អូស្រា្តលីកម្ចាត់ទាន់ពេល គម្រោងធ្វើភេរវកម្មបំផ្ទុះយន្តហោះ
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកម៉ាល់ខុម ធើនប៊ុល នៅថ្ងៃអាទិត្យនេះ បានប្រកាសថា ប៉ូលិសអូស្ត្រាលីបានទប់ស្កាត់ទាន់ពេលវេលា គម្រោងផែនការធ្វើភេរវកម្ម បំផ្ទុះយន្តហោះ។ នៅយប់ថ្ងៃសៅរ៍ ម្សិលមិញ មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងស៊ីដនី នៅក្នុងប្រតិបត្តិការបង្រ្កាបរបស់ប៉ូលិសប្រឆាំងភេរវកម្ម អូស្រ្តាលី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
នៅក្នុងសន្និសីទកាសែត នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីអូស្ត្រាលីបាននិយាយថា ប៉ូលិសអូស្ត្រាលីបានកម្ចាត់ទាន់ពេលវេលា គម្រោងការធ្វើភេរវកម្មបំផ្ទុះយន្តហោះដឹកអ្នកដំណើរ នៅអូស្ត្រាលី។ អាជ្ញាធរអូស្ត្រាលីមិនបានបញ្ជាក់ទេថា តើគម្រោងធ្វើភេរវកម្ម សំដៅយន្តហោះដឹកអ្នកដំណើរក្នុងស្រុក ឬជើងហោះហើរ អន្តរជាតិ។ ប៉ុន្តែ កាសែតប្រចាំថ្ងៃរបស់អូស្រា្តលី Daily Telegraph បានសរសេរ ថា គម្រោងការធ្វើភេរវកម្មសំដៅយន្តហោះ ដឹកអ្នកដំណើរក្នុងស្រុក។
នៅថ្ងៃសៅរ៍ ប៉ូលិសអូស្ត្រាលី បានចុះឆែកឆេរ និងចាប់បានមនុស្ស៤នាក់ ដែលប៉ូលិសសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងគម្រោងការធ្វើភេរវកម្មប្រឆាំងយន្តហោះ។ នៅថ្ងៃអាទិត្យ សន្តិសុខត្រូវបានពង្រឹងខ្លាំង នៅតាមព្រលានយន្តហោះធំៗ និងជាពិសេស នៅចំណតយន្តហោះ។
នៅប៉ុន្មានថ្ងៃនេះ ការស៊ើបអង្កេត ហើយនិងការចាប់ខ្លួនមនុស្សមួយចំនួន បានជួយឲ្យប៉ូលិសជឿថា មានមនុស្សកំពុងរៀបចំផែនការ ផលិតគ្រឿងផ្ទុះ នៅទីក្រុង ស៊ីដនី។ តាមទូរទស្សន៍អូស្រ្តាលី ABC នៅក្នុងប្រតិបត្តិការ ចុះឆែកឆេរ នៅថ្ងៃសៅរ៍ ប៉ូលិសបានរកឃើញវត្ថុតាង ដែលគេនឹងអាចប្រើសម្រាប់ផលិតគ្រឿងផ្ទុះ។ ប៉ូលិសជឿថា ជនសង្ស័យ គ្រោងផលិតគ្រឿងផ្ទុះ ដែលគេនឹងលួចដាក់ ទៅក្នុងយន្តហោះ មុននឹងចុចបំផ្ទុះយន្តហោះ។
សម្រាប់ប្រមុខរដ្ឋាភិបាលអូស្ត្រាលី ការគំរាមកំហែងភេរវកម្ម មានពិតៗ នៅអូស្ត្រាលី។ នាយករដ្ឋមន្រ្តីអូស្ត្រាលី ជឿដែរថា គម្រោងធ្វើភេរវកម្មអាចជាស្នាដៃ រៀបចំ ឡើងដោយភេរវជនទោល តែប៉ុណ្ណោះ។ អូស្រ្តាលី ដែលចូលរួមនៅក្នុងប្រតិបត្តិការរបស់សម្ព័ន្ធអន្តរជាតិ ប្រឆាំងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងអ៊ីរ៉ាក់ មានជនជាតិរបស់ខ្លួន ជាង ១០០នាក់ បានទៅចូលរួមប្រយុទ្ធ កៀកស្មាជាមួយក្រុមជីហាតនៅស៊ីរី។ រដ្ឋាភិបាលអូស្ត្រាលី ដែលបារម្ភថា ក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម ទាំងនេះ អាចត្រលប់ចូល មកវិញ មកធ្វើភេរវកម្មនៅទឹកដីអូស្ត្រាលី បានប្រកាសពង្រឹងសន្តិសុខ កម្រិតខ្ពស់ នៅទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ