អានតួអត្ថបទ

ចិនបន្ទន់​ឥរិយាបថ​ នៅ​ចំពោះ​មុខ​ភាព​តាន​តឹង​ក្នុង​ឧបទ្វីប​កូរ៉េ

​បន្ធូរ​បន្ថយ​សម្ពាធ​នៅក្នុង​ឧបទ្វីប​កូរ៉េ ជា​មហិច្ឆតា​របស់​ប៉េកាំង ! ​តាម​រយៈ​សំឡេង​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស ចិន​បាន​អំពាវនាវ​ នៅ​ថ្ងៃពុធ​ទី ៨ មីនា​នេះ ឱ្យ​កូរ៉េខាង​ជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​ការ​បាញ់​មីស៊ីល ហើយ​ទន្ទឹម​គ្នា​នេះ​ ចិន ក៏​បាន​ស្នើ​ឱ្យ​អាមេរិក និង​ កូរ៉េខាង​ត្បូង បញ្ឈប់​សមយុទ្ធ​យោធា។

រដ្ឋមន្ត្រីការបរទេស​ចិន លោក វង់ យី ថ្ងៃទី ៨ មីនា ២០១៧
រដ្ឋមន្ត្រីការបរទេស​ចិន លោក វង់ យី ថ្ងៃទី ៨ មីនា ២០១៧ REUTERS
ផ្សាយពាណិជ្ជកម្ម

ម្ខាង​ត្រូវ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​ការ​បាញ់​មីស៊ីល ម្ខាង​ទៀត​ត្រូវ​បញ្ឈប់​សមយុទ្ធយោធា ! មាន​តែ​​ការ​ដោះដូរ​គ្នាបែប​នេះ​ទេ​ ដែល​អាច​នាំ​គ្រប់​ភាគី​ឱ្យ​ចូល​តុ​ចរចាបាន។ នេះ​ជា​ការ​ពន្យល់​របស់​លោក​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi ​ ​ក្នុង​អត្ថន័យ​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​នៅ​ក្នុង​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ​សំណើរបស់​ចិន ទំនង​ជា​មិន​បាន​ភាគី​បក្សដិបក្ស​ទាំង​ពីរ​ធ្វើ​ឮទេ។ កាលពី​ខែ​មករា​២០១៥ កូរ៉េខាង​ជើង ធ្លាប់​បានទាមទារ​ឱ្យ​អាមេរិក​និ​ងកូរ៉េខាង​ត្បូង​បញ្ឈប់​សកម្មភាព​ធ្វើ​សមយុទ្ធ​ជា​ថ្នូរ​នឹង​ការ​ផ្អាកកម្មវិធី​នុយក្លេអ៊ែរ តែ​វ៉ាស៊ីនតោន​និង​សេអ៊ូល​បដិសេធ។

សូម​បញ្ជាក់​ថា ភាព​តាន​តឹងក្នុង​ឧបទ្វីប​​បាន​ឡើង​សម្ពាធ​ខ្លាំង ក្រោយ​ពី​កូរ៉េខាង​ជើង​បាន​បាញ់​​​​មីស៊ីល បួន​គ្រាប់ ​ក្នុង​នោះ​មានបី​គ្រាប់​បាន​ធ្លាក់ក្នុង​ដែន​ទឹក​ជប៉ុន កាល​ពី​ថ្ងៃ​ចន្ទ​ទី ៦ មីនា។ ជា​ចម្លើយ​តប សហរដ្ឋ​អាមេរិក​​បាន​ដំឡើង​និង​ពង្រាយ​ខែ​ល​មីស៊ីល​​ប្រឆាំង​មីស៊ីល​Thaad នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។ ខែល​មីស៊ីល​ដែល​សម្រាប់​ប៉េកាំង គឺជា​​តំណាង​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​​ចិន និង​តំបន់។

ចំណែក​អង្គការ​សហប្រជាជាតិ ដែល​បាន​ប្រកាស​ថ្កោល​ទោស​កូរ៉េខាង​ជើង​ភ្លាម ចំពោះ​ទង្វើ​រំលោភបំពាន​​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់ តាម​សំណើ​របស់​អាមេរិក​និង​ជប៉ុន​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ប្រឈម​មុខ​នឹង​ស្ថានភាព​បែប​នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Rex Tillerson ក៏នឹងធ្វើដំណើរទៅ​កូរ៉េខាងត្បូង ជប៉ុន និងចិន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ ដំណើរទស្សនកិច្ច នឹង​ប្រព្រឹត្តទៅ ពី​ថ្ងៃទី​១៥ ដល់ថ្ងៃទី១៩ ខែមីនា ដើម្បី​ជជែក​គ្នា​ជាមួយ​នឹង​ប្រទេស​ទាំង​នោះ ​ក្រោយ​​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ