អានតួអត្ថបទ
កូរ៉េខាងត្បូង

ក្រុមហ៊ុន​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ត្បូង រង​ការ​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត

ក្រុមហ៊ុន​គ្រប់គ្រង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងត្បូង KHNP ត្រូវ​បាន​ក្រុម​ចោរ​អ៊ីនធ័រនែត​ ធ្វើ​ការ​វាយ​ប្រហារ​ពី​ចំងាយ ដោយ​បាន​ធ្វើ​ឲ្យ ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​គាំង លែង​ដំណើរ​ការ​ទាំង​ស្រុង។ ទោះ​បី​ជា​យ៉ាងណា ម៉ាស៊ីនប្រតិបត្តិការនុយក្លេអ៊ែរ របស់​ក្រុមហ៊ុន​នេះ នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា​ទេ។ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទូទៅ​ តាម​បណ្តាញ​ព័ត៌មាន​វិទ្យា នៅ​តាម​ស្ថាបន័​ធំៗ​ទាំង​អស់ ដើម្បី​ចៀស​វាង ការ​វាយ​ប្រហារ​ជា​ថ្មី។

ហាង​​អ៊ីនធ័រនែត មួយ​កន្លែង​នៅ​ក្រុង​ចាងហ្ស៊ី  ប្រទេសចិន
ហាង​​អ៊ីនធ័រនែត មួយ​កន្លែង​នៅ​ក្រុង​ចាងហ្ស៊ី ប្រទេសចិន REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Korea Hydro and Nuclear Power  ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង ២៣​កន្លែង​របស់​កូរ៉េ​ខាងត្បូង បាន​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ដែល​ធ្វើឲ្យ​បណ្តាញ​ព័ត៌មានវិទ្យា​ របស់​ក្រុមហ៊ុន​នេះ រាំងស្ទះ​ លែង​ដំណើរការ។

លោក ឆូ ស៊ិក នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​បាន​ចេញ​មក​ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​ថ្ងៃ​អាទិត្យទី ២៨ ធ្នូ នេះ ​ថា ថ្វីត្បិត​តែ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​ បាន​រង​ការ​ខូចខាត ​ក៏​បន្តែ ប្រព័ន្ធ​គ្រប់គ្រង​ម៉ាស៊ីន​ប្រតិបត្តិការ​នុយក្លេអ៊ែរ​ របស់​ក្រុមហ៊ុន ​ទាំង​២៣​កន្លែង​ មិន​បាន​រង​ការ​ប៉ះពាល់​ទេ ​ព្រោះ​ថា​ជា​ប្រព័ន្ធ​ដែល​មាន​ការ​ការពារ​ពិសេស ​ដែល​បណ្តាញ​ខាងក្រៅ​ មិន​អាច​ចូល​ទៅ​ចុះ​បាន​ទេ។

លោកស្រី ​ប្រធានាធិបតី​ កូរ៉េ​ខាងត្បូង ប៉ាក់ គុនហេ ​បាន​ធ្វើ​ការ​ប្រកាស​ជា​ទូទៅ ថា​ឲ្យ​អាជ្ញាធរ​ទាំងអស់​ ធ្វើ​ការ​ប្រុង​ប្រយ័ត្ន ​ជា​ពិសេស​តាម​ស្ថាប័ន​ធំៗ ​និង​ស្ថាប័ន​គ្រប់គ្រង​សេវា​សាធារណៈ​កូរ៉េ​ខាងត្បូង  ​ព្រោះ​ពួក​ចោរ​ព័ត៌មានវិទ្យា ​អាច​នឹង​កំណត់​មុខ​សញ្ញា​ វាយ​ប្រហារ​ថ្មី​ទៀត។ លោកស្រី​បាន​ចាត់​ទុក​ថា ​នេះ​ជា​អំពើ​ភេរវកម្ម​បែប​ថ្មី ​ដោយ​ប្រើប្រាស់​បណ្តាញ​ព័ត៌មានវិទ្យា (Cyberterrorism)។

នគរបាល​កូរ៉េខាងត្បូង​ ដែល​កំពុង​ស៊ើបរក​មុខ​ក្រុម​ចោរ​ ដែល​បានធ្វើ​ប្រតិបត្តិការ​នេះ បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ ​កូរ៉េ​ខាងជើង។ ក្រុម​ស៊ើប​អង្កេត​បាន ស្រាវជ្រាវ​ ដឹង​ពី​ប្រភព​ដើម​របស់​អាស័យដ្ឋាន IP ដែល​មាន​ប្រភព​មក​ពី​ក្រុង ហ្សិនយ៉ាង ​ភាគ​ឥសាន​ប្រទេស​ចិន ហើយ​នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង។ អាជ្ញាធរ​កូរ៉េ​ខាងត្បូង ​បាន​សុំ​ការ​សហការ​​ពី​អាជ្ញាធរ​ចិន ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់។ ចោរ​ម្នាក់​ បាន​សរសេរ​នៅ​លើ​ទំព័រ Twitter ​ដោយ​បាន​គម្រាម​កូរ៉េ​ខាងត្បូង ​ឲ្យ​បញ្ឈប់​ដំណើរការ​ របស់​ម៉ាស៊ីន​ប្រតិបត្តិការ​នុយក្លេអ៊ែរ​ ៣កន្លែង  ​ពុំនោះ​ទេ ​ពួក​គេ​នឹង​ធ្វើ​ការ​បំផ្លាញ​ប្រព័ន្ធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងត្បូង​ ទាំង​មូល​តែ​ម្តង។

ចំណែក​នៅ កូរ៉េ​ខាងជើង​ ឯណោះ​វិញ ប្រព័ន្ធ​អ៊ីនធ័រនែត ​បាន​កាត់ផ្តាច់​សា​ជា​ថ្មី​ម្តង​ទៀត ​នៅ​ថ្ងៃ​អាទិត្យ​ទី ២៨ ធ្នូ​នេះ។ សូម​បញ្ជាក់​ថា ​បណ្តាញ​អ៊ីនធ័រនែត​ របស់​កូរ៉េ​ខាងជើង ​ត្រូវ​បាន​ផ្គត់ផ្គង់​ ដោយ​ក្រុមហ៊ុន​ China Unicom របស់​ចិន។ គេ​សង្ស័យ​ថា ចិន​ជា​អ្នក​កាត់ផ្តាច់​អ៊ីធ័រនែត​របស់​កូរ៉េ​ខាងជើង ​ដើម្បី​ព្រមាន​កូរ៉េខាង​ជើង​ ​ឲ្យ​ឈប់​ប្រើប្រាស់​ ការ​វាយ​ប្រហារ​តាម​អ៊ីនធ័រនែត​ ត​ទៅ​ទៀត ព្រោះ​ថ្មីៗ​នេះ ​ចិន​បាន​បដិសេធ ​មិន​គាំទ្រ​ ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ ជា​ដាច់​ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ