អានតួអត្ថបទ
ម៉ាឡេស៊ី-ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ប្រកាស​ផ្តល់​ជំរក​បណ្តោះអាសន្ន ដល់​ជនអន្តោប្រវេសន៍តាម​ទូក

ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី នៅថ្ងៃ​ពុធ​ទី ២០​ឧសភា បាន​ប្រកាស​រួមគ្នាថា នឹង​យល់ព្រម​ផ្តល់​ជំរក និង​ជំនួយ​មនុស្សធម៌ ជាបណ្តោះអាសន្ន ដល់​ជន​អន្តោប្រវេសន៍ ដែល​ភាគច្រើន ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា ធ្វើដំណើរ​មក​ពី​ភូមា។ តាំង​ពី​យប់​ថ្ងៃ​អង្គារ ចូល​ដល់​ថ្ងៃ​ពុធ​នេះ អ្នកនេសាទ​ឥណ្ឌូណេស៊ី បាន​ជួយ ស្រង់​ជនអន្តោប្រវេសន៍​ ប្រមាណ ៤០០​នាក់ បន្ថែមទៀត ឲ្យ​ទៅ​នៅលើ​ដី​គោក ក្នុង​ខេត្ត​អាឈេ របស់​ប្រទេស​ឥណ្ឌូណេស៊ី។  

ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​អន្តោប្រវេសន៍​តាមទូក និង​ជាប់​គាំង​ក្នុង​សមុទ្រ អស់​រាប់​សប្តាហ៍ ត្រូវ​បាន​ក្រុមអ្នកនេសាទ​ឥណ្ឌូណេស៊ី ជួយ​ដឹក​ចូល​ដីគោក នៅថ្ងៃ​ពុធ​ទី ២០​ឧសភា
ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​អន្តោប្រវេសន៍​តាមទូក និង​ជាប់​គាំង​ក្នុង​សមុទ្រ អស់​រាប់​សប្តាហ៍ ត្រូវ​បាន​ក្រុមអ្នកនេសាទ​ឥណ្ឌូណេស៊ី ជួយ​ដឹក​ចូល​ដីគោក នៅថ្ងៃ​ពុធ​ទី ២០​ឧសភា ©REUTERS/Syifa/Antara Foto
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​កិច្ចប្រជុំ​ត្រីភាគី ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នៅថ្ងៃ​ពុធនេះ រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី បាន​ប្រកាស​រួមគ្នា​ថា នឹង​ឈប់​រុញច្រាន​ទូក​ដឹក​ជនអន្តោប្រវេសន៍ ឲ្យ​ចេញ​ពី​ដែនទឹក​របស់ខ្លួន និង​យល់ព្រម ទទួល​យក​ជន​អន្តោប្រវេសន៍​ឲ្យ​ស្នាក់នៅ បណ្តោះអាសន្ន ក្នុង​ប្រទេស​របស់​ពួកគេ។

 
នៅ​ប៉ុន្មាន​សប្តាហ៍នេះ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី បាន​ទទួល​ជនអន្តោប្រវេសន៍​តាមទូក ប្រមាណ ៣ពាន់នាក់​រួចហើយ ឲ្យ​ចូល​ដីគោក​របស់ខ្លួន។ ជនអន្តោប្រវេសន៍​ជាច្រើន​ពាន់នាក់ ត្រូវ​បាន​គេ​ព័រណ៌នា​ថា កំពុង​រស់នៅ​ក្នុង​ភាព​អត្តខាត់ ខ្វះ​អាហារ និង​មានសុខភាព​ខ្សត់ខ្សោយ នៅក្នុង​ទូក​ដែល​កំពុង​អណ្តែតត្រសែត ក្នុង​សមុទ្រ។ ទូក​របស់​ពួកគេ​ត្រូវ​ជាប់គាំង​អស់​រាប់​សប្តាហ៍ ក្នុង​សមុទ្រ ដោយសារ​តែ​ពួកមេឈ្មួញ​បោះបង់​ចោល និង​ដោយសារ​តែ​ទូករបស់ពួកគេ​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ បាន​រុញច្រាន ជាបន្តបន្ទាប់គ្នា មិន​ឲ្យ​ចូល​ជិត​ច្រាំង។

សហគមន៍​អន្តរជាតិ​បាន​រិះគន់ និង​ថ្កោលទោស ទង្វើ​របស់​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ កិច្ចប្រជុំ​ត្រីភាគី​របស់​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ធ្វើឡើង​នៅថ្ងៃ​ពុធ​នេះ ក្នុង​បំណង​ដោះស្រាយ​រក​ច្រកចេញ​សម្រាប់​វិបត្តិ​ទូកជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​បាន​ធ្វើដំណើរ​កាន់តែច្រើន សំដៅ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា នៅថ្ងៃនេះ រដ្ឋមន្រ្តីការបរទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នឹង​លែង​រុញ​ច្រាន​ទូក​ដឹក​ជនអន្តោប្រវេសន៍ ដូចមុន។ អាជ្ញាធរ​របស់​ប្រទេស​ទាំងពីរ​នឹង​បើក​ទ្វារ​ទទួល ជន​អន្តោប្រវេសន៍ ទាំង ៧ពាន់​នាក់ ដែល​រហូត​មកដល់​សព្វថ្ងៃ​នេះ កំពុង​ជាប់គាំង នៅក្នុង​សមុទ្រ​នៅឡើយ។ តាម​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី លោក Anifah Aman ថៃ​នៅ​មិនទាន់​ប្រកាស​ពី​ជំហរ​របស់ខ្លួន ដោយសារ​តែ​រដ្ឋាភិបាល​ថៃ​ត្រូវ​ពិនិត្យ​មើល​នយោបាយ​​ក្នុង​ស្រុក ស្តីពី​ជនអន្តោប្រវេសន៍​សិន។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ដែរថា ប្រទេស​ទាំងពីរ​យល់ព្រម ទទួល​ជនអន្តោប្រវេសន៍ ឲ្យ​ស្នាក់នៅ ក្នុង​ទឹកដី​របស់ខ្លួន ប៉ុន្តែ ត្រូវ​មាន​លក្ខខណ្ឌ។ មានន័យថា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នឹង​ផ្តល់​ជំរក​បណ្តោះអាសន្ន តែ​សម្រាប់​ជនអន្តោប្រវេសន៍ ដែល​កំពុង​ស្ថិតនៅ​ក្នុង​សមុទ្រ។ នៅក្នុង​រយៈពេល​មួយឆ្នាំ ដែល​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ទទួល​ជនអន្តោប្រវេសន៍ ឲ្យ​ស្នាក់នៅ ជា​បណ្តោះអាសន្ន សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ ត្រូវ​រក​ប្រទេស​ទីបី​ណាមួយ ដែល​អាច​ទទួល​បន្ត ជនអន្តោប្រវេសន៍​ ឬ​មួយ​ក៏​ត្រូវ​រក​មធ្យោបាយ​យ៉ាងណា ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍​ទាំងនោះ​ឲ្យ​ត្រលប់​ចូល​ទៅ​ទឹកដី​កំណើត​វិញ ភូមា និង​បង់ក្លាដែស។

លក្ខខណ្ឌ របស់​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី សុទ្ធ​តែ​ជា​លក្ខខណ្ឌ ដែល​គេ​ពិបាក​នឹង​អាច​ធ្វើ​បាន
ជនអន្តោប្រវេសន៍​តាមទូក​ជាច្រើន ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​រត់គេច​ចេញ​ពី​អំពើហិង្សា និង​ការធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​ក្នុង​ប្រទេស​ភូមា។ មួយចំនួន​ទៀត ជា​ជនជាតិ​បង់ក្លាដែស ដែល​ផ្សងគ្រោះថ្នាក់​ក្នុង​សមុទ្រ ដើម្បី​គេចចេញ​ពីភាពក្រីក្រ និងចង់​ស្វែងរក​ជីវភាពរុងរឿង ក្នុង​ទឹកដី​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ជាពិសេស រដ្ឋាភិបាល​ម៉ាឡេស៊ី ដឹង​ច្បាស់​ថា ប្រទេស​របស់ខ្លួន ជា​គោលដៅ ចង់​បាន​របស់​ជនអន្តោប្រវេសន៍ ដោយសារ​តែ​ហេតុផល​សេដ្ឋកិច្ច និង​សាសនា​អ៊ីស្លាម។ ប្រទេស​ទាំងពីរ​សុខចិត្ត​ទទួល​យក​ជនអន្តោប្រវេសន៍​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន ពិតមែន ប៉ុន្តែ មិន​ចង់​ទទួល​ខុសត្រូវ រ៉ាប់រង​តែម្នាក់​រហូត​នោះ​ទេ។ ការទទួល​យក​ជនអន្តោប្រវេសន៍​ប៉ុន្មាន​ពាន់នាក់ ដែល​មាន​កាន់​សាសនា​អ៊ីស្លាម​ដូច​ខ្លួន មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​មិនអាច​ធ្វើ​បាននោះទេ។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា បើ​គេ​ទទួល​ជនអន្តោប្រវេសន៍​តាមទូក នោះ​មានន័យថា គេ​នឹង​ជំរុញ លើកទឹកចិត្ត​ឲ្យ​ជនអន្តោប្រវេសន៍​ផ្សេងទៀត ធ្វើដំណើរ​ដោយ​ខុសច្បាប់ តាមទូក ចូល​ទៅក្នុង​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ទៅ​ថ្ងៃ​អនាគត។

ភាគី​ម៉ាឡេស៊ី​បាន​និយាយ​រួចហើយថា ដើម្បី​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​តាមទូក គេ​ត្រូវ​ដោះស្រាយ​បញ្ហា នៅ​ប្រភពដើម​របស់វា។ កាល​ពី​ថ្ងៃ​សៅរ៍ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់ បាន​និយាយ​ថា ម៉ាឡេស៊ី​បាន​ទាក់ទង​ទៅ​រដ្ឋាភិបាល​ភូមា​រួចហើយ ដើម្បី​និយាយ​ពី​វិបត្តិ​ជនអន្តោប្រវេសន៍ និង​កំពុង​រង់ចាំ​ចម្លើយ​វិជ្ជមាន​ពី​ភូមា។ ឮ

ប៉ុន្តែ រដ្ឋាភិបាល​ភូមា​ធ្លាប់​បាន​ប្រកាស​រួចហើយ​ថា ខ្លួន​គ្មាន​ចំណែក​ទទួល​ខុសត្រូវ​លើ​រឿង​ជនអន្តោប្រវេសន៍​តាមទូកទេ ហើយ​ជនជាតិ​រ៉ូហ៊ីងយ៉ា មិន​មែនជា​ជនជាតិ​ភាគតិច​របស់​ភូមា​ដែរ។ ម៉ាឡេស៊ី ដែលដើរតួ​ជា​ប្រធាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំនេះ បាន​ព្រមាន​ភូមា​រួចហើយ​ថា នឹងបើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​និយាយ​ពីបញ្ហា​ជនអន្តោប្រវេសន៍​តាមទូក។

ភូមា​ដែល​ត្រូវ​គេមើលឃើញថា ជា​ប្រភព​ចាកចេញ​របស់​ជនអន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា កំពុង​ទទួល​រង​ការដាក់​សំពាធ​ពី​ប្រទេស​ជិតខាង និង​សហគមន៍​អន្តរជាតិ។ រដ្ឋាភិបាល​ភូមា តាមរយៈ​ក្រសួង​ការបរទេស នៅថ្ងៃ​ពុធ​នេះ​បាន​សំដែង​កង្វល់ ពី​វិបត្តិ​ជនអន្តោប្រវេសន៍​តាមទូក។ ភូមា​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅលើ​ទូក។

ភូមា​ផ្តល់​តែ​ជំនួយ​មនុស្សធម៌ ប៉ុន្តែ មិន​បាន​បញ្ជាក់​ច្បាស់​ថា នឹង​យល់ព្រម​ទទួល​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​នៅ​លើ​ទូក នោះ ឲ្យ​ត្រលប់​ទៅរស់នៅ​ក្នុង​ទឹកដី​ភូមា​វិញទេ។ តាម​អ្នកវិភាគខ្លះ រដ្ឋាភិបាល​ភូមា​មិន​បាន​អើពើ រវល់​ជួយ​ជនជាតិ​រ៉ូហ៊ីងយ៉ា តាំងពី​នៅក្នុង​ប្រទេស​ម្ល៉េះ។ ដូច្នេះ នៅពេល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចាកចេញ​ផុត​ពី​ទឹកដី​ភូមា អាជ្ញាធរ​របស់​ប្រទេស​នេះ ទំនង​កំពុងចាក់​បណ្តោយ​តាមខ្សែទឹក គឺ​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ឲ្យ​ចេញផុត​ពី​ដៃ ពីការទទួល​ខុសត្រូវ​របស់ខ្លួន និង​ទម្លាក់​ទៅ​ឲ្យ​ប្រទេស​ជិតខាង ក៏​ដូច​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​វិញម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ