អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

ចិន​ទាត់ចោល​របាយការណ៍​ចោទ​ប្រកាន់​របស់​អាមេរិក

ចិន​ទំនង​ចង់​បង្កើត​មូលដ្ឋាន​ទ័ព​របស់ខ្លួន នៅក្នុង​ទឹកដី​ប៉ាគីស្ថាន។ នេះ​បើតាម​របាយការណ៍​របស់​មន្ទីរបញ្ចកោន ចេញផ្សាយ​នៅ​​ថ្ងៃ​អង្គារ​ទី ៦​មិថុនា។ នៅថ្ងៃ​ពុធ​ទី ៧​មិថុនា ទីក្រុង​ប៉េកាំង​បាន​វាយបក​វិញ ទាត់ចោល​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា កំពុង​ពង្រីក​កម្លាំង​យោធា​របស់​ខ្លួន នៅក្នុង​ពិភពលោក។

កងទ័ព​ចិន​ព្យុហយាត្រា​នៅ​ខួប​ទី​៦០នៃ​ការប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន
កងទ័ព​ចិន​ព្យុហយាត្រា​នៅ​ខួប​ទី​៦០នៃ​ការប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចាត់ទុក​របាយការណ៍​ប្រចាំ​ឆ្នាំ របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ធ្វើឡើង​ដោយ​គ្មាន​ការទទួល​ខុសត្រូវ និង​ជាមួយ​ព័ត៌មាន​មិនពិត។ តាម​របាយការណ៍​ប្រចាំឆ្នាំ របស់​មន្ទីរបញ្ចកោន ចេញផ្សាយ​នៅថ្ងៃ​អង្គារ ប្រទេស​ចិន​កំពុង​បង្កើន​វត្តមាន​ទ័ព​របស់ខ្លួន នៅក្នុង​ពិភពលោក តាមរយៈ ការសាងសង់​មូលដ្ឋាន​ទ័ព​ នៅ​ទឹកដី​បរទេស នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ចិន​រាប់​ជា​មិត្ត និង​ដែល​ចិន​កំពុង​មាន​ទំនាក់ទំនង​សេដ្ខកិច្ច ដូចជា​ប្រទេស​ប៉ាគីស្ថាន​ជាដើម ដែល​មាន​យុទ្ធសាស្រ្ត​យោធា​ស្រដៀង​ចិន។

 
ចិន​មិន​កំពុង​រៀបចំ​ផែនការ​ពង្រីក​ដែនយោធា និង​ដែន​ឥទ្ធិពល​របស់ខ្លួន​ឡើយ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ចិន។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន លោកស្រី​ហួ ឈុនយីង បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​ប្រឆាំង​ដាច់ខាត​នឹង​ខ្លឹមសារ​ចុះផ្សាយ​របស់​របាយការណ៍​អាមេរិក និង​ថា កិច្ចសហការ​ជា​មិត្តភាព​រវាង​ចិន និង​ប៉ាគីស្ថាន គឺ​មិន​បាន​សំដៅ​ដល់​បុគ្គល​ទី​៣​នោះទេ។

សូមបញ្ជាក់ថា នៅក្នុង​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​របស់​ចិន ដែល​មាន​ឈ្មោះថា ខ្សែក្រវ៉ាត់ និង​ផ្លូវ ចិន​និង​ប៉ាគីស្ថាន​កំពុង​រួមគ្នា​សង់​តំបន់​សេដ្ឋកិច្ច ដែលជា​ស្ពាន​តភ្ជាប់​រវាង​ភាគពាយ័ព្យ​របស់​ចិន​ទៅ​សមុទ្រ​អារ៉ាប់។ ឥណ្ឌា​បាន​បញ្ចេញ​សំឡេង​មិនពេញ​ចិត្ត ព្រោះថា ផ្លូវ​ដែល​ចិន និង​ប៉ាគីស្ថាន​កំពុង​គ្រោង​បង្កើតឡើង ត្រូវ​ឆ្លងកាត់​តំបន់ជម្លោះ​កាស្មៀរ ដែល​ឥណ្ឌា​កំពុង​ទាមទារ​ឈ្លោះដណ្តើម​គ្នា​ជាមួយ​ប៉ាគីស្ថាន។

ប៉ាគីស្ថាន​អាច​ជា​ដែនដី​ថ្មីរបស់​ចិន បន្ទាប់​ពី​ជីប៊ូទី ប្រទេស​តូចមួយ នៅ​អាហ្វ្រិក ដែល​ចិន​បាន​ចាប់​សាងសង់​មូលដ្ឋាន​ទ័ព​លើកដំបូង​របស់​ខ្លួន នៅ​ទឹកដី​បរទេស។ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ចិន​បាន​សាងសង់​មូលដ្ឋាន​ទ័ព​បរទេស​នៅ​ជីប៊ូទី គឺ​នៅតែ​ប៉ុន្មាន​គីឡូម៉ែត្រ ពី​មូលដ្ឋាន​ទ័ព​អាមេរិក​ដែល​មាន​រួចហើយ នៅ​ជីប៊ូទី។ ទីក្រុង​ប៉េកាំង​ធ្លាប់​លើកឡើង​ថា កំពង់ផែ​​របស់​ចិន នៅ​ជីប៊ូទី​មិនមែន​ជា​មូលដ្ឋាន​ទ័ព នោះទេ ប៉ុន្តែ ជា​កន្លែង​សម្រាប់​ទទួល​សម្ភារៈ​​យោធា ក្នុង​ក្របខ័ណ្ឌ បេសកកម្ម​របស់​កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាតិ សម្រាប់​ដឹកជញ្ជូន​ជនជាតិ​ចិន ក្នុង​ករណី​មាន​អាសន្ន និង​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ចោរសមុទ្រ នៅ​សូម៉ាលី។

ចិន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​បានពង្រឹង និង​បង្កើន​វត្តមាន​យោធា​របស់ខ្លួន ជាពិសេស នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​ឈ្លោះ​ដណ្តើម​ជាមួយ​ប្រទេស​មួយចំនួន​របស់​អាស៊ាន។ តាម​របាយការណ៍​របស់​ក្រសួងការពារ​ជាតិ​អាមេរិក កោះ​សិប្បនិមិត្ត​ចំនួន​៣​ដែល​ចិន​កំពុង​សង់ និង​បំពាក់សព្វាវុធ នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​ចិន​ដំឡើង​ចប់​សព្វគ្រប់ ទីតាំង​កាំភ្លើង និង​កងទ័ព​របស់​ចិន។ ចិន​ដែល​មាន​កងទ័ព​ច្រើន​ជាងគេ នៅក្នុង​ពិភពលោក​បាន​បង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា រហូត​ដល់​ប្រមាណ ១៨០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០១៦ គឺ​ច្រើន​ជាង​ថវិកា​យោធា ដែល​ប្រកាស​ឡើង​ជាផ្លូវការ ដោយ​ដ្ឋាភិបាល​ចិន ដែល​មាន​ប្រមាណ​តែ ១៤០​ពាន់​លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​របស់​មន្ទីរបញ្ចកោន។ យ៉ាងណាក៏ដោយ ថវិកា​យោធា​របស់​ចិន​នៅ​តិច ឆ្ងាយណាស់​បើប្រៀបធៀប​នឹង​ថវិកា​យោធា​របស់​អាមេរិក​ដែល​មាន​ដល់​ទៅ ៦០០​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ