សភាចាស់ភូមាបំបែកជួរ បើកផ្លូវឱ្យសភាថ្មីចូលធ្វើការ
សភាភូមាចាស់ដែលជាមរតកបន្សល់ទុកដោយរបបយោធា បានបើកអង្គប្រជុំជាលើកចុងក្រោយនៅថ្ងៃសុក្រទី ២៩មករា ២០១៦ ក្នុងបរិយាកាសនិងអារម្មណ៍ល្អបំផុត ដែលអាចបញ្ជាក់បានអំពីឆន្ទៈពិតប្រាកដ ក្នុងការផ្ទេរអំណាចដោយរលូន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ទៅឱ្យសមាជិកសភាជាប់ឆ្នោតថ្មី របស់ក្រុមលោកស្រីអ៊ុងសានស៊ូជី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
ទោះបីជាចាញ់ឆ្នោតខ្លាំងក៏ដោយ ក៏សមាជិកសភាបក្សកាន់អំណាចបែបស៊ីវិលដំបូង ដែលបង្កើតឡើងដោយរបបសឹក និងដែលត្រូវបញ្ចប់តួនាទីនៅត្រឹមថ្ងៃនេះ មិនខ្លាចនឹងបង្កើនពាក្យសំដីល្អ ថែមទៀត នៅក្នុងជំនួបប្រជុំសភាលើកចុងក្រោយនេះទេ។
សម័យប្រជុំបានចាប់ផ្តើម ដោយសារលាប្រធានសភា បែបកំប្លែងដូចទម្លាប់ ធ្វើឱ្យសាលប្រជុំទាំងមូលផ្ទុះសំណើចគឹល ៖ “ខ្ញុំចង់និយាយលាសមាជិកសភា ម្នាក់ម្តងៗ ជាមួយរឿងកំប្លែងម្នាក់មួយៗ តែគ្មានពេល … ចំពោះលោកស្រីអ៊ុងសានស៊ូជី ដែលធ្លាប់ផ្ញើនំមកឱ្យខ្ញុំជារៀងរាល់ពេលបុណ្យចូលឆ្នាំ ជាស្ត្រីដែលស្អាតជាងគេបំផុត”។
តំណាងរាស្ត្រទាំងចាស់ ទាំងថ្មី បាននាំគ្នាបិទបញ្ចប់អាណត្តិសភា ក្នុងបរិយាកាសរីករាយ ជួបជុំទទួលទានអាហារថ្ងៃត្រង់ និងការ៉ាអូខេ។ លាគ្នាដោយរីករាយជាដំណើរចាកចេញពីតំណែងដ៏ប្រសើរបំផុត ! នេះបើតាមការអះអាងតំណាងរាស្ត្រម្នាក់ដែលបាត់បង់កៅអីនៅសភាថ្មី។ ម្សិលមិញ ប្រធានាធិបតីភូមា ដែលនឹងត្រូវចាកចេញពីតំណែងដែរនៅខែមេសា បានស្វាគមន៍ការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យជាជ័យជំនះរបស់ពលរដ្ឋភូមា។
សភាអាណត្តិថ្មីដែលនឹងគ្រប់គ្រងមួយភាគធំដោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី មានកាតព្វកិច្ចដំបូងត្រូវជ្រើសរើសប្រធានាធិបតី។ នេះជាអន្តរកាលនយោបាយដ៏សំខាន់របស់ភូមា។ ធ្លាប់តែដឹកនាំដោយយោធា និងអតីតយោធា អស់រយៈពេលជាងកន្លះសតវត្សរ៍ ប្រជាពលរដ្ឋសង្ឃឹមខ្លាំងណាស់លើរដ្ឋាភិបាលថ្មីប្រសូតចេញពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
ក្តីរង់ចាំធំ បន្ទុកក៏មានធ្ងន់សម្រាប់សមាជិកសភាថ្មីនៃបក្សសម្ព័ន្ធប្រជាធិបតេយ្យភាគច្រើន ដែលជាអ្នកមានបទពិសោធន៍នយោបាយតិចតួចនៅឡើយ។ ម្យ៉ាងទៀតភូមាជាក្រីក្របំផុតមួយនៅលើលោក។ ប្រព័ន្ធអប់រំនិងសុខាភិបាល ខ្ទេចខ្ទីស្ទើរដល់បាត ឯចំណែកយោធានៅតែមានអំណាច (២៥%នៅក្នុងសភា) និងតួនាទីសំខាន់ៗដដែលក្នុងរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ