អានតួអត្ថបទ
កម្ពុជា

ក្រសួងមហាផ្ទៃ​មាន​គំរោង​ផ្លាស់ប្តូរ​ឈ្មោះ​ពន្ធនាគារ

មន្ត្រី​នៃ​អង្គការ​ការពារ​ស​ទ្ធិ​មនុស្ស​មិនបាន​ស្វាគមន៍​ចំពោះ​គោលបំណង​នៃ​ការចង់​ផ្លាស់ប្តូរ​ឈ្មោះ​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​របស់​ក្រសួងមហាផ្ទៃ​ទៅជា​មន្ទី​អប់រំ កែប្រែ​វិញ។ មន្ត្រី​​សិទ្ធិមនុស្ស​ថ្លែងថា ការគោរព​និង​អនុវត្ត​ច្បាប់​នៅក្នុង​ពន្ធនាគារ​ឲ្យ​បានល្អ​គឺជា​ការប្រសើរហើយ​សំខាន់​ជាង​ឈ្មោះ​ទៅទៀត។

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​ថ្លែងថា​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​នៅលើ​ពិភពលោក ហើយ​មាន​ការគោរព​សិទ្ធិមនុស្ស​នោះគេ​លែង​ប្រើ​ឈ្មោះ​ពន្ធនាគារ​ទៀតហើយ។ ការ​ពោល​បែបនេះ​គឺ​ចំ​ពេលដែល​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការចង់​ដូរ​ឈ្មោះ​ពន្ធនាគារ​ខ្មែរ​ទៅជា​មន្ទី​អប់រំ​កែប្រែ។

លោក នី ចរិយា បាន​បន្តថា ការផ្លាស់​ប្រូ​រ​ឈ្មោះ​មិនមែនជា​កត្តា​សំខាន់​នោះទេ អ្វីដែល​សំខាន់គឺ​ក្រសួងមហាផ្ទៃ​ត្រូវតែ​ជម្រុញ​ឲ្យ​មានការ​អនុវត្ត​ការគោរព​សិទ្ធិ​នៅក្នុង​ពន្ធនាគារ ទៅតាម​កំរិតស្តង់ដារ​អប្បបរមា នៅក្នុង​ពន្ធនាគារ បើ​ពុំ​ដូច្នោះ​ទេ លោ​កថា​ចង់​ដាក់ឈ្មោះ​ជា​សណ្ឋាគារ​ក៏​មិនមាន​ន័យ​អ្វី​ដែរ។ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​អះអាងថា សព្វថ្ងៃ​មានការ​រំលោភសិទ្ធិ​នៅក្នុងពន្ធនាគារ​ជាច្រើន អំពើពុករលួយ​ក៏មាន ពី​ការយក​ប្រាក់​ពី​សាច់ញាតិ​ដែល​ទៅសួរសុខទុក្ខបងប្អូន​ដែល​ជាប់ទោស​នៅក្នុង​ពន្ធនាគារ និង​ការ​បណ្តោយ​ឲ្យ​វាយ​ធ្វើបាប​អ្នកទោសថ្មីៗពី​សំណាក់​អ្នកទោសចាស់ៗ និង​បញ្ហា​បរិស្ថាន​នៅក្នុង​ពន្ធនាគារ​ផងដែរ។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ​នេះ នៅក្នុង​ពិធី​មួយ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ពន្ធនាគារ​ដែល​ក្រសួង​មានបំណង​កែប្រែ​ឈ្មោះ​ទៅជា​មន្ទីរ​កែប្រែ​នោះ គឺមាន​សភាព​មិន​ដូច​ការគ្រប់​គ្រង​មុនៗទេ ដែល​កាលពីមុន​មិនសូវមាន​នរណា​ហ៊ាន​ទៅ​ក្បែរ​ឡើយ។ ការដូរ​ឈ្មោះ​នេះ​គឺ​ចង់បង្ហាញ​ពី​ទីកន្លែង​កែប្រែ​ដែល​ត្រូវ​ផ្តល់​ជំនាញ​ដល់​អ្នកទោស ឲ្យ​ពួកគេ​មាន​ចំណោះ នៅពេលដែល​ចេញទៅ​វិញ ពួកគេ​នឹងមាន​មុខរបរ​ចៀសវាង​ការ​ប្រ​ព្រឹទ្ធិ​បទល្មើស​បន្តទៀត។

លោក​រដ្ឋលេខាធិការ នុត សាអាន ក៏បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អង្គការសិទ្ធិមនុស្ស​នានា​ជុំវិញ​បញ្ហា​នៃ​ភាពមិនប្រក្រតី​នៃ​នៅក្នុង​ពន្ធនាគារ ដូចជា​ករណី​អ្នកទោស​ថ្មី​ទើបនឹង​ចូល​ត្រូវ​អ្នកទោស​ចាស់​វាយ​ធ្វើបាន ឬក៏​សកម្មភាព​ផ្សេសៗមួយចំនួនទៀត​នោះ គឺ​មិនមាន​ទេ​ចំពោះ​ការគ្រប់គ្រង​ពន្ធនាគារ​នាពេលនេះ។

ការអះអាង​នេះ​គឺ​ដោយសារតែ​មានប​ញ្ញ​តិ ដាក់ទោស​ពិន័យ​ទៅលើ​អ្នកទទួលខុសត្រូវ​ពន្ធនាគារ​តាម​ខេត្ត​ក្រុង​ប្រសិនបើ​ពួកគេ​បាន​ប្រព្រឹត្តិ​ខុស។

សូមបញ្ជាក់ថា​ពន្ធនាគា​រ​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន ២៧នៅ​ទូទាំងប្រទេស និង​មាន​អ្នកទោស​ប្រមាណ​ជាង១៤០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ