អានតួអត្ថបទ
កម្ពុជា

អង្គការ​​ជិត​៣០ ថ្កោល​ទោស​​ការ​បំពាន​​លើ​​បុគ្គលិក​​សិទ្ធិ​មនុស្ស​​​ពី​​​អាជ្ញាធរ​ខេត្ត​​ឧ​ត្ត​រ​មានជ័យ​

អង្គការ​​សង្គម​​ស៊ីវិល​​ជាតិ ​និង​​អន្តរជាតិ​​ចំនួន​២៧ ​អង្គភាព​​ដែល​​រួម​មាន​​ដូច​ជា​ អង្គការ​​សមធម៌​​កម្ពុជា​ លីកាដូ ​និង ​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​​ជា​ដើម​ កាល​ពី​​ល្ងាចម្សិលមិញ​​បាន​ចេញ​​សេចក្តី​​ថ្លែងការ​​ណ៍​រួម​​មួយ​​​ថ្កោល​ទោស ​និង ​ចោទ​ប្រកាន់​​អាជ្ញាធ​រខេ​ត្ត​​ឧ​ត្ត​រ​​មាន​ជ័យ​ថា​​បាន​​រារាំង​ បំពារ​បំពាន​ និង​ គំរាម​កំហែង​​​បុគ្គលិក​​សិទ្ធ​មនុស្ស​របស់​អង្គការ​សមធម៌កម្ពុជា​។ ​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​​បាន​​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​​ទាំង​នេះ​។​

បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​បើក​សិក្ខា​សាលា​នា​ពេល​កន្លង​មក​
បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​បើក​សិក្ខា​សាលា​នា​ពេល​កន្លង​មក​ @Equitable Cambodia- Facebook
ផ្សាយពាណិជ្ជកម្ម

ការ​ថ្កោលទោស​តាមរយៈ​សេចក្តី​ថ្លែង​ការណ៍រួម​នេះ បាន​កើតឡើង​ក្រោយពី​បុគ្គលិក​មួយចំនួន​របស់​អង្គការ​សមធម៌​កម្ពុជា​ត្រូវបាន​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​រារាំង និង​បំពារបំពាន​ដល់​រា​ង្គ​​កាយ​ជា​បន្តបន្ទាប់​កាលពីពេលថ្មីៗកន្លងទៅនេះ។ ការរារាំង​បានកើត​ឡើង​នៅពេលដែល​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​ផលប៉ះពាល់​ដោយសារ​ចំការ​ដំណាំ​អំពៅ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មិ​ត្រា​ផល​គ្រុប ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​កូ​ការ​កូ​ឡា​ធំ​ទី​បី​លើ​ពិភពលោក។

សេចក្តី​ថ្លែង​ការណ៍រួម​នោះ ក៏បានលើកឡើង​ពី​ការរារាំង​របស់​អាជ្ញាធ​រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លើ​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​កាលពី​ខែកញ្ញា និង​ក្នុងអំឡុង​ខែតុលា​នេះ​ដែលមាន​ទាំង​ការចាប់​ឃុំខ្លួន​បណ្តោះអាសន្ន និង ប្រើ​អំពើហិង្សា​ផងដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចោទចំៗលើ​ស្នងការរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​គឺ លោក ឡុង សុគន្ធ ថា ជា​អ្នក​រារាំង​ដល់​ការធ្វើការ​របស់​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា។

លោក ឡុង សុគន្ធ ស្នងការរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ច្រានចោល​ការចោទប្រកាន់​នោះ។ លោក​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការដែល​លោក​ឲ្យ​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​ចាក​ចេញពី​ទីនោះ​កាលពី​ខែកញ្ញា​កន្លងទៅ គឺ​មិនមែនជា​ការរារាំង​ទេ តែ​ជាការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ព្រោះ​បុគ្គលិក​ជា​ជនជាតិ​បរទេស​របស់​អង្គការ​សមធម៌​កម្ពុជា​ដែល​ចុះទៅ​នៅពេលនោះ​មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ឡើយ។ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​បុគ្គលិក​អង្គការ​សមធម៌​ម្នាក់ទៀត​កាលពី​ថ្ងៃទី ១១ តុលា លោក ឡុង សុគន្ធ បាន​អះអាងថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នោះទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ និង​តុលាការខេត្ត​ធ្វើការ​ស៊ើបអង្កេត និង​ផ្តន្ទាទោស​បុគ្គល​ដែល​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​លើ​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជាផង​ដែរ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​នោះ​តាមរយៈ​វិទ្យុ​បារាំង​អន្តរជាតិ​ថា បើ​មាន​អំពើហិង្សា និង បទល្មើស​ព្រហ្មទណ្ឌ​កើតមាន​មែន​នោះ អង្គការ​សមធម៌​កម្ពុជា​គូរ​តែ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ និង តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រសើរ​ជាង​ធ្វើការ​អំពាវនាវ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា បាន​បញ្ជាក់ថា លោក​មិនទាន់បាន​ពាក្យបណ្តឹង​នៅឡើយ​ទេ​ពាក់ព័ន្ធ​ករណីនេះ។ មិនទាន់​ដាក់ ព្រោះ​លោក​ចង់ឃើញ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ទៅលើ​បញ្ហា​ដែល​បានកើត​ឡើង និង ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់ ហើយ​ដាក់វិន័យ​រដ្ឋបាល​ដល់​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​បទល្មើស។ យ៉ាងណាក៏ដោយ នៅពេលនេះ អង្គការ​សមធម៌​កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ក្រុមអ្នកច្បាប់​ពី​ជម្រើស​ដាក់ពាក្យ​បណ្តឹង​ពី​ករណីនេះហើយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​លោក អៀង វុទ្ធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ