ទីក្រុងប៉េកាំងបង្ហាញជាលើកទី១ នាវាមុជទឹករបស់ខ្លួន ដើរដោយថាមពលនុយក្លេអ៊ែរ
នៅក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ប្រទេសចិន នៅថ្ងៃអង្គារប្រារព្ធខួប៧០ឆ្នាំនៃកំណើតកងទ័ពជាតិចិន។ ខួបលើកទី៧០ ដែលនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍ ត្រូវកត់សំគាល់ ដោយព្យុហយាត្រាដ៏សំបើមរបស់កងទ័ពជើងទឹកចិន។ ប្រទេសចិនបានអញ្ជើញ ប្រទេសចំនួន ១៣ឲ្យចូលរួមនៅក្នុងក្បួនព្យុហយាត្រា កងទ័ពជើងទឹកចិន ដែលនៅក្នុងនោះ ចិននឹងបង្ហាញ នាវាចម្បាំង ៣២គ្រឿង ហើយនិងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដែលចិនទើបផលិតបានជាលើកទី១។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៦
កងទ័ពជើងទឹកចិន បានទទួលប្រយោជន៍ច្រើន ពីនយោបាយធ្វើទំនើបកម្មកងទ័ព ជាតិ របស់លោកប្រធានាធិបតី ស៊ី ជីនពីង។ ប្រមុខរដ្ឋចិនបានអភិវឌ្ឍន៍ ផលិតគ្រឿងដែក គ្រប់បែបយ៉ាង តាំងពីនាវាចម្បាំង រហូតដល់នាវាដឹកយន្តហោះ ដើម្បីពង្រឹងអំណាច និងការពារប្រយោជន៍របស់ចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ក៏ដូចជាកោះតៃវ៉ាន់។
ថ្លែងនៅមុខ មេបញ្ជាការកងទ័ពមកពីប្រទេសចំនួន ១៣ ដែលត្រូវអញ្ជើញ ឲ្យចូលរួមក្នុងព្យុហយាត្រា នៅថ្ងៃអង្គារ នៅកំពង់ផែ Quingdao លោកប្រធានាធិបតី ចិន ស៊ី ជីនពីងបានអះអាងថា ប្រជាជនចិនស្រលាញ់ និងចង់បានសន្តិភាពយូរអង្វែង។ “ប្រជាជនចិននឹងបន្តដើរលើផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព។ ដើម្បីការពារសណ្តាប់ធ្នាប់ផ្លូវទឹកអន្តរជាតិ ការសហការ ការពិភាក្សា មានសារៈសំខាន់ ជាងការគំរាមកំហែងគ្នាទៅវិញ ទៅមក” នេះជាប្រសាសន៍របស់លោកប្រធានាធិបតីចិន ដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
នៅក្នុងពិធីបុណ្យប្រារព្ធខួប៧០ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹកចិន លើកនេះ ទីក្រុងប៉េកាំង បានអញ្ជើញប្រទេសចំនួន១៣ដូចជា ឥណ្ឌា អូស្ត្រាលី វៀតណាម និងជប៉ុនជាដើម ឲ្យចូលរួម នៅក្នុងព្យុហយាត្រាកងទ័ពជើងទឹក ដែលនៅក្នុងនោះ ចិននឹងបង្ហាញ នាវាចម្បាំង ជាង៣០គ្រឿង ហើយនិងនាវាផ្ទុកយន្តហោះចម្បាំងLioaning ដែលចិន បានទិញ ពីអ៊ុយក្រែន នៅឆ្នាំ ១៩៨៨ និងជួសជុលឲ្យថ្មីស្រឡាងឡើងវិញ។ កងទ័ពជើងទឹកចិន នឹងមិនតាំងបង្ហាញ នាវាផ្ទុកយន្តហោះចម្បាំង ដែលខ្លួនបានរចនា និងផលិតថ្មីដោយខ្លួន នោះទេ ប៉ុន្តែ គេនឹងឃើញជាលើកទី១ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលចិនទើបផលិតបានដោយខ្លួនឯង។
នៅពេលអាមេរិក បញ្ជូនត្រឹមអ្នកតំណាងយោធារបស់ខ្លួន ប្រចាំស្ថានទូតនៅទីក្រុងប៉េកាំង ឲ្យទៅចូលរួមក្នុងពិធីប្រារព្ធខួបរបស់កងទ័ពជើងទឹកចិន នាវាចម្បាំងទី៧ របស់អាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងហុងកុង តាំងពីថ្ងៃ សៅរ៍កន្លងទៅ។ តាមមន្រ្តីជើងទឹកអាមេរិក នាវាចម្បាំងទី៧ របស់អាមេរិក នឹងនៅបន្តប្រតិបត្តិការ ក្រោមឈ្មោះ ដើម្បីសេរីភាព ចរាចរណ៍ជើងទឹក នៅក្នុងសមុទ្រចិនខាងត្បូង នោះបើទោះជាមានការប្រឆាំងពីទីក្រុងប៉េកាំង។ សូមបញ្ជាក់ថា ទោះមានការប្រឆាំងតវ៉ាពីប្រទេសអាស៊ានមួយចំនួន ប៉េកាំងបានសាងសង់កោះសិប្បនិម្មិតជាច្រើន កន្លែង ដើម្បី បញ្ជាក់កម្មសិទ្ធិផ្តាច់មុខនៅលើសមុទ្រចិនខាងត្បូង ដែលជាជង្រុកប្រេង ឧស្ម័ន និងជាផ្លូវសំខាន់មួយ សម្រាប់ចរាចរណ៍ទំនិញអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ