ចិនចោទនាវាចម្បាំងអាមេរិក USS Hopper ពីបទរំលោភបំពានលើអធិបតេយ្យរបស់ចិន
នៅថ្ងៃសៅរ៍ ទី២០ មករា ប្រទេសចិនតាមរយៈក្រសួងការបរទេសបានប្រកាសឲ្យដឹងពីការបញ្ជូននាវាចម្បាំងមួយទៅបណ្តេញនាវាចម្បាំងអាមេរិក USS Hopper ដែលបានបរចូលក្បែរកោះមួយស្ថិតក្នុងសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងដែលបានចោទនាវាចម្បាំងអាមេរិកពីបទចូលបំពានអធិបតេយ្យរបស់ចិនបានបញ្ជាក់ថា វត្តមាននាវាចម្បាំង USS Hopper ស្ថិតមិនឆ្ងាយប៉ុន្មានពីថ្មប៉ប្រះទឹកឈ្មោះ Huangyan ជាភាសាចិនក្នុងយប់ថ្ងៃទី១៧ មករាដោយមិនបានជូនដំណឹងដល់រដ្ឋអំណាចចិនទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៤
ក្រៅពីឈ្មោះជាភាសាចិន Huangyan ថ្មប៉ប្រះទឹកមួយនេះក៏គេបានស្គាល់ក្រោមឈ្មោះ Scarborough ស្ថិតចម្ងាយ ២៣០គីឡូម៉ែត្រពីប្រទេសហ្វីលីពីន និងដែលចិន តៃវ៉ាន់ រួមទាំងហ្វីលីពីនកំពុងបន្តទាមទារជារបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកលូ កាងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា វត្តមាននាវាចម្បាំងអាមេរិកាំងនៅក្នុងតំបន់ជាការរំលោភបំពានលើអធិបតេយ្យ និងគំរាមកហែងសន្តិសុខលើនាវារបស់ចិនដែលស្ថិតក្បែរថ្មប៉ប្រះទឹកនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិនដដែល ក្រសួងការពារជាតិចិនបានប្រាប់ឲ្យដឹងពីការបញ្ជូននាវាចម្បាំងចិនភ្លាមៗទៅកាន់តំបន់នោះដើម្បីផ្ទៀងផ្ទាត់ និងរកអត្តសញ្ញាណ រួចធ្វើការព្រមានបណ្តេញនាវាច្បាំងអាមេរិកាំងនោះចេញពីតំបន់។ ដោយឡែក គេហទំព័រនៃទ័ពជើងទឹកអាមេរិកបានប្រាប់ឲ្យដឹងថា នាវាចម្បាំង USS Hopper បានធ្វើដំណើរទៅកាន់តំបន់ប្រតិបត្តិការនៃកងពលទី៧ និងបន្ថែមថានាដើមខែមករានេះ បេសកកម្មរបស់ USS Hopper ទាក់ទងនឹងកិច្ចសប្រតិបត្តិការផ្នែកសន្តិសុខ ការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងការល្បាតជាប្រចាំនៅក្នុងតំបន់។
ព័ត៌មានស្តីពីឧប្បត្តិហេតុនេះបានកើតមានឡើង បន្ទាប់ពីក្រសួងការពារជាតិអាមេរិកទើបបានផ្សព្វផ្សាយឯកសារមួយនាថ្ងៃសុក្រ ទី ១៩ មករានូវយុទ្ធសាស្រ្តថ្មីមួយដោយបានចាត់ទុកចិន និងរុស្ស៊ីជាប្រទេសគំរាមកំហែងកាន់តែខ្លាំង។ ឯកសាររបស់ក្រសួងការពារជាតិអាមេរិកដដែលបានចោទចិនត្រង់ៗពីបទប្រើតាក់ទិចសេដ្ឋកិច្ចដើម្បីបំភិតបំភ័យលើប្រទេសជិតខាងខ្លួនក្នុងគោលដៅពង្រីកមហិច្ឆតាយោធានៅក្នុងតំបន់។
ក្រសួងការពារជាតិចិនបានច្រានចោលលើព័ត៌មាននេះ និងឆ្លើយបកវិញថា ស្ថានការណ៍នៅក្នុងសមុទ្រចិនខាងត្បូងមានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ រួចចង្អុលមុខអាមេរិកពីបទបានបញ្ជូននាវាចម្បាំងដោយខុសច្បាប់ទៅកាន់ដែនទឹកក្បែរទីប្រជុំកោះ និងថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ