អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​តំណាង​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​សម្លាប់​ពួក​ជួញ​ដូរគ្រឿងញាន​បន្ថែម​ទៀត

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក​ហ្សូហ្សេ កាលីដា មេធាវី​ទទួល​បន្ទុក​កិច្ចការ​តុលាការ​របស់​រដ្ឋាភិបាល​បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ ទី១១ កក្កដា​ឲ្យ​កម្លាំង​ប៉ូលិស​សម្លាប់​ពួកជួញដូរ​គ្រឿងញាន​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។ យោង​តាម​រូប​លោក​មេធាវី​ដដែល យុទ្ធនាការ​សម្លាប់​ពួក​ជួញដូរ​គ្រឿងញាន គឺ​ជា​ពាក្យ​សន្យា​របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​នៅ​ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។ តែ​ក្រុមអ្នក​ការពារសិទ្ធិ​មនុស្ស និង​ក្រុម​គណបក្សប្រឆាំង​កំពុង​បន្ត​បរិហារ​យ៉ាង​ខ្លាំង។

លោក​​រ៉ូឌ្រីហ្គោ ឌុយទែរតេ (រូបស្តាំ) ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន
លោក​​រ៉ូឌ្រីហ្គោ ឌុយទែរតេ (រូបស្តាំ) ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

តាម​តួលេខ​ផ្លូវការ​គិត​តាំង​ពី​ថ្ងៃ​ជាប់​ឆ្នោត​របស់​លោក​ឌុយទែរតេ​ក្នុង​ខែ​ឧសភា​មក​ដល់​ថ្ងៃ​នេះ មាន​អ្នកជួញដូរ​គ្រឿងញាន​ជាង ១១០នាក់​ត្រូវ​បាន​ប៉ូលិស​សម្លាប់​ចោល។ គឺ​ជា​ទង្វើ​មួយ​ដែល​ក្រុម​អង្គការ​អ្នកការពារសិទ្ធិមនុស្ស និង​ក្រុមអ្នកតំណាងរាស្រ្ត​របស់​បក្ស​ប្រឆាំង​កំពុង​ទាញសញ្ញា​អាសន្ន។ តែ​លោក​ហ្សូហ្សេ កាលីដា មេធាវី​ទទួល​បន្ទុក​កិច្ចការ​តុលាការ​របស់​រដ្ឋាភិបាល​បាន​ចេញ​មុខ​បក​ស្រាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា ការ​ស្លាប់​ពួក​ជួញដូរ​គ្រឿងញាន​ពី​សំណាក់​កម្លាំង​ប៉ូលិស​ជា​រឿង​ស្របច្បាប់ ព្រម​ទាំង​ជួយ​គាំទ្រ​កម្លាំង​ប៉ូលិស​ឲ្យ​បន្ត​យុទ្ធនាការ​សម្លាប់​ត​ទៅ​ទៀត និង​ឲ្យ​បាន​ច្រើន​ជាង​នេះ។

លោក​កាលីដា​បាន​យល់​ឃើញ​ថា សម្លាប់​ពួក​ជួញដូរ​គ្រឿង​បាន​ជាង ១១០នាក់​នៅ​មាន​កម្រិត​តិចតួច​ខ្លាំង​ណាស់ ព្រោះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​សព្វថ្ងៃ មាន​អ្នកជួញដូរគ្រឿងញាន និង​អ្នកប្រើប្រាស់​គ្រឿងញាន​ច្រើន​ណាស់។ យោង​តាម​លោក​កាលីដា មាន​ភូមិ ឬ​ស្រុក​ខ្លះ​កំពុង​ក្លាយ​ជា​ទីកន្លែង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញាន​តែ​ម្តង។ សូម​ជម្រាប​ជូន​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ដែល​ទើប​ចូល​កាន់​តំណែង​ធ្លាប់​បាន​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា នឹង​ចាត់​វិធានការ​ចាស់ដៃ​បង្រ្កាប​ពួកជួញដូរគ្រឿង​ញាន​ដើម្បី​រារាំង​ហ្វីលីពីន​កុំ​ក្លាយ​ជា​រដ្ឋ​ជួញដូរគ្រឿងញាន។

ក៏​ប៉ុន្តែ វិធានការ​ចាស់ដៃ​របស់​លោក​ឌុយទែរតេ​កំពុង​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​ឥស្សរជន​នយោបាយ​មួយ​ចំនួន ពិសេស​ពួក​គណបក្សប្រឆាំង។ លោក​ហ្សូហ្សេ ម៉ានុយអែល ឌីយ៉ូណូ មេធាវី​សិទ្ធិមនុស្ស​បាន​ចោទ​លោក​ឌុយទែរតេ​ពី​បទ​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ហិង្សា​ប្រកប​ដោយ​អាណាធិបតេយ្យ និង​បង្កើត​រដ្ឋ​មួយ​ដែល​គ្មាន​ចៅក្រម។ ចំណែក​អតីត​អ្នកព្រឹទ្ធសភា​ហ្វីលីពីន​ម្នាក់​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចោទ​ជា​សំណួរ​ថា តើ​មុន​នឹង​សម្លាប់​អ្នកជួញដូរ​គ្រឿងញាន​ណា​ម្នាក់ ប៉ូលិស​មាន​បើក​ការ​ស៊ើបអង្កេត និង​គោរព​តាម​និតិវិធី​ច្បាប់​ត្រឹមត្រូវ​ដែរ ឬ​ទេ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ