អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​​សង្គ្រោះ​​ជាតិ​​​នឹង​​ធ្វើ​​ពហិការ​​កិច្ច​​ប្រជុំ​​រដ្ឋ​សភា​​ព្រឹក​​ថ្ងៃ​​អង្គារ

អ្នក​​តំណាងរាស្ត្រ​ ​ទាំងអស់​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ជា​ វិសមញ្ញ​ទេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​មករា​ស្អែក​នេះ ​ដោយ​គណបក្ស​ប្រឆាំង​មួយ​នេះ​យល់ថា ​របៀបវារៈ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពួកគេ​ចង់បាន​។ ​កិច្ច​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​អង្គារ​គឺ​ផ្តោត​ទៅលើ​វិសោធនកម្ម​ បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ​ប្រការ​៤៨​ថ្មី​(បី)​ត្រលប់​ទៅយក​ខ្លឹមសារ​​ប្រការ​៤៨​ថ្មី​​​(ពីរ) ​វិញ ​ដែល​ធ្វើ​ឲ្យ​មានការ​បាត់បង់​តួនាទី​ប្រធាន​ក្រុម​ភាគតិច​​និង​​ប្រធាន​​ក្រុម ​ភាគ​ច្រើន​​នៅ​ក្នុង​​រដ្ឋសភា​​។

រដ្ឋសភាជាតិ ប្រជុំសភាពេញអង្គ កាលពីពេលកន្លងទៅ។
រដ្ឋសភាជាតិ ប្រជុំសភាពេញអង្គ កាលពីពេលកន្លងទៅ។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ការ​ជូនដំណឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ​ដែលថា​គណបក្ស​មួយ​នេះ​នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​វេលា​ម៉ោង​៩​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​រាជធានី​ភ្នំពេញ ​មានន័យ​ថា​អ្នក​តំណាងរាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​នឹង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ​ជា​វិសាមញ្ញ​ទេ ​នា​ព្រឹក​ថ្ងៃ​ដដែល​​។

លោក ​កែវ ភិរម្យ​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្តក្រចេះ ​និង​ជា​អគ្គលេខាធិការ​រង​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI ​ថា លោក​ស៊ុន ឆ័យ អភិបាល​ក្រុម​សមាជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ ​ដែល​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​មិន​ចូលប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា​។ ​តាម​លោក ​កែវ ភិរម្យ ​ប្រធានបទ​ចំនួន​២​នឹងត្រូវ​លើកឡើង​ដោយ​លោក ​សុន ឆ័យ ​នៅ​ចំពោះមុខ​អ្នកកាសែត​ ក្នុងនោះ​មាន​ទី​១ ​ទាក់ទង​ទៅនឹង​វិសោធនកម្ម​មាត្រា​៤៨​ថ្មី​(បី) ​ហើយ​ទី​២ ​នឹងមាន​ការ​លើកឡើង​ពី​សកម្មភាព​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​ ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

ទោះយ៉ាងណា ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​មិនបាន​បង្ហាញ​នូវ​កង្វល់​អ្វី​ទេ​ជុំវិញ​ពហិការ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​។ ​លោក​លើកឡើង​ថា​អវត្តមាន​របស់​អ្នក​តំណាងរាស្ត្រ​បក្សប្រឆាំង​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ ​ក្នុងនាម​ជា​អ្នក​តំណាង ​និង​ម្យ៉ាងទៀត​​ដំណើរ​ការ​នីតិវិធី​នៃ​កិច្ចប្រជុំ​សភា​នឹង​ប្រព្រឹត្តិ​ទៅដោយ​រលូន​តាម​យន្តការ​៥០​ភាគរយ​បូក​១ ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ​។ ​សម្លេង​៥០​ភាគរយ​បូក​១ ​គឺ​ត្រូវការ​តែ​៦៣​រូប​ប៉ុណ្ណោះ ​ក្នុង​ចំណោម​សមាជិក​សភា​គណបក្ស​ប្រជាជន​សរុប​ចំនួន​៦៨​រូប​។

កាលពី​ថ្ងៃ​ទី​២៦​ខែ​មករា ​កន្លង​ទៅ​នេះ ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​បាន​អនុម័ត​យល់ព្រម​លើ​សំណើរ​សុំ​កោះប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ ​ដើម្បី​ពិនិត្យ​និង​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ជំពូក​ទី១២ថ្មី ​ប្រកា​រ​៤៨​ថ្មី​(បី) ​នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​។​ ភា្លម​ៗ​នោះដែរ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ ហូ វ៉ាន់ បាន​ប្រាប់​អ្នកកាសែត​ថា ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ពិបាក​នឹង​ចូលរួម​ណាស់ ​ដោយហេតុថា ​ជាស​កម្ម​ភាព​ផ្ទុយ​នឹង​ការ​ទាមទារ​របស់​ខ្លួន ​ដែល​ចង់​រក្សាទុក​ប្រការ​៤៨​ថ្មី​(បី) ​ប្រៀប​បាន​នឹង​រក្សា​វប្បធម៌​សន្ទនា​ឲ្យ​នៅ​គង់វង្ស​ដូច្នោះ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ