អានតួអត្ថបទ
កម្ពុជា

មេ​​បក្ស​ប្រឆាំង​​នឹង​​ប្រើ​​មធ្យោបាយ​​ផ្តល់​​អភ័យ​​ឯក​សិទ្ធិ​ ដើម្បី​​ឲ្យ​​លោក​មា​ជ ​សុវណ្ណារ៉ា​​មាន​​សេរីភាព​

លោក​​សម ​រង្ស៊ី ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ​បាន​ប្រកាស​​ឲ្យ​​ដឹង​​នៅ​​រសៀល​​ថ្ងៃ​​សុក្រ​ ទី​២១​ វិច្ឆិកា​​នេះ​​ថា​ លោក​​នឹង​​ចាត់​វិធាន​ការ​​ឲ្យ​​លោក​មា​ជ ​សុវណ្ណារ៉ា ​ប្រធាន​​នាយក​ដ្ឋាន​​ផ្សព្វផ្សាយ​​និង​​ព័ត៌មា​ន​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​មាន​​អភ័យ​ឯក​​សិទ្ធិ​ជា​​​តំណាង​រាស្ត្រ​​ដើម្បី​​ឲ្យ​​លោក​​មាន​​សេរីភាព​​ឡើង​វិញ។​ ជំនួប​​រវាង​​លោក​​សម ​រង្ស៊ី ​និង ​លោក​​ហ៊ុន ​សែន ​រឿង​​លោក​មា​ជ​ សុវណ្ណារ៉ា​​នេះ ​អាច​​កើត​ឡើង​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​

លោក​សម ​រង្ស៊ី ​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​សារ​រត់​ជាន់​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ឆ្នាំ​២០១៤​
លោក​សម ​រង្ស៊ី ​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​សារ​រត់​ជាន់​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២១ ​វិច្ឆិកា​ ឆ្នាំ​២០១៤​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​បន្ទាប់ពី​ចូលរួម​ក្នុង​ពិធី​បង្សុកូល​រំលឹក​វិ​ញ្ញាណ​ក្ខ​ន្ធ​ដល់​អ្នកស្លាប់​ដោយសារ​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​សម រង្ស៊ី ដែល​ទើបតែ​វិលត្រឡប់​ពី​បរទេស​វិញ បាន​ថ្លែងថា លោក​នឹង​ស្វែងរក​អភ័យ​ឯក​សិទ្ធ​ជា​តំណាងរាស្ត្រ​ដល់​លោកមា​ជ សុវណ្ណារ៉ា។

លោក​​សម​ រង្ស៊ី​៖​ "​យើង​នឹង​ធ្វើ​តាម​នីតិ​វិធី​ច្បាប់​ យើង​នឹង​ចាត់​វិធានការ​ដើម្បី​ឲ្យលោ​ក​មាជ​ សុវណ្ណារ៉ា​មាន​អភ័យ​ឯក​សិទ្ធិ​ក្នុង​ឋានៈ​ជា​តំណាង​រាស្រ្ត​"​។​

ការ​ថ្លែង​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​ឲ្យ​សកម្មជន​ជាន់ខ្ពស់​របស់ខ្លួន​មាន​សេរីភាព​ឡើងវិញ​ពី​សំណាក់​លោក​សម រង្ស៊ី នៅពេលនេះ គឺ​បាន​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសថា កិច្ចព្រមព្រៀង​បញ្ចប់​នយោបាយ​រវាង​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី២២កក្កដា មិនមែនជា​កិច្ចព្រមព្រៀង​បញ្ចប់​នីតិវិធី​ព្រហ្មទណ្ឌ​របស់​តុលាការ​នោះទេ។

គួរ​រំលឹក​ជូន​ថា លោកមា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​នឹង​សកម្មជន​មួយចំនួនទៀត​ត្រូវបាន​តុលាការ​ចាប់ខ្លួន​និង​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​សរ​ជា​បន្តបន្ទាប់​កាលពី​សប្តាហ៍​មុន។ ប្រឈម​​នឹង​បញ្ហា​នេះ លោក​សម រង្ស៊ី​បាន​លើកឡើងថា ភាគី​ទាំងពីរ​ត្រូវតែ​ខិតខំ​បញ្ចប់​ភាព​តានតឹង​ទាំងនេះ។ ភាព​តានតឹង​ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ចាត់ទុកថា កើតចេញពី​ស្ថាន​ការ​នយោបាយ​ក្រោយ​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី ស​ង្ឈឹ​ម​ថា លោក​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​និយាយ​អំពី​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុងពេលឆាប់ៗខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ