អានតួអត្ថបទ
អង់គ្លេស

ផលវិបាក​នៃ​ការ​ដកខ្លួន​របស់អង់គ្លេស​ ចេញ​​ពី​អឺរ៉ុប​

ក្រោយ​លទ្ធផល​បង្ហាញ​ថា​ ពលរដ្ឋ​អង់គ្លេស​មិនព្រម​អោយ​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប ថ្ងៃសុក្រ​នេះ ​មេដឹកនាំ​អឺរ៉ុប​ធំៗ​​នៅ​សហភាព​អឺរ៉ុប​ កំពុងមមាញឹក​​​​​រក​វិធានការ​​កុំអោយ​ជំងឺ​ស្អប់​អឺរ៉ុប​មួយ​ បន្ត​រាលដាល​​នៅ​តាម​ប្រទេសអឺរ៉ុប​​ផ្សេងៗទៀត។ ពេលនេះ ក្រុម​ប្រឆាំង​នយោបាយ​​​​អឺរ៉ុប​ធំៗ នៅ​សហភាពអឺរ៉ុប តាម​ប្រទេស​ដូចជា​​ បារាំង អ៊ីតាលី រឺ​ក៏ហូឡង់ កំពុង​តែ​ទាមទារ​ធ្វើប្រជាមតិ​ដូច​អង់គ្លេស​ដែរ។    

សកម្មជន​គាំទ្រ​អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប នៅ​ក្រុងឡុងដ៍
សកម្មជន​គាំទ្រ​អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប នៅ​ក្រុងឡុងដ៍ REUTERS/Kevin Coombs
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃសុក្រ​នេះ​ ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​បារាំង​បានប្រញាប់​ប្រញាល់​​​​បើក​កិច្ចប្រជុំ​​ ​លើ​បញ្ហា​ប្រិចស៊ីត​​​ ដោយ​មាន​វត្តមាន​របស់​​ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​បារាំង។ មុននេះ ​លោក​ហ្វ្រង់ស៊័រ ហូឡង់ ​ក៏​​​បាន​ទូរសព្ទ​ជជែក​បញ្ហា​ជាមួយ​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លោកស្រី​ មែរគែល ​​និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​ ដូណាល់ ថាស្ក ផងដែរ។ ​នៅក្រុង​ប៊ែរឡាំង​ ថ្ងៃចន្ទ​នេះ លោកស្រី មែរគែល លោក​ហូឡង់ លោក​ថាស្ក និង​​ នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​នឹង​ជួប​ពិភាក្សា​​គ្នា។ ថ្នាក់ដឹកនាំ​អឺរ៉ុប​ធំៗ​ ក៏​បើក​កិច្ចប្រជុំ​បន្តបន្ទាប់​ទៅទៀត​ដែរ។

ត្បិតថា ​អង់គ្លេសសម្រេច​​​ដើរចេញ​ពី​អឺរ៉ុប​ក៏ពិតមែន ក៏​មិនមែន​មានន័យថា អង់គ្លេស​មិនជួបផលវិបាក​ដែរ។ ម្សិលមិញ ​​ប្រជាជន​ស្កុតឡែនដ៍​ និង​ប្រជាជន​អៀឡង់​ខាងជើង​សុទ្ធតែ​​បោះឆ្នោត​គាំទ្រ​ អោយ​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប។ ដើម្បី​បំពេញ​បំណង​ប្រជាជន​​ក្នុងស្រុក​​​ដែល​ស្រលាញ់​​សហភាព​អឺរ៉ុប ស្កុតឡែនដ៍​ និង​អៀឡង់​ខាងជើង​​​ក៏អាច​​​រៀបចំ​ប្រជាមតិ​​ផ្តាច់ខ្លួន​ពី​អង់គ្លេស​​​ ទៅវិញ​ដែរ។

ក្រុម​ប្រឆាំង​នយោបាយ​អឺរ៉ុបអបអរ​សាទរ​​លទ្ធផល​បោះឆ្នោត​អង់គ្លេស 

​នៅតាម​បណ្តាប្រទេស​ដូចជា ​បារាំង ហូឡង់ ដាណឺម៉ាក​ អ៊ីតាលី​បាន​អបអរ​សាទរ​ការ​សម្រេច​​​​​របស់​ពលរដ្ឋ​អង់គ្លេស ដែល​ចង់​អោយ​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ សម្រាប់​លោកស្រី ម៉ារីន​ ឡឺពេន ជា​ប្រធាន​បក្ស​ស្តាំជ្រុលនិយម​បារាំង ការសម្រេច​របស់​ពលរដ្ឋ​អង់គ្លេស​សបង្ហាញ​ពី​ជោគជ័យ​នៃ​​​សេរីភាព។

គណបក្ស​ស្តាំនិយម​ជ្រុល​មួយនេះ​បាន​ទាមទារ​អោយ​មាន​ប្រជា​មតិ​នៅ​បារាំង​ដូចគ្នា។ តែ​រដ្ឋាភិបាល​​​​បារាំង​ប្រហែល​ជា​មិនអាច​បំពេញ​សំណូមពរ​បក្ស​ស្តាំជ្រុល​មួយនេះទេ ព្រោះ​បក្ស​លោកស្រី​ឡឺពេន​គ្រាន់តែ​​ជាបក្ស​តូច​មួយប៉ុណ្ណោះ។

នៅ​ប្រទេស​ហូឡង់វិញ ​បក្ស​ស្តាំនិយមជ្រុល​​បានចាត់ទុក​ថ្ងៃ​ប្រជាមតិ​២៣មិថុនា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ ជា​ថ្ងៃ​ដែល​អង់គ្លេស​ទទួល​ឯករាជ្យ​ពី​សហភាព​អឺរ៉ុប។ ជាថ្ងៃ​ដែល​អង់គ្លេស​បង្ហាញ​ផ្លូវអនាគត​ដល់​អឺរ៉ុប។ ក្រុមស្តាំជ្រុល​និយម​ហូឡង់​ចង់​អោយ​ហូឡង់​ដកខ្លួន​ចេញ​ពី​អឺរ៉ុប ដូច​អង់គ្លេស​ដែរ ដើម្បី​​អាច​អោយ​ហូឡង់​​​ដោះស្រាយ​នយោបាយ​អន្តោប្រវេសន៍ នយោបាយ​ព្រំដែន​​របស់​ជាតិ​ខ្លួនផ្ទាល់ ជាជាង​ដើរតាម​តែ​នយោបាយអឺរ៉ុប។

នៅ​អ៊ីតាលី​វិញ បក្ស​សម្ព័ន្ធខាងជើង​ដែល​ជាបក្ស​ស្អប់នយោបាយ​​អឺរ៉ុប​ដែរនោះ បាន​លើកសរសើរ​ពី​ភាព​ក្លាហាន​របស់​ពលរដ្ឋ​អង់គ្លេស​ដែល​ហ៊ាន​បោះឆ្នោត​ដើរចេញ​ពី​អឺរ៉ុប។ បក្ស​នេះ​បាន​លើកឡើងថា បន្ទាប់ពី​ប្រិចស៊ីត​របស់​អង់គ្លេស ​ឥឡូវនេះ​ ដល់ពេល​អ៊ីតាលី​វិញម្តង។

នៅដាណឺម៉ាក ក្រុម​ប្រឆាំង​អឺរ៉ុប​ចង់ធ្វើប្រជាមតិ​​ដែរ តែ​មិនមែន​ប្រជាមតិ​​​​ដើម្បី​ដើរចេញ​ពីអឺរ៉ុប​ដូចអង់គ្លេស​ទេ។ គឺជា​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​តំរូវ​អោយ​អឺរ៉ុប​បន្ថយ​​លក្ខន្តិកៈ​តឹងតែង​ផ្សេងៗ​ចំពោះ​​ដាណឺម៉ាក សម្រាប់​​កិច្ចសហប្រតិបត្តិការ​រវាង​ដាណឺម៉ាក​និង​អឺរ៉ុប។ ដូចគ្នា​ដែរ បក្ស​ឆ្វេងនិយម​នៅ​ស៊ុយអែត​វិញ បាន​ទាមទារ​អោយ​​រដ្ឋាភិបាល​ចរចា​ឡើងវិញ លើ​លក្ខខណ្ឌ​នៃ​ការចូលជា​សមាជិក​របស់​ស៊ុយអែត។

ផលវិបាក​ផ្ទៃក្នុង​អង់គ្លេស

ពលរដ្ឋ​អង់គ្លេស​​សម្រេច​​​អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប​ ជាជោគជ័យធំធេង​សម្រាប់​​ក្រុមប្រឆាំង​​នយោបាយ​អឺរ៉ុប។ តែ​គេក៏​កំពុង​តែ​ចោទសួរដែរ​ថា ​បន្ទាប់​ពីនេះទៅ តើ​អង់គ្លេស​អាច​រឹងមាំ​ដែរទេ ព្រោះថា បើ​អង់គ្លេស​មា​នសិទ្ធិ​ធ្វើប្រជាមតិ​ផ្តាច់ខ្លួន​ ​ពី​អឺរ៉ុប ស្កុតឡិន​និង​អៀឡង់​ខាងជើង​ក៏​មា​នសិទ្ធិ​ធ្វើប្រជាមតិ​ផ្តាច់​ខ្លួន​ពី​អង់គ្លេស​ដូចគ្នាដែរ។

គួរបញ្ជាក់ថា ត្បិត​ថា ​អ្នកបោះឆ្នោត​អង់គ្លេស​ជិត​៦២ភាគរយ​ ចង់អោយ​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប​ក៏ពិតមែន តែ​ប្រជាជន​នៅ​ស្កុតឡិន និងអៀឡង់​ខាងជើង​សន្ធឹកសន្ធាប់​ណាស់​ដែល​​ចង់អោយ​​អង់គ្លេស​បន្ត​ធ្វើជា​សមាជិក​អឺរ៉ុប។ យោងតាម​តួលេខ​ ប្រជាជន​​ស្កុតឡិន​​៦២ភាគរយ​ ​បានបោះឆ្នោត​​អោយ​អង់គ្លេស​បន្ត​នៅ​ក្នុង​អឺរ៉ុប។

​នាយករដ្ឋមន្ត្រី​ស្កុតឡែនដ៍​ លោកស្រី នីកូឡា ស្តឺចុន បាន​ព្រមាននៅថ្ងៃសុក្រ​នេះ​​ថា ស្កុតឡែនដ៍​​នៅតែ​ចង់​ឃើញ​អនាគត​ខ្លួន​​ ​​នៅ​​ក្នុង​សហភាព​អឺរ៉ុប។ ​កាលពី​ជិត​២ឆ្នាំមុន ប្រជាជន​​ស្កុតឡែនដ៍​​ធ្លាប់​បាន​បោះឆ្នោត​ប្រជាមតិ មិន​ចង់​ផ្តាច់ខ្លួន​ពី​អង់គ្លេស​ទេ។ ប៉ុន្តែ ពេលនេះ​ អង់គ្លេស​បាន​សម្រេច​ដើរចេញ​ពី​សហភាពអឺរ៉ុប។ ដូច្នេះ ស្កុតឡែន៍​​​ក៏​អាច​រៀបចំ​ប្រជាមតិ​ដើរចេញ​ពី​អង់គ្លេស​​បានដែរ ដើម្បី​អាច​សុំខ្លួន​បន្ត​ស្ថិត​នៅអឺរ៉ុប​តទៅទៀតបាន។

ដូច​ស្កុតឡែនដ៍​​ដែរ ​​អ្នកបោះឆ្នោត​៥៦ភាគរយ​នៅ​​អៀឡង់​ខាងជើង​​បាន​សម្រេចចិត្ត​​​អោយ​អង់គ្លេស​​បន្ត​នៅ​ជា​សមាជិក​អឺរ៉ុប។ អៀឡង់​ខាងជើង​​មិនភ្លេចគុណ​​សហភាព​អឺរ៉ុប ដែលបាន​ជួយខ្លួន​​រាប់ពាន់​លាន​អឺរ៉ូ​ កាលពី​ឆ្នាំ​១៩៩៨ទេ។ កាលនោះ អឺរ៉ុប​បាន​ជួយ​អៀឡង់​ខាងជើង​អោយ​បិទបញ្ចប់​ជម្លោះ​សាសនា​ ៣ទសវត្ស​ រវាង​ក្រុម​កាតលិក និង​ប្រូតេស្តង់។ ជា​ជម្លោះ​ដែល​បាន​​ធ្វើអោយ​​មនុស្ស​ជាង​៣០០០នាក់បាត់បង់ជីវិត។

ឆ្លៀតពេល​ឃើញ​អៀឡង់ខាងជើង​​របស់​អង់គ្លេស​​ចង់អោយ​អង់គ្លេស ​បន្តនៅ​ជាសមាជិក​អឺរ៉ុប បក្ស​សាធារណរដ្ឋ​របស់​ប្រទេស​អៀឡង់​មួយទៀត ដែល​​​នៅ​ក្បែរនោះ បាន​អំពាវនាវ​អោយ​អៀឡង់​រួបរួមគ្នា ជា​ប្រទេស​អៀឡង់​តែមួយឡើងវិញ។ នេះក៏​​ជា​​​ឱកាស​អនុញ្ញាត​​​អោយ​​​​អៀឡង់​បាន​​រួបរួមគ្នា​ឡើងវិញ ក្លាយ​ជា​​ប្រទេស​ដ៏ខ្លាំងក្លា​មួយបាន​។

​ស្កុតឡែនដ៍​ ​​អៀឡង់​ខាងជើងប្រកាស​ជំហរ​ចង់​ផ្តាច់ខ្លួន​ពីអង់គ្លេស នេះ​ជា​ផលវិបាក​មួយ​ទៀត​ ដែល​អង់គ្លេស​ត្រូវប្រឈម​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ