អានតួអត្ថបទ
កម្ពុជា

សហជីព​​កម្មករ​ បង្ហាញ​​ជំហរ​​ខ្វែង​គ្នា​​ចំពោះ​​ការ​ទាម​ទារ​​ឡើង​​ប្រាក់​ខែ​​កម្មករ​

ដូច​​ការ​គ្រោង​ទុក​ នៅ​​ព្រឹក​​ថ្ងៃ​ទី​១៦​តុលា​​នេះ ​មេ​ដឹក​នាំ​​សហជីព​​កម្មករ​​មក​ពី ​៨ ​ស្ថាប័ន ​ដែល​​បាន​ធ្វើ​​យុទ្ធនាការ​​ទាមទារ​​ឡើង​​ប្រាក់​ខែ​​កម្មករ​ រួមមាន​៖ ​សហជីព​​របស់​លោក​​អាត់ ​ធន់ ​និង​​សហជីព​​លោក​​ប៉ាវ ​ស៊ីណា ​ជាដើម​ បាន​​ជួប​​ជាមួយ​​លោក ​អ៊ិត ​សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ​ និង​​​ជា​​ប្រធាន​​គណៈកម្មការ​​ប្រឹក្សា​​ការងារ​ ដើម្បី​​ពិភាក្សា​​ពី​​ការ​ដំឡើង​​ប្រាក់​​ឈ្នួល​​អប្បបរមា​។ ​ក្នុង​​កិច្ច​ប្រជុំ​​ប្រហែល​២ ​ម៉ោង ​នៅ​​ក្រសួង​​ការងារ​ មេ​ដឹក​នាំ​​សហជីព​ បាន​បង្ហាញ​​ជំហរ​ផ្សេង​ៗ​ពី​គ្នា​លើ​​ការ​ទាមទារ​​ប្រាក់​ខែ​​កម្មករ​។ ​សហជីព​​ភាគ​ច្រើន​ទាមទារ​​ឡើង​​ប្រាក់ខែ​​កម្មករ​​សម្រាប់​​ឆ្នាំ​២០១៥ ​ត្រឹម​ ១៥០​ ដុល្លារ​។​

ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​​១២​តុលាម្សិល​មិញ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។
ក្រុម​កម្មករ​រាប់​រយ​នាក់ពាក់​អាវ​ពណ៌​ផ្កាឈូក​​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​​១២​តុលាម្សិល​មិញ​នៅ​ក្នុង​វេទិកា​កម្មករ​ និយាយ​ពី​ប្រាក់​ខែ​សមរម្យ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជា​ជំហរ​ថ្មី ធ្វើឡើង​ដោយផ្ទាល់​មាត់ ចំពោះមុខ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី១៦តុលា​នេះ។ នោះ​គឺ​មេដឹកនាំ​សហជីព​កម្មករ ចំនួន ៨ ស្ថាប័ន ដែល​បានធ្វើ​យុទ្ធនាការ ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​ឆ្នាំ២០១៥ បានបង្ហាញ​ជំហររៀងៗខ្លួន។ មេដឹកនាំ​សហជីព​ស្ទើរតែ​ទាំងអស់ បានបង្ហាញ​ជំហរ ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ នៅត្រឹម ១៥០ ដុល្លារ។ ប៉ុន្តែ​សហជីព​កម្មករ​របស់​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ នៅ​រក្សា​ជំហរ ១៧៧ ដុល្លារ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ស្ថិត​ក្នុងចំណោម​មេដឹកនាំ​សហជីព​កម្មករ​ទាំង ៨ ដែល​ចូលជួប​លោក​រដ្ឋមន្ត្រី នៅ​ព្រឹក​មិញ បាន​លើកឡើងថា ដោយសារតែ​ជំហរ​របស់​សហជីព និង​ថៅកែ​រោងចក្រ មិន​ត្រូវរ៉ូវ​គ្នា លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ សម្រាប់​ឆ្នាំ២០១៥ ដូច្នេះ​មានតែ​លោក​រដ្ឋមន្ត្រី តំណាង​រដ្ឋាភិបាល​ទេ ដែល​ត្រូវ​វះ​ពោះ អារកាត់ លើ​ចំនួន​ប្រាក់ខែ​កម្មករ ដែល​ត្រូវ​តម្លើង នៅ​ឆ្នាំក្រោយ។

ចំណែក​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហជីព​សម្ព័ន្ធ​កម្ពុជា បាន​រក្សា​ជំហរ ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ ១៧៧ ដុល្លារ ហើយ​បាន​ព្រមាន​នៅថ្ងៃនេះ​ថា បើសិនជា​ភា​គី​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ឡើង​ប្រាក់ខែ​មិន​ដល់​ចំនួន ដែល​សហជីព​ចង់បាន​ទេ នោះ​នឹងមាន​បាតុកម្ម តវ៉ា ជាមិនខាន។

យ៉ាងណាក៏ដោយ ចំពោះមុខ​មេដឹកនាំ​សហជីព​កម្មករ ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ១៦តុលា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​សហជីព​ទាំងអស់ ជជែក​រក​មតិរួម លើ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ។

មេដឹកនាំ​សហជីព ៩ រូប មាន​ទាំង​សហជីព​របស់លោក​អាត់ ​ធន់ លោក​ប៉ាវ​ ស៊ីណា និង​សហជីព​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ជាដើម នឹងត្រូវ​ចូលរួម​កិច្ចប្រជុំ ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ២០១៥។ កិច្ចពិភាក្សា​របស់​ក្រុមការងារ ដែល​ទើប​បង្កើត មាន​តំណាង​ភាគី​កម្មករនិយោជិត ៩ រូប តំណាង​ភាគី​និយោជក ៩ រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ៩ រូប នឹង​ចាប់ផ្តើម​ប្រជុំ​ប្រចាំថ្ងៃ ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី៣០ ខែតុលា នៅ​ក្រសួង​ការងារ។

ដោយឡែក កិច្ចប្រជុំ​ត្រីភាគី​រវាង​សហជីព​កម្មករ ថៅកែ​រោងចក្រ​កាត់ដេរ និង​តំណាង​រដ្ឋាភិបាល លើ​ការសម្រេច​តម្លើង​ប្រាក់ខែ​កម្មករ សម្រាប់​ឆ្នាំ២០១៥ នឹងធ្វើ​ឡើង នៅក្នុង​ខែវិច្ឆិកា៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ