អានតួអត្ថបទ
កម្ពុជា-ភូមា

ទារុណកម្ម​លើ​កុមារ​កម្ពុជា​ត្រូវ​កាសែត​បរទេស​ចុះផ្សាយ​ថា ជា​ទារុណកម្ម​លើ​កុមារ​រ៉ូហ៊ីងយ៉ា

ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស នៅ​សប្តាហ៍​នេះ​បាន​ចុះផ្សាយ​យ៉ាងព្រោងព្រាត​រូបភាព​វីដេអូ​កុមារ​ម្នាក់ ដែល​រង​ការបៀតបៀន ធ្វើ​ទារុណកម្ម​ពី​មនុស្ស​ធំ។ ព័ត៌មាន ទាំង​ភាសា​អង់គ្លេស និង​អារ៉ាប់ ដែល​បាន​ដកស្រង់​វីដេអូ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​នាំ​គ្នា​សរសេរ​ថា កុមារ​ដែល​រង​ទារុណកម្ម គឺ​ជា​កុមារ​រ៉ូហ៊ីងយ៉ា​ដែល​រងការធ្វើទុក្ខ​បុកម្នេញ​ពី​ជនជាតិ​ភូមា កាន់​ពុទ្ធសាសនា។ ប៉ុន្តែ តាមពិត ជាក់ស្តែង កុមារ​ដែល​រង​ទារុណកម្ម គឺជា​កុមារ​ដែល​រស់នៅ ខេត្ត​មណ្ឌលគិរី ចំណែក​បុរស​ចិត្តអប្រិយ​ធ្វើ​បាប​ក្មេង គឺ​ជា​ជនជាតិ​វៀតណាម ដែល​ត្រូវ​អាជ្ញាធរ​កំពុង​ឃាត់ខ្លួន ក្នុង​ទឹកដី​វៀតណាម។ 

រូបភាព​ដកស្រង់​ចេញពី​វីដេអូ​ដែលបុរស​ជាតិ​វៀតណាម​ឆក់​ និង​ព្យាយាម​ញាត់​អ្វីមួយ​ចូល​មាត់​កុមារ​តូច នៅ​ខេត្ត​មណ្ឌលគីរី
រូបភាព​ដកស្រង់​ចេញពី​វីដេអូ​ដែលបុរស​ជាតិ​វៀតណាម​ឆក់​ និង​ព្យាយាម​ញាត់​អ្វីមួយ​ចូល​មាត់​កុមារ​តូច នៅ​ខេត្ត​មណ្ឌលគីរី ©Fr24
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃ​អង្គារ​មក រូបភាព​វីដេអូ បុរស​ធ្វើ​បាប​រូបរាង​កាយ​កុមារ​តូច ដែល​យំ​ស្រែក ឈឺចាប់​ដោយសារ​ភ្លើងឆក់ ត្រូវ​បាន​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស និង​អ្នកប្រើប្រាស់​អ៊ីនធ័រនែត យក​មក​អត្ថាធិប្បាយ រិះគន់ និង​សំដែង​ការខឹង​សម្បារ​ចំពោះ​ជនពាល​ដែល​ធ្វើ​បាន​ធ្វើ​បាប​កូនក្មេង​យ៉ាងព្រៃផ្សៃ។ វិបសៃតិ៍​អង់គ្លេស​Daily mail របស់​អង់គ្លេស ដែល​ជំនាញ​ខាង​ផលិត​រឿង​រសើប រឿង​ជីវិតផ្ទាល់ខ្លួន បាន​ចុះផ្សាយ​មុនគេ ដោយ​ថា កុមារ​ដែល​គេ​ធ្វើ​ទារុណកម្ម នៅក្នុង​រូបភាព​វីដេអូ​នោះ គឺ​ជា​កុមារ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

 
វិបសៃតិ៍​ភាសា​អារ៉ាប់ ដូចជា​វិបសៃតិ៍​ហ្សកដានី​ជាដើម បាន​ចុះផ្សាយ បន្ត និង​បញ្ជាក់​ថា កុមារ​ដែលយំស្រែក ដោយសារ​គេធ្វើ​បាប​រាងកាយ ប្រាកដ ជាតិ​រ៉ូហ៊ីងយ៉ា នៅ​ប្រទេស​ភូមា។ អ្នកប្រើប្រាស់​អ៊ីនធ័រនែត​អារ៉ាប់ ជាច្រើន​រហូត​សរសេរ ដោយ​ការខឹងសម្បារថា ក្រុម​អង្គការ​ការពារ​សិទ្ធិ​កុមារ​អន្តរជាតិ ជួយ​តែ​កុមារ​ដែល​មិន​កាន់​សាសនា​អ៊ីស្លាម។ ដល់​ពេល​ដែល ក្មេងប្រុស ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​មក​ពី​សហគមន៍​កាន់​សាសនា​អ៊ីស្លាម ត្រូវគេ​ធ្វើបាប អង្គការ​ការពារ​សិទ្ធិ​កុមារ​ទាំងនោះ បិទភ្នែក មិន​ជួយអ្វីសោះ។

ការចុះផ្សាយ​របស់​វិបសៃតិ៍​អារ៉ាប់ គឺ​ជា​យល់ខុស​ស្រឡះ។ តាម វិបសៃតិ៍ ផ្ទៀងផ្ទាត់​ព័ត៌មាន​អារ៉ាប៊ី សាអូឌីត ដែល​បាន​ដកស្រង់​កាសែត​ភាសា​អង់គ្លេស The Cambodia Daily ចុះផ្សាយ កាលពី​ថ្ងៃពុធ រូបភាព​កុមារ​ដែល​គេ​ឆក់​នឹង​ភ្លើង តាមពិត​ថត​នៅ​ប្រទេស​កម្ពុជា។ កុមារ​ដែល​រងទារុណកម្ម មាន​អាយុ ២ឆ្នាំ នៅ​ខេត្ត​មណ្ឌលគីរី គឺ​មិនមែន​ជា​កុមារ​ជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមា​នោះទេ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ AFP បុរស​អប្រិយ​ដែល​ធ្វើបាប​រាងកាយ​កុមារ​តូច គឺ​ជា​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃាត់ខ្លួន នៅក្នុង​ទឹកដី​វៀតណាម កាលពី​ថ្ងៃ​ពុធ។ តាម​កាសែត​រដ្ឋ​វៀតណាម ឧក្រិដ្ឋជន​រូបនេះ​បាន​និយាយ​សារភាព​ថា គេ​ប្រព្រឹត្តដូច្នេះ ដោយសារ​តែខ្លួនគេ​បាន​រងថ្នាំញៀន។ សូមបញ្ជាក់ថា តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​៣នាក់ ដែល​ក្នុង​នោះ ម្នាក់​ជា​ជនជាតិ​ហូឡង់ និង​ជា​ម្ចាស់​ចំការ​នៅ​មណ្ឌលគិរី ដែល​ម្តាយ​ក្មេងតូច​ធ្វើការ។ នៅក្រោយ​ការចុះផ្សាយ​ដំណឹងនេះ Daily Mail​បាន​ដក​អត្ថបទ​ព័ត៌មាន​របស់ខ្លួន​ចេញ​ពី​វិបសៃតិ៍ ជា​បន្ទាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

នៅភូមាវិញ រដ្ឋាភិបាល​ភូមា​បាន​បដិសេធ​ថា មិន​បានធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដូចដែល​គេបាន​ចោទប្រកាន់​នោះទេ។ ដោយ​លើក​យក​ករណី ការចុះផ្សាយ ដោយ​ភ័ន្តច្រលំ លើកនេះ អាជ្ញាធរ​ភូមា​បាន​បរិហារ រិះគន់​កាសែត​បរទេស ជាពិសេស កាសែត​អង់គ្លេស ថា បាន​ធ្វើ​បុរេវិនិច្ឆ័យ ចុះផ្សាយ​ព័ត៌មាន​មិនពិត ដើម្បី​សម្អុយ ធ្វើ​ឲ្យ​ខូចមុខមាត់​រដ្ឋាភិបាល​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ