អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​ មិនទាន់​មើលឃើញថា​​ទឹក​ជំនន់​​បង្ក​​ផល​ប៉ះពាល់​​ដល់​​កំណើន​សេដ្ឋ​កិច្ច​​ទេ

ទោះបីជា​ទឹកជំនន់បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ បំផ្លាញ​ដំណាំ​កសិកម្មនិង​ធ្វើ​ឲ្យ​ការប្រកបមុខរបរ​អា​ជីវ​កម្ម​មួយចំនួន​រាំងស្ទះ​ក៏ដោយ ក៏​អ្នកជំនាញ​សេដ្ឋកិច្ច​មិនទាន់​មើលឃើញថា វា​អាច​បង្ក​ផលប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជាក្នុង​ឆ្នាំ២០១៣នេះ​នៅឡើយ​ទេ។ ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ជុំវិញ៧ភាគរយ​ក្នុង​ឆ្នាំ ២០១៣នេះ។

ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញក្នុងឆ្នាំ២០១៣។​
ទិដ្ឋភាពទឹកជំនន់នៅភ្នំពេញក្នុងឆ្នាំ២០១៣។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទឹកជំនន់​ឆ្នាំ ២០១៣នេះ បានសម្លាប់​មនុស្ស ១៦៨ នាក់ ប៉ះពាល់​ដល់​ប្រជាជន​ជាង ២លាន​នាក់ និង​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង ៣០ម៉ឺន​ហិកតា។ គ្រោះទឹកជំនន់​នេះ​ក៏បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ដែល​សរុប​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ។ នេះ​បើតាម​តួលេខ​បណ្តោះអាសន្ន​ផ្តល់​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ ប៉ុន្តែ វា​មិនទាន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​នៅឡើយ​ទេ។

នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំ​ប្រទេស​កម្ពុជា លោក Eric Sidgwick បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការខូចខាត​ដែល​បណ្ដាលមកពី​គ្រោះទឹកជំនន់​ក្នុង​ឆ្នាំ២០១៣នេះ​ មាន​ផល​ពាល់​តិចតួច​ប៉ុណ្ណោះ​មកលើ​សេដ្ឋកិច្ចកម្ពុជា។

លោក​បញ្ជាក់ថា ការខូចខាត​នេះ​គ្រាន់​តែមាន​ក្នុង​រយៈពេល​បណ្ដោះអាសន្ន​ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​សញ្ញា​វិជ្ជមាន​ដដែល។

កាលពី ឆ្នាំ២០១១ គ្រោះទឹកជំនន់​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំនេះ​ទៅទៀត តែ​វា​គ្មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នោះទេ។ យ៉ាងណាក៏ដោយ អ្នកជំនាញ​របស់ ADB ព្រមាន​ថា ការ​ព្យា​ករ​ណ៍​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០១៣ នេះ​អាច​នឹងត្រូវ​កែតម្រូវ​ខ្លះប្រសិនបើ​គេ​រកឃើញថា ក្នុង​រយៈពេល​យូរ​ខាងមុខនេះ ការខូចខាត​ដោយ​ទឹកជំនន់​អាចមាន​សភាព​ធ្ងន់ធ្ងរ​នោះ។

គួរបញ្ជាក់​ផងដែរ​ថា ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ មាន​កំណើន​ក្នុង​អត្រា ៧,២ ភាគរយ នៅក្នុង​ឆ្នាំ ២០១៣នេះ ហើយ​កំណើន​នេះ​នឹង​ឡើងដល់ ៧,៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៤។ មូលដ្ឋាន​នៃ​ការ​ព្យាករ​ណ៍​នេះ ​ត្រូវបាន​គេ​ពន្យល់ថា មកពី​សសរ​ទ្រូង​សេដ្ឋកិច្ច​ទាំង៤របស់​កម្ពុជា​គឺ​វិស័យ​កាត់ដេរ ទេសចរណ៍ កសិកម្ម និង​សំណង់​សុទ្ធ​តែមាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ 

ដោយ​ឈរលើ​មូលដ្ឋាន​នេះដែរ ធនាគារពិភពលោក​ក៏បាន​ព្យាករ​ណ៍​ស្រដៀង​គ្នា​នេះដែរ​ពោលគឺ ក្នុង​ឆ្នាំ ២០១៣ នេះ ប្រទេស​កម្ពុជា​នឹង​ទទួលបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា ៧ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ