អានតួអត្ថបទ
ភូមា

លោកស្រី​អ៊ុងសាន ស៊ូជី​នាំ​តំណាងរាស្រ្ត​ចុះ​រើស​សំរាម

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣​ធ្នូ លោកស្រី​អ៊ុងសាន ស៊ូជី និង​សមាជិក​តំណាងរាស្រ្ត​ក្នុង​មណ្ឌល​ បាន​នាំគ្នា រើស​សំរាម​តាម​ដងផ្លូវ នៅ​ទីក្រុង​រ៉ង់ហ្គូន។ ចាប់តាំង​ពី​គណបក្ស​របស់លោកស្រី​ឈ្នះឆ្នោត គ្រប់គ្រង​អាសនៈ​ភាគច្រើន នៅ​រដ្ឋសភា ភូមា នេះ​ជា​លើក​ទី ១ ដែល​លោកស្រី ប្រមុខ​បក្ស​ប្រឆាំង លេច​មុខ​នៅ​កន្លែង​សាធារណៈ និង​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​ផ្លូវ ដើម្បី​បញ្ជាក់​ពីការប្តេជ្ញា​ចិត្ត​របស់​គណបក្ស​របស់​លោកស្រី ក្នុង​ការដោះស្រាយ​បញ្ហា​សេវា​សាធារណៈ​នៅ​ប្រទេស​ភូមា។ 

លោកស្រី​អ៊ុងសាន ស៊ូជី នាំ​សមាជិក​របស់​បក្ស​រើស​សំរាម​នៅ​មណ្ឌល​របស់លោកស្រី នៅ​រ៉ង់ហ្គូន ថ្ងៃទី ១៣​ធ្នូ ២០១៥
លោកស្រី​អ៊ុងសាន ស៊ូជី នាំ​សមាជិក​របស់​បក្ស​រើស​សំរាម​នៅ​មណ្ឌល​របស់លោកស្រី នៅ​រ៉ង់ហ្គូន ថ្ងៃទី ១៣​ធ្នូ ២០១៥ ©REUTERS/Hong Sar
ផ្សាយពាណិជ្ជកម្ម

សំរាម​គឺ​ជា​បញ្ហា​ចោទ​ដ៏​ធំមួយ​នៅ​ប្រទេស​ភូមា ដែល​នៅ​ខ្វះខាត​ច្រើន ធុង និង​កន្លែង​ចាក់​សំរាម​ត្រឹមត្រូវ ។ នៅក្រោយ​ជ័យជំនះ ដ៏ធំធេង នៅ​ក្នុង​ការបោះឆ្នោត លោកស្រី​អ៊ុងសាន ស៊ូជី​បាន​និយាយ​ទៅ​អ្នកតំណាងរាស្រ្ត​ថ្មី មកពីគណបក្ស​របស់លោកស្រី ឲ្យ​ចេះ​ថែរក្សា​អនាម័យ នៅក្នុង​មណ្ឌល​គ្រប់គ្រង​របស់ពួកគេ។

 
“ការរើសសំរាម​គឺ​ជា​សកម្មភាព​ដំបូង​បង្អស់​ដែល​យើង​អាច​ធ្វើ ដើម្បី​បំរើ​ប្រជាជន​ភូមា” នេះ​ជា​ការលើក​ឡើង របស់​លោក​ថេត ថេត ឃីនសមាជិក​តំណាងរាស្រ្ត​ថ្មី មកពី​ក្រុង​រ៉ង់ហ្គូន។ តាម​អ្នកតាមដាន​នយោបាយ​នៅ​ភូមា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ទើប​ឈ្នះឆ្នោត លើ​គណបក្ស​កាន់អំណាច កំពុង​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម ដែល​ប្រជាជន​ភូមា​កំពុង​រង​ប្រឈម​នាពេល​បច្ចុប្បន្ន​នេះ។ ច្បាស់​ណាស់ថា គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី មិន​ចង់​ឲ្យ​ប្រជាជន​ភូមា ខកចិត្ត នៅក្រោយ​ពេល​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​នោះទេ។

មួយវិញទៀត តាមរយៈ ការចុះ​រើសសំរាម នៅ​តាម​ដងផ្លូវ លោកស្រី​អ៊ុងសាន ស៊ូជី អាច​ចង់​បង្ហាញ​ថា លោកស្រី​និង​សមាជិក​របស់​គណបក្ស ថ្វី​បើ​ឈ្នះឆ្នោត ចូល​កាន់​អំណាច នៅ​ប៉ុន្តែ នឹង​នៅ​តែ​ប្រកាន់​ខ្លួន​ជា​ថ្នាក់​ដឹកនាំ គំរូ និង​នៅ​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រជាជន​ភូមា​ជានិច្ច។

សូមបញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ជាតិ កាលពី​ថ្ងៃទី ៨​វិច្ឆិកា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានឈ្នះឆ្នោត ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៨០​ភាគរយ។ ហើយ​ដោយ​មិនធ្លាប់​មាន​ពីមុន​មក ក្រុម​យោធា ភូមា​បាន​ទទួល​ស្គាល់​ជ័យជំនះ និង​គាំទ្រ​គណបក្ស​ប្រឆាំង ឲ្យ​ចូល​កាន់​អំណាច​នៅ​ភូមា។ ជំហរ​ប្រែប្រួល​របស់​យោធា ហើយ​និង​ជំនួប​ទ្វេភាគី បន្តបន្ទាប់ រវាង​លោកស្រី ជាមួយ ប្រមុខ​ដឹកនាំ​កំពូល​របស់​យោធា​ភូមា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មួយចំនួន​សង្ស័យ និង​បារម្ភ ថា លោកស្រី​អ៊ុងសាន ស៊ូជី ទោះជា​ឈ្នះឆ្នោត និង​ត្រូវ​ក្រុមយោធា​បើក​ផ្លូវ​ឲ្យ​ចូល​ដឹកនាំ​ភូមាមែន  ប៉ុន្តែ លោកស្រី នឹងនៅ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុមយោធា ដែល​នៅ​តែ​មាន​អំណាច​រឹងមាំ និង​គ្រប់គ្រង ដោយ​ស្វ័យប្រវត្តិ សំឡេង ២៥ភាគរយ​នៅ​សភា ទាំង​២​ជាន់ថ្នាក់ នៅ​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ