អានតួអត្ថបទ
កម្ពុជា

លោក ធន ​សារាយ ​លា​ឈប់​ពី​អង្គការ​ខុម​ហ្វ្រែល​ ព្រោះ​យល់​ថា​ ការ​សង្កេតការណ៍​បោះ​ឆ្នោត ​លែង​សូវ​សំខាន់​

លោក ​ធន ​សារាយ ​សុំ​​លា​ឈប់​​ពី​​ប្រធាន​​គណៈកម្មការ​​នាយក​​អង្គការ​​ខុមហ្វ្រែល​។ ​នេះ​​បើ​តាម​​លិខិត​​របស់​លោក ​ធន ​សារាយ ផ្ញើ​ជូន​​សមាជិក​​គណៈកម្មកា​​រ​នាយក​​ខុម​ហ្វ្រែល ​ចុះ​​ថ្ងៃ​ទី​០៥​សីហា ​និង​​ដែល​​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ជា​​សាធារណៈ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិល​មិញ​។ ​បើ​តាម​​លិខិត​​ដដែល ​លោក ​​ធន​ សារាយ​​លា​ឈប់​​ពី​​អង្គការ​​ខុមហ្វ្រែល​ ដោយ​សារ​តែ​​លោក​​មមា​ញឹក​​ជាមួយ​​ការងារ​​នៅ​​អង្គការ​​អាដហុក ​និង​​ម្យ៉ាង​ទៀត ​ដោយ​សារ​តែ​​លោក​​យល់​ថា ​ការ​សង្កេត​​ការណ៍​​បោះ​ឆ្នោត ​ពុំ​​សូវ​​មាន​​សារៈ​សំខាន់​​ដូច​​មុន​​ទៀត​។​

លោក ​ធន ​សារាយ ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​អាដ​ហុក​។
លោក ​ធន ​សារាយ ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​អាដ​ហុក​។ Bona/RFI
ផ្សាយពាណិជ្ជកម្ម

លោក​ ធន សារាយ ដែលជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណៈកម្មការ​នាយក នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល។ ជា​តំណែង​ដែល​លោក​កាន់កាប់​តាំងពី​ឆ្នាំ១៩៩៥មក។

លោក ​ធន សារាយ បានបញ្ជាក់​នៅក្នុង​លិខិត​សុំ​លាឈប់​ថា ការលាឈប់​របស់លោក ធ្វើឡើង​ដោយ​សង្កេត​ការវិវត្តន៍​ចុងក្រោយ​នៃ​ស្ថានភាព​នយោបាយ ដែល​អាច​ឈានទៅរក​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ ក្នុង​បរិបទ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​ការផ្លាស់ប្ដូរ​សមាសភាព គជប ថ្មី ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ជាដើម។

តាមរយៈ​ការកែទម្រង់​នេះ លោក ​ធន សារាយ​សង្ឃឹមថា ដំណើរការ​បោះឆ្នោត​នឹងមាន​ភាពល្អ​ប្រសើរឡើង។ លោក​យល់ឃើញថា ការងារ​អង្កេត​ទៅលើ​ការបោះឆ្នោត​ពី​សំណាក់​សង្គម​ស៊ីវិល ពុំ​សូវ​មាន​សារៈសំខាន់​ដូច​មុន​ទៀត និង​ដោយសារតែ​លោក​មាន​ភាព​មមាញឹក​លើ​កិច្ចការ​សិទ្ធិមនុស្ស លោក​ក៏​សម្រេច​លាឈប់​ពី​ប្រធាន​គណៈកម្មការ​នាយក​អង្គការ​ខុមហ្វ្រែល។

បើតាម​លោក ​ធន សារាយ សមាគម​អាដហុក មើលឃើញថា អំពើហិង្សា​នយោបាយ និង​ការរំលោភ​សិទ្ធិមនុស្ស​តាម​រូបភាពផ្សេងៗ នៅតែ​ជា​ក្ដីកង្វល់​ដ៏​ធ្ងន់ធ្ងរ។ ដូច្នេះហើយ​ទើប​សមាគម​អាដហុក ត្រូវតែ​ប្រមូល​ធនធាន​ដែល​ខ្លួន​មាន ទាំង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ដើម្បី​យកចិត្តទុកដាក់ ខិតខំ​តាមឃ្លាំមើល​ទិដ្ឋភាព​សិទ្ធិមនុស្ស និង​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​នានា។ ភាពមិនប្រក្រតី ដែល​ដូចជា​អំពើហិង្សា​នយោបាយ ការ​គម្រាមកំហែង ការបំភិតបំភ័យ មុនពេល អំឡុងពេល និង​ក្រោយពេល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​បោះឆ្នោតជាតិ នាពេលខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ