បាប់​អេស្ប៉ាញ តុលាការ​អេស្ប៉ាញ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​ និង​ជំនុំជម្រះ​ ទៅលើ​រាល់​បទ​ឧក្រិដ្ឋ​ធំៗ​មួយ​ចំនួន ដូចជា​បទ​ប្រល័យពូជសាសន៍​ ជាដើម បើទោះបី​ជា​បទល្មើស​នេះ​ត្រូវ​បាន​ប្រព្រឹត្ត នៅ​ក្រៅ​ទឹកដី​អេស្ប៉ាញ ហើយ​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ មិនមែន​ជា​ពលរដ្ឋ​អេស្ប៉ាញ​ក៏ដោយ។

ប៉ុន្តែ អត្ថបទ​ច្បាប់​ថ្មី ដែល​មាន​តែ​សមាជិក​សភា​របស់​គណបក្ស​កាន់អំណាច​បោះឆ្នោត​គាំទ្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបង្រួម​អំណាច​របស់​យុត្តាធិការ​សកល ដោយ​បាន​ចែង​កាត់​បន្ថយ​ចំនួន​មនុស្ស និង​លក្ខខណ្ឌ​ចំាបាច់ មួយចំនួន ដែល​ធ្លាប់​ជួយ​ឲ្យ​ចៅក្រម​អេស្ប៉ាញ​អាច​បើក​ការស៊ើបអង្កេត​លើ​ករណី​ប្រល័យពូជសាសន៍ ឬ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដែល​កើតឡើង នៅ​បរទេស។

គណបក្ស​ប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​រិះគន់ និង​ចោទប្រកាន់​បក្ស​ស្តាំ​និយម បក្ស​កាន់អំណាច​ថា កំពុង​លះបង់​ចោល​សិទ្ធិ​អំណាច​របស់ខ្លួន ដើម្បី​ចាប់យក​ប្រយោជន៍​សេដ្ឋកិច្ច។ គណបក្ស​កាន់អំណាច​វិញ​បាន​ការពារ​ជំហរ​របស់ខ្លួន ដោយ​ពន្យល់​ថា សំណុំរឿង​ប្តឹងផ្តល់ នៅក្នុង​ក្របខ័ណ្ឌ ដែន​យុត្តាធិការ​សកល កម្រ​នឹង​ចេញ​ជា​រូបរាង។ ដោយ​ប្រើ​យុត្តាធិការ​សកល អេស្ប៉ាញ​កំពុង​បើក​ការស៊ើបអង្កេត​ចំនួន​១២ ប្រឆាំង​នឹង​អ្នកប្រព្រឹត្ត​បទល្មើស​នៅ​ក្រៅអេស្ប៉ាញ ដូចជា​មេដឹកនាំ​ផ្តាច់ការ​នៅ​អាមេរិកឡាទីន ឬ​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​របស់​ទាហាន​អាមេរិក នៅ​អ៊ីរ៉ាក់។ ប៉ុន្តែ រហូតមក ការស៊ើបអង្កេត​មិន​បាន​ឈាន​ទៅដល់​ការចាប់ខ្លួន​ជនល្មើស​យក​មក​ជំនុំជម្រះទេ។

ដូច្នេះ ជាមួយនឹង​ច្បាប់​ថ្មីនេះ បក្ស​កាន់អំណាច ចង់​ឲ្យ​គេ​​ស៊ើបអង្កេត​តែ​ទៅលើ​ករណី​ណា​ដែល​អាច​ជំនុំជម្រះ​បាន​តែ​ប៉ុណ្ណោះ។ ពោលគឺ តុលាការ​អេស្ប៉ាញ​អាច​ចាត់ការ​តែ​លើ​សំណុំរឿង​ណា ដែល​មាន​ប្រជាជន មាន​សញ្ជាតិ អេស្ប៉ាញ​ពាក់ព័ន្ធ ឬ​ជាអ្នកប្រព្រឹត្ត​បទល្មើស ហើយ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ទៀតសោត ត្រូវ​កើតឡើង នៅលើ​ទឹកដី​អេស្ប៉ាញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ