អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការលើកលែងទោសអន្តរជាតិធ្វើយុទ្ធនាការឲ្យដោះលែង លោក កឹម សុខា

អង្គការ​លើកលែង​ទោស​អន្តរជាតិ( Amnesty International) ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ជា​បន្ទាន់​ចំពោះ​ករណី​ចាប់​ឃុំខ្លួន​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​រូបនេះ​។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន ចេញ​ថ្ងៃទី​២១​ធ្នូ​។ ជាកត់​សម្គាល់​ យុទ្ធនាការ​នេះ​កើត​ឡើងស្រប​ពេល​ដែល​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​ឃុំខ្លួន​បែប​បំពាន​កំពុង​ពិនិត្យ​មើលបណ្តឹង​របស់​កញ្ញា​កឹម មនោវិទ្យា​ដែល​ស្នើ​ឲ្យ​ចុះ​មក​ស៊ើប​អង្កេត​ករណី​ឃុំ​ខ្លួន​ឪពុក​របស់​នាង​។​

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅទីក្រុងឡុងដ៍ ​ប្រទេស​អង់គ្លេស​មួយ​នេះ បាន​បើកឲ្យ​មាន​ការ​សរសេរ​លិខិត​ជាភាសារ​ខ្មែរ អង់គ្លេស ឬ​ក៏​ភាសារ​ដទៃ​ទៀត (សំរាប់ជន​បរទេស) ដោយ​ទាមទារ ឲ្យ​អាជ្ញាធរកម្ពុជា​ដោះលែងលោក​កឹម សុខា និង​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​លើ​រូប​លោក​។​លើសពីនេះ​ទៀត យុទ្ធនា​ការ​នេះក៏​បានទាម​ទារ​ផង​ដែរ ឲ្យ​លោក កឹម សុខា បាន​ជួប​មេ​ធាវី និង​ក្រុមគ្រួសារ​ហើយ​ទទួល​បាន​ការ​ថែទាំ​សុខាភាពដោយ​ឥត​មាន​ការ​រិត​បន្តឹង​ក្នុង​អំឡុង​ពេល​ដែល​លោក​ជាប់​ឃុំ។

ក្រៅពី​នោះ​យុទ្ធនាការ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​មួយនេះ ក៏​ទាមទារ​ឲ្យ​សកម្មជន​នយោបាយទាំង​អស់អាច​ធ្វើ​សកម្មភាព​ក្នុង​ការ​បញ្ចេញមតិ​និង​ជួបជុំគ្នា​ដោយ​គ្មាន​ការ​ភ័យខ្លាច​ពីការ​ចាប់ខ្លួន​ឬ​ការ​រំខានណាមួយ។

សូម​បញ្ជាក់ថា យុទ្ធនា​ការទាម​ទារឲ្យ​ដោះលែង លោក កឹម សុខា នេះធ្វើ​ឡើង​ស្របពេលគ្នា​ដែល​កញ្ញា កឹម មនោវិទ្យា បានថ្លែង​កាលពីថ្ងៃសុក្រ​ថា ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.) ទទួល​បន្ទុក​ការ​ឃុំខ្លួន​បែប​បំពាន បាន​ទទួល​ពាក្យ​បណ្តឹង​ពីក្រុម​មេធាវី​របស់នាង​ដែល​សុំឲ្យ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ(UN)ចុះមកស៊ើប​អង្កេត​ការ​ឃុំខ្លួន​លោក កឹម សុខា។ បើតាមកញ្ញា កឹម មនោវិទ្យា វិធានការ​បន្តបន្ទាប់​គឺ​គេនឹង​ទាក់ទង​ទៅអាជ្ញាធរ​កម្ពុជា ដើម្បី​ស៊ើបសួរ​រឿងនេះ ហើយបើ​ចាំបាច់គេ​នឹង​ចុះ​ទៅធ្វើការ​ស៊ើប​អង្កេត​ដល់ប្រទេស​កម្ពុជា​តែម្ដង​។

សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ចាត់ទុក​យុទ្ធនាការ​របស់អង្គការ​លើក​លែង​អន្តរជាតិ និង​បណ្តឹង​របស់​កូន​ស្រី លោក កឹម សុខា ទៅ​កាន់​អង្គការ​សហប្រជាជាតិ​សុំ​ចុះ​មក​ស៊ើប​អង្កេត​ករណី​ឃុំ​ខ្លួន​ឳពុក​របស់​នាង​ថា​ជា​សិទ្ធិ​របស់​ពួកគេ​។​ប៉ុន្តែ​លោក សុខ ឥសាន អះអាងថា​យុទ្ធនាការនេះមិនមាន​ឥទ្ធិពលលើ​ចំណាត់​របស់តុលាការ​កម្ពុជា​ដែល​ធ្វើ​ទៅតាម​ច្បាប់​របស់ខ្លួន​នោះ​ទេ។

គួរំលឹកថា​លោក កឹម សុខា ត្រូវបាន​​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​អធ្រាត្រ​យប់​ថ្ងៃ​ទី៣​ខែកញ្ញាឆ្នាំ២០១៧ ដោយ​មាន​កម្លាំង​ប៉ូលីស​ប្រហែល​១០០​នាក់ និង​កង​អង្គរក្សរបស់​លោក ហ៊ុន សែន ៨​នាក់​ផង​ដែរ។នេះបើ​តាម​ការកត់​សម្គាល់​របស់​អង្គការAmnesty International។ ក្រោយការ​ចាប់​ខ្លួន អាជ្ញាធរ​ខ្មែរ​ក៏បានបញ្ជូន​លោក​ទៅឃុំនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្តត្បូងឃ្មុំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឃុប​ឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជាឬហៅថា​បទ​ក្បត់ជាតិ ដោយ​យោង​លើ​វីដេអូ​មួយ​ដែល​លោក​បាន​ថ្លែង​នៅ​ក្រៅ​ប្រទេស​តាំងពី៥ឆ្នាំមុន។ប៉ុន្តែ​លោក កឹម សុខា ធ្លាប់​បាន​បក​ស្រាយ​តាម​រយៈ​មេធាវី​របស់លោកថា វីដេអូនោះ​ត្រូវ​បាន​គេ​កាត់​ជា​កង់ៗ ដែល​​ខុស​ពី​ខ្លឹម​សារ​ដើម​ដែលលោក​​បាន​និយាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ