អាមេរិកនឹងពង្រាយយន្តហោះដ្រូនមីស៊ីលនៅកូរ៉េខាងត្បូង
បន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលនៅកូរ៉េខាងត្បូង ដែលបានបញ្ឆេះកំហឹងប៉េកាំងយ៉ាងខ្លាំងមក នៅយប់មិញ សហរដ្ឋអាមេរិកបានប្រកាសថានឹងដាក់ពង្រាយដ្រូនមីស៊ីល Gray Eagle MQ-1C នៅកូរ៉េខាងត្បូងទៀត។ គម្រោងបំពាក់ដ្រូនឱ្យកងពលថ្មើរជើងនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃការព្រួយបារម្ភកាន់តែខ្លាំងឡើងៗចំពោះការគំរាមកំហែងមីស៊ីលនិងនុយក្លេអ៊ែរកូរ៉េខាងជើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្ទីរប៉ង់តាហ្គោន បានលម្អិតបញ្ជាក់ថា ការដាក់ពង្រាយដ្រូនមីស៊ីល ស្ថិតក្នុងក្របខ័ណ្ឌនៃការពង្រឹងជាទូទៅ សមត្ថភាពដ្រូនរបស់យោធាអាមេរិក នៃកងពលជើងគោក នៅគ្រប់ទិសទី លើពិភពលោក។ ការបញ្ជូនដ្រូនទៅកូរ៉េខាងត្បូង មិនជាករណីដាច់ដោយឡែកតែមួយគត់ឡើយ ! នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jeff Davis។
នៅថ្ងៃខាងមុខ គ្រប់កងពលទ័ពថ្មើរជើងអាមេរិកនឹងត្រូវមានរាប់ឃើញកងពលដ្រូនមួយក្រុមផង។ ដ្រូនGray Eagle MQ-1C ជាប្រភេទដ្រូនប្រមាញ់ដ៏ល្បីល្បាញរបស់អាំមេរិក មានបំពាក់ទៅដោយប្រដាប់ចាប់សញ្ញាជាច្រើន និងអាចផ្ទុកមីស៊ីលដល់ទៅបួនគ្រាប់ដែលអាចបាញ់ចំទិសដៅនៅលើដីបាន។
កងពលដ្រូនមានកម្លាំង១២៨នាក់ តែចំនួនដ្រូនបញ្ជាពីចម្ងាយមិនត្រូវបានប្រកាសឱ្យដឹងឡើយ។ បើតាមក្បួន មួយកងៗអាចមានដ្រូនចំនួនប្រមាណ១២គ្រឿង ប៉ុន្តែមូលដ្ឋានយោធាអាមេរិកនៅកូរ៉េខាងត្បូងដែលមានកម្លាំងទ័ពឈរជើងប្រចាំការចំនួន ប្រមាណ ២៨០០០នាក់ អាចមានដ្រូនតែប្រមាណពី ពីរទៅបីគ្រឿងប៉ុណ្ណោះ។ ដ្រូនទាំងនោះនឹងបញ្ជូនទៅនៅដើមឆ្នាំក្រោយ។
ថ្វីដ្បិតតែ ការបំពាក់ដ្រូនឱ្យកងពលថ្មើរជើងអាមេរិក ជាចំណែកមួយនៃការពង្រឹងសមត្ថភាពយោធាអាមេរិកជាទូទៅក្តី តែជម្រើសបញ្ជូនទៅបំពាក់ក្នុងទឹកដីកូរ៉េខាងត្បូង ដ៏ឆាប់ៗនេះ ជាយុទ្ធសាស្រ្តមួយរបស់អាមេរិក ដែលព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះកម្មវិធីមីស៊ីលប៉ាលីស្ទិកនិងនុយក្លេអ៊ែរកូរ៉េខាងជើង។
នៅឆ្នាំ២០១៦ ព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរពីរលើក និងបានបាញ់មីស៊ីលជាបន្តបន្ទាប់ នៅឆ្នាំនេះ ដែលបញ្ជាក់ថាកូរ៉េខាងជើងបានអភិវឌ្ឍន៍យ៉ាងលឿនរហ័សក្នុងកម្មវត្ថុមានអាវុធនុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ