អានតួអត្ថបទ

ជំនួប​កំពូល​ចិន-អាហ្វ្រិក​ក្នុង​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ចចិន​​បន្ថយ​ល្បឿន​

ជំនួបកំពូល​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​ចិន​អាហ្វ្រិក រយៈ​ពេល​ពីរ​ថ្ងៃ បាន​ចាប់​បើក​ទ្វារ​នៅថ្ងៃ​នេះ​និង​រហូត​ដល់​ថ្ងៃ​ស្អែក។ ផ្តួច​ផ្តើម​និង​រៀប​ចំ​ដោយ​ប៉េកាំង តែបាន​និង​កំពុង​​ប្រព្រឹត្ត​ទៅ​​នៅ​ក្រុង​ចូនណាស្បួ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ អ្នក​វិភាគ​ខ្លះ​យល់​ថា នេះ​​សារសន្យា​របស់​ចិន​ចំពោះ​អាហ្វ្រិក ​ដែ​ល​រំពឹងយ៉ាង​​ស្លាប់​រស់​លើ​ចិន។​​ លោក ស៊ីជិនពីង ប្រធានាធិបតី​ចិន​នឹង​ត្រូវ​ប្រកាសចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​មួយ​ចំនួន​ធំ បើ​ទោះ​បី​ជា​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ ​ការ​វិនិយោគ​បាន​បន្ថយ​ល្បឿន​យ៉ាង​ខ្លាំង​ក៏ដោយ។

ប្រធានាធិបតី​ចិន​ស៊ីជិនពីង និង​សមភាគី​អាហ្វ្រិក​ខាង​ត្បូង លោក Jacob Zuma មុន​ពេល​បើក​ជំនួប​កំពូល​អាហ្វ្រិក-ចិន
ប្រធានាធិបតី​ចិន​ស៊ីជិនពីង និង​សមភាគី​អាហ្វ្រិក​ខាង​ត្បូង លោក Jacob Zuma មុន​ពេល​បើក​ជំនួប​កំពូល​អាហ្វ្រិក-ចិន REUTERS/Sydney Seshibedi
ផ្សាយពាណិជ្ជកម្ម

ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​មួយ​របស់​អាហ្វ្រិក​ (វ៉ា​ឈ្នះ​អាមេរិក​តាំង​ពី​ឆ្នាំ​២០០៩មក) ដោយ​មាន​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទំហំ​ជាង ២០០​ពាន់​លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំ មាន​ពលករ​ធ្វើការ​នៅលើ​ទ្វីប​អាហ្វ្រិក​ ជាង​មួយ​លាន​នាក់ និង​មាន​ក្រុមហ៊ុន​ដល់​ទៅ​ជាង​២០០០​តាំង​ទី​នៅ​ទី​នោះ។ ប៉ុន្តែ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ផុយស្រួយ​ ! អនាគត​ចិន-អាហ្វ្រិកហាក់​ដូច​ជា​ចុះ​ស្រអាប់ ! កំណើន​សេដ្ឋកិច្ច​ចិនបន្ថយ​ល្បឿន​បាន​ធ្វើ​ឱ្យ​វិនិយោគ​ចិន​នៅ​អាហ្វ្រិក ធ្លាក់​ចុះ​អស់ ៤០% គិត​ក្នុង​រយៈ​ពេល​មួយ​ឆមាសដំបូង​ឆ្នាំ ២០១៥ ដែល​ការ​នេះ បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង​រដ្ឋ​​អាហ្វ្រិក​មួយ​ភាគ​ធំ។ ប្រទេស​ដែល​រស់​រំពឹង​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ចិន លើ​ការ​នាំ​ចេញ​វត្ថុ​ធាតុដើមលក់​ទៅ​ឱ្យ​ចិន។ កំណើត​សេដ្ឋកិច្ច​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​ជាទូទៅ មក​ត្រឹម​តែ​១,៧%។

 
ហេតុដូច្នេះ​ហើយ​បាន​ជា​ជំនួប​កំពូល​នេះ ត្រូវ​មាន​អត្ថន័យ​ជា​ពិសេស ! នៅថ្ងៃ​នេះលោក ស៊ី ជីនពីង បាន​ធ្វើ​ជាអធិបតី​បើក​ជំនួបកំពូល​ចិន-អាហ្វ្រិក ដែល​ក្នុង​របៀបវារៈ ត្រូវ​ជជែក​ពិភាក្សា​ មើល​អនាគត​នៃ​ការ​វិនិយោគរបស់​ចិន​នៅ​អាហ្វ្រិក ​ដែល​ធ្លាប់​ល្អូក​ល្អើន​តាំង​ពី​​ដើម​សតវត្ស ប្រមូល​ទិញ​វត្ថុ​ធាតុ​ដើម​ ដូច​ជា ប្រេង រ៉ែដែក ទង់ដែង រហូត​ធ្វើ​ឱ្យ​វត្ថុ​ទាំង​នេះ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង។ កិច្ចសហប្រតិបត្តិការដ៏ផ្អែម​ល្អែម​ ចិន-អាហ្វ្រិក​នឹង​ត្រូវ​បាន​រក្សា។ ចិន​​បន្ត​ជួយ​អភិវឌ្ឍន៍អាហ្វ្រិក ព្រោះ​ចិន មិន​មែន​មាន​ត្រឹម​តែ​សមត្ថភាពទេ តែ​មាន​ទាំង​ឆន្ទៈនយោបាយ​ គាំទ្រ​និង​ស្រោចស្រង់​ការ​អភិវឌ្ឍន៍​អាហ្វ្រិក​ដោយឯករាជ្យ​និង​និរន្តរភាព។​ ជំនួប​រៀប​ចំ​ដោយ​ផ្ទាល់​លើ​ទឹកដី​អាហ្វ្រិក​ ពិត​ជាមិន​មែន​ជម្រើស​ដោយ​ចៃដន្យ​ឡើយ។
 
គ្រោះ​នៃ​ការ​​រំពឹង​ខ្លាំង​លើ​ចិន

ចិន​កណ្តាស តែអ្នក​គ្រុន គឺ​អាហ្វ្រិក ! គ្រាន់​តែកំណើន​​សេដ្ឋកិច្ចចិនធ្លាក់​ក្រោម​៧%​ នៅ​ត្រីមាស​ទីបី​នេះ ភ្លាម ទ្វីបអាហ្វ្រិក​សៀវស្រាញ​ សេដ្ឋកិច្ច​បាត់​ទៅ​ហើយ។
នេះ​ជា​ការ​ធម្មតាទេ  ចិន​គឺជា​អតិថិជន​ដ៏​ធំ​របស់​អាហ្វ្រិក ! បើ​ចិន​បន្ថយ​ការ​ចាយវាយ ទិញ​ដូរ​របស់​របរ​តែ​បន្តិច អាហ្វ្រិកត្រូវ​រង​ផល់​ប៉ះពាល់​ដោយ​ផ្ទាល់​ភ្លាម​ ព្រោះ​ពួក​គេ​រំពឹង​លើ​ចិន​ខ្លាំង​ពេក។

ជា​តួលេខ ផ្តល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ការនាំ​ចូល​ចិនមក​​ពី​ទ្វីប​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​ជិត​៤៣% នៅ​រវាង​ពី​ខែ​មករា ដល់​ខែ​មិថុនា ២០១៥។ ការ​ធ្លាក់​ចុះ​នេះ​បាន​រុញ​ច្រាន​​​ការ​វិនិយោគចិន​នៅទ្វីបអាហ្វ្រិកឱ្យ​ធ្លាក់​ចុះ​៤០%​ដែរ ព្រោះ​ប្រទេស​អាហ្វ្រិក​គ្មាន​ឥទ្ធិពលលើ​តម្លៃ​វត្ថុធាតុដើម​ នៅលើ​ទីផ្សារ​អន្តរជាតិ​ទេ។

ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​ក្រុម​ប្រទេស​អ្នក​នាំ​ចេញ​រ៉ែ​ផ្លាទីន ទង់ដែង ​រ៉ែដែក ប្រេងឆៅ​ ដូច​ជា​ហ្សំប៊ី (-៦០%) សាធារណរដ្ឋ​កុងហ្កោ នីហ្សេរីយ៉ា និង​លីបេរីយ៉ា ល។​ និង។ល។
 
ពង្រីក​ភាព​ចម្រុះ​នៃ​សេដ្ឋកិច្ច
 
មិន​មែន​មក​ពី​តម្លៃ​វត្ថុ​ធាតុ​ដើម​ចុះ​ថ្លៃ ឬ​មក​ពី​ទំនាក់ទំនង​ជា​មួយ​ចិន​​ ចិន​ដើរ​ខ្សែ​លើ​ខ្លាំង​ពេក​នោះ​ទេ តែ​មក​ពី​រចនា​សម្ព័ន្ធ​អាហ្វ្រិក​ ! នេះ​បើ​តាម​អ្នក​វិភាគ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាហ្វ្រិក ជាតិ​កូដឌីវ័រ ដែល​ទាមទារ​ឱ្យអាហ្វ្រិក​សើរើ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ។​ និង​កុំ​រំពឹង​ទាំង​ភ្នែន​លើការ​នាំចេញ ទៅ​ចិន។ ជាមួយ​ចិន ថ្វី​បើ​​ចិន​ជា​អតិថិជនដ៏​ចំបង ទិញ​វត្ថុធាតុដើម​ រ៉ែដែក រ៉ែ​ទង់ដែង ដែកថែប ម៉ង់កាណែស .... ដល់​ទៅ ជិត​ពាក់​កណ្តាល​មែន ប៉ុន្តែ​ ក្រុមហ៊ុន​ចិន ត្រួតត្រា​ធនធាន​រ៉ែ​តែ​ប្រមាណ​២%​ប៉ុណ្ណោះ ទល់​នឹង​២៥%​ជា​របស់​ក្រុមហ៊ុន​អង់គ្លេស។ ពេល​ចិន​ លូតលាស់​ខ្លាំង​នា​រយៈពេល​ប៉ុន្មានទសវត្ស​​ចុងក្រោយ​នេះ អាហ្វ្រិក​គ្មាន​បាន​ឆ្លៀត​យក​ចំណេញ​អ្វី​បាន​ពី​ចិន​ទេ ឆ្កឹះ​រ៉ែ​បាន​នាំ​ចេញ​បាត់​ទៅលក់​ឱ្យ​​ចិន ... បាន​វត្ថុ​ធាតុដើម​ចិន​ផលិត​​ជារបស់​របរ​លក់​ថោកៗ​មក​ឱ្យ​អាហ្វ្រិក តែ​​គ្មាន​ឥទ្ធិពល​ផ្ទាល់​លើ​ឧស្សាហកម្ម​នៅ​លើ​​ទ្វីបសោះ។

ដូច្នេះ ក្នុង​ពេល​ចិន​កំពុង​បន្ថយ​ល្បឿន​សេដ្ឋកិច្ច អាហ្វ្រិក​ត្រូវ​តែ​សើរើ​មើល​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន-អាហ្វ្រិក​ឡើង​វិញ​ កុំ​រំពឹង​ខ្លាំង​តែ​លើ​ការ​នាំ​ចេញ​វត្ថុធាតុ​ដើម​ជាមួយ​ចិន​ពេក​ ត្រូវ​មានការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ទៀត ជា​សេដ្ឋកិច្ច​ចម្រុះ​ច្រើន​បែប​។ នីហ្សេរីយ៉ា សង្ឃឹម​ថា​នឹង​ស្នើ​សុំ​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ចិន ក្នុង​ជំនួប​នេះ​ ដើម្បី​ទៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កុំ​ឱ្យ​ផ្អែក​តែ​លើ​ការ​នាំ​ប្រេង​តែ​មួយ​មុខ។ ចំណែក​ខាង​ចិន​ក៏​ចង់ចាប់​អារម្មន៍​នឹង​ភាព​ចម្រុះ​នៃ​សេដ្ឋកិច្ច​​អាហ្វ្រិកដែរ។

នៅ​ថ្ងៃ​នេះ​លោក ស៊ី ជីនពីង​បាន​ប្រកាស​បង្ហាញ​គម្រោង​អភិវឌ្ឍន៍ ១០​ចំណុច តម្លៃ​៦០​ពាន់​លាន​ដុល្លារ​ ដល់​សមភាគី​អាហ្វ្រិក មក​ពី​ប្រមាណ​ជាង​៤០​ប្រទេស។  កាល​ពី​ថ្ងៃ​ពុធ ជា​ឧទារហ៍​ជាក់​ស្តែង​មួយទៀត ជាមួយ​អាហ្វ្រិក​ខាង​ត្បូងប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​​ចុះ​ហត្ថលេខា​​លើ​កិច្ចសហការ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនា​សម្ព័ន្ធ ឬ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ