អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​រង​ការរិះគន់ នៅ​ថ្ងៃ​ប្រារព្ធ​ខួប ៧២​ឆ្នាំ នៃការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ លើ​ណាកាសាគី

ប្រជាជន​ជប៉ុន នៅ​ថ្ងៃ​ពុធ នេះ​ប្រារព្ធ​ខួប ៧២​ឆ្នាំ នៃ​ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ ទៅ​លើ​ទីក្រុង​ណាកាសាគី។ ពិធី​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ជប៉ុន ដែល​ស្លាប់ ដោយសារ​គ្រាប់បែក​នុយក្លេអ៊ែរ អាមេរិក ធ្វើឡើង នៅ​ចំ​ពេល​ដែល​អាមេរិក និង​កូរ៉េខាងជើង កំពុង​តានតឹង និង​គំរាមដាក់​គ្នា ដោយសារ​តែ​រឿង​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ចៅហ្វាយក្រុង​ណាកាសាគី​វិញ បាន​ទាមទារ ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ប្រឹង​រូតរះ ចូលរួម នៅក្នុង​សន្ធិសញ្ញា របស់​អង្គការ​សហប្រជាជាតិ ដែល​ហាមឃាត់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។

ប្រជាជន​ជប៉ុន នៅ​ណាកាសាគី​រំលឹក​ខួប​៧២​ឆ្នាំ ដែល​ទីក្រុង​រងសោកនាដកម្ម ដោយសារ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​របស់​អាមេរិក នៅថ្ងៃទី ៩​សីហា ១៩៤៥
ប្រជាជន​ជប៉ុន នៅ​ណាកាសាគី​រំលឹក​ខួប​៧២​ឆ្នាំ ដែល​ទីក្រុង​រងសោកនាដកម្ម ដោយសារ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​របស់​អាមេរិក នៅថ្ងៃទី ៩​សីហា ១៩៤៥ ©Reutersin this photo taken by Kyodo
ផ្សាយពាណិជ្ជកម្ម

ការប្រារព្ធ​ខួប​លើក​ទី ៧២ នៃការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ក្រុង​ណាកាសាគី កត់សំគាល់ ដោយ សារ​ដាក់​សម្ពាធ ទៅ​លើ​រដ្ឋាភិបាល​ជប៉ុន។ លោកចៅហ្វាយ​ក្រុង តូមីហីសា តាវអូ នៅថ្ងៃនេះ បាន​ប្រើ​ពាក្យ​ខ្លាំង រិះគន់​រដ្ឋាភិបាល​របស់​លោក​ស៊្ហីនហ្សូ អាបេ ដែល​បើតាមលោក បាន​អវត្តមាន មិនចូលរួម នៅក្នុង​សន្ធិសញ្ញា ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ របស់​អង្គការ​សហប្រជាជាតិ។

 

នៅដើម​ខែកក្កដា​នេះ ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ចំនួន ១២២ បាន​បោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ ប៉ុន្តែ ជប៉ុន ក៏ដូចជា ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ អាមេរិក រុស្ស៊ី ចិន បារាំង អ៊ីស្រាអែល និង​កូរ៉េខាងជើង បាន​ធ្វើ​ពហិការ មិន​ចូលរួម នៅក្នុង​ការចរចា​របស់​អង្គការ​សហប្រជាជាតិ។

 

“សម្រាប់​ប្រជាជន ណាកាសាគី ដែល​ធ្លាប់ រងគ្រោះ ឈឺចាប់ ដោយសារ​គ្រាប់បែក​បរិមាណូ គេ​មិនអាច​យល់​បាន​ទាល់តែសោះ ពី​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​សព្វថ្ងៃ។ នេះ​ជាការថ្លែង​របស់​ចៅហ្វាយ​ក្រុង​ណាកាសាគី ដែល​បាន​អំពាវនាវ​ផងដែរ ឲ្យ​រដ្ឋាភិបាល​ជប៉ុន ផ្លាស់ប្តូរ​នយោបាយ លែង​ពឹងផ្អែក រស់​ឆ័ត្រ​ការពារ​នុយក្លេអ៊ែរ​របស់​អាមេរិក​តទៅទៀត។

ពិធី​បុណ្យ​រំលឹក​ខួប​លើក​ទី ៧២​នៃ​ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក កើតមាន​នៅ​ចំពេល​ដែល​ជប៉ុន និង​អាមេរិក​កំពុង​បារម្ភ​ភ័យខ្លាច​ដោយសារ​ការគំរាមកំហែង​ប្រើ​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ នៅក្នុង​ស្ថានភាព​តានតឹង​បែបនេះ ចៅហ្វាយក្រុង​ណាកាសាគី បានអំពាវនាវ​សុំ​ឲ្យ​ក្រុង​ណាកាសាគី ត្រឹម​ជា​ក្រុង​ចុងក្រោយ ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែក​នុយក្លេអ៊ែរ។

 

មាន​វត្តមាន ក្នុង​ពិធី​បុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ណាកាសាគី នៅថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ មិន​បាន​និយាយ​ដល់​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ ដែល​ចៅហ្វាយ​ក្រុង​ណាកាសាគី បាន​លើកឡើង​នោះទេ។ ផ្ទុយទៅវិញ លោក​បាន​អះអាង​ថា ជប៉ុន​ប្តេជ្ញា ដើរ​តួនាទី នៅ​ជួរ​មុខ​គេ ធ្វើការ​ជាមួយ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ និង​ប្រទេស​គ្មាន​នុយក្លេអ៊ែរ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

 

នៅ​ថ្ងៃ​ពុធនេះ នៅ​វេលា ម៉ោង ១១ និង​២នាទី ស្នូរ​ជួង បន្ទរ​លឺ គ្រប់​កន្លែង ក្នុង​ក្រុង ណាកាសាគី ភាគ​និរតី​ប្រទេស​ជប៉ុន។ កាលពី​៧២​ឆ្នាំមុន គឺ​នៅ​ម៉ោងនេះ នាទីនេះ នៅ​ថ្ងៃ​ទី ៩​សីហា ឆ្នាំ ១៩៤៥ ដែល​យន្តហោះ​អាមេរិកាំង​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ សម្លាប់​ជនជាតិ​ជប៉ុន ៧ម៉ឺន ៤នាក់ នៅ​ណាកាសាគី ពោល​គឺ​នៅបីថ្ងៃ​ក្រោយ យន្តហោះ​អាមេរិកាំង ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ សម្លាប់​មនុស្ស ១សែន ៤ម៉ឺននាក់ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា។ ជប៉ុន​ជា​ប្រទេស​តែមួយ លើលោក ដែល​រងគ្រោះ បាត់បង់​ជីវិត​មនុស្ស ដោយសារ​គ្រាប់បែក​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ