គោលនយោបាយឧស្សាហកម្ម៖ រដ្ឋាភិបាលថា មានបញ្ហាប្រឈមចំនួន៥
រដ្ឋាភិបាលកម្ពុជានៅពុធ ទី២៦ សីហានេះ បានប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តឱ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។ ការប្រកាសដែលមានការចូលរួមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ បានប្រកាសថា នៅមានបញ្ហាប្រឈមចំនួន៥ដើម្បីអាចឱ្យកម្ពុជាសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៩
គោលនយោបាយឧស្សាហកម្មថ្មីរបស់រដ្ឋាភិបាលនៅមានបញ្ហាប្រឈមគន្លឹះៗចំនួនធំៗនោះ គឺ ទី១ គឺធនធានមនុស្ស និងបច្ចេកវិទ្យាដែលនៅមានកម្រិត ហើយដែលមិនទាន់អាចឈានចាប់យកចំណេះដឹងកម្រិតខ្ពស់។ ទី២ ថ្លៃអគ្គីសនីនៅមានកម្រិតខ្ពស់ដែលមិនទាន់ឆ្លើយតបទៅតម្រូវការនៃការវិនិយោគ ទី៣ បញ្ហាហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅមិនទាន់គ្រប់គ្រាន់ពោលគឺ ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូទឹក និងសេវាកម្មសាធារណៈជាដើម។ ទី៤ គឺ ការគាំទ្រវិស័យហិរញ្ញវត្ថុដល់ការវិនិយោគនៅមានកម្រិត និងទី៥គឺ បញ្ហាទំនាក់ទំនងឧស្សាហកម្មដែលកត្តាធានាដល់ទីផ្សាការងារ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនៅគោលដៅអតិ្ថភាពស្នូលចំនួន៤នៅឆ្នាំ២០១៨ដើម្បីដោះស្រាយ។ ក្នុងនោះ គឺទី១ បញ្ចុះថ្លៃអគ្គីសនី និងការពង្រីកវិសាលភាពគ្របដណ្តប់ ទី២ ពង្រីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធពីគ្រប់គោលដៅសេដ្ឋកិច្ចតាមរយៈការកសាងផ្លូវធំៗ ហាយវ៉េ ទី៣ការពង្រឹងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញដែលគាំទ្រដល់វិស័យឧស្សាហកម្ម និងទី៤ ការកែប្រែខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ ការដាក់ចេញនៅគោលនយោបាយរបស់រដ្ឋាភិបាលស្តីពីវិស័យឧស្សាហកម្មនេះ គឺដើម្បីរុញច្រានប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយយកវិស័យឧស្សាហកម្មគឺជាមូលដ្ឋាន។
រដ្ឋាភិបាលបានបញ្ចេញរបាយការណ៍ថា គិតត្រឹម ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋកម្ពុជាម្នាក់មានចំណូលជាមធ្យមប្រមាណ១ពាន់ ១រយដុល្លាអាមេរិក(១ ១២៣ដុល្លារ) ដែលបានកើនឡើងពី ២២៩ដុល្លារកាលពឆ្នាំ១៩៩៣។ ដោយឡែកផលទុនសរុបរបស់ជាតិនៅឆ្នាំ២០១៤ មានចំនួនជាង១ម៉ឺន៦ពាន់ (១៦ ៧០៩) លានដុល្លារអាមេរិកដែលបានកើនឡើងពីជាង២ពាន់ ៤រយលានដុល្លារអាមេរិក។
ជាមួយនឹងគោលនយោបាយថ្មីនេះ រដ្ឋាភិបាលកម្ពុជា បានរំពឹងថា កម្ពុជានឹងអាចប្រែក្លាយប្រទេសពីវិស័យឧស្សាហកម្មអតិពលកម្ម ទៅជាប្រទេសឧស្សាហកម្មដោយប្រើប្រាស់ជំនាញ ការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុកដើម្បីនាំចេញ និងការដំឡើងគ្រឿងយន្តជាដើម។ យ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា ការអនុវត្តផែនការឧស្សាហកម្មរបស់កម្ពុជានឹងអាចដំណើរការបាន ប៉ុន្តែហាក់ដូចជាយឺតពេលបន្តិចទៅហើយខណៈដែលប្រទេសជិតខាងរបស់កម្ពុជាបានដើរទៅមុនកម្ពុជាជាច្រើនជំហាននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ