អានតួអត្ថបទ
មហោស្រព​ភាព​យន្ត

ប៉ាន់ រិទ្ធី នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ

“ស្តង់​ភាពយន្ត​ពិភពលោក” (Pavillon les Cinémas du monde) ​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​បាន​ចាប់​បើកធ្វើ​ នៅថ្ងៃ​សុក្រ​នេះ។ លោក​ប៉ាន់ រិទ្ធី សមិទ្ធិករ​ភាពយន្ត​ខ្មែរ ត្រូវ​បាន​គេជ្រើសរើស​ឲ្យ​ដឹកនាំ​ស្តង់នេះ។ ចំណែក សមិទ្ធិករ​ភាពយន្ត​ខ្មែរ​ម្នាក់​ទៀត ឈ្មោះ ហ្គីយ៉ូម សួន (Guillaume Suon) ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ក្នុង​គណៈប្រតិភូ​ នៃ​ស្តង់​នេះ​ដែរ។ 

លោក ប៉ាន់ រិទ្ធី ​អ្នក​ដឹកនាំ​ស្តង់​ភាព​យន្ត​ពិភពលោក នៅ​ឆ្នាំ ២០១០
លោក ប៉ាន់ រិទ្ធី ​អ្នក​ដឹកនាំ​ស្តង់​ភាព​យន្ត​ពិភពលោក នៅ​ឆ្នាំ ២០១០ DR
ផ្សាយពាណិជ្ជកម្ម

03:57

បទ​អន្តរាគមន៍របស់ សេង ឌីណា

សេង ឌីណា

“ស្តង់​ភាពយន្ត​ពិភពលោក” ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​២០០៩ កន្លងទៅ។ កម្មវិធី​នេះ បង្កើត​ឡើង នៅ​ក្នុង​មហោស្រព​អន្តរជាតិ​​ដ៏ល្បីល្បាញ នៅ​ទីក្រុង​កាន ប្រទេស​បារាំង គឺ​ក្នុង​គោលដៅ​ជួយ​លើក​តម្កើង​ភាពយន្ត មក​ពី​បណ្តា​ប្រទេស ដែល​មិនសូវ​មាន​មុខ មាន​មាត់ នៅ​ក្នុង​ការ​ប្រកួតប្រជែង​មហោស្រព​ភាពយន្ត។

 
លោក ​ប៉ាន់ រិទ្ធី ត្រូវបានគេជ្រើសរើស​ឲ្យ​ធ្វើ​ជា “ឳពុកធម៌” របស់​​សមិទ្ធិករ​កុន​ស្រករ​ក្រោយ​ចំនួន​១២​នាក់ មក​ពី​ប្រទេស​ចំនួន ១២​ ដែល​គេ​ជ្រើសរើស​ឲ្យ​ចូល​រួម​ក្នុង​​ស្តង់​ភាពយន្ត​ពិភពលោក​នេះ។ រួមជាមួយ​នឹង​តារាភាពយន្ត​ដ៏ល្បីល្បាញ​របស់​បារាំង ឈ្មោះ Sandrine Bonnaire លោក​ប៉ាន់ រិទ្ធី នឹង​ជួយ​មើល​ការខុសត្រូវ ណែនាំ និង​ផ្តល់​យោបល់ ដល់​សមិទ្ធិករ​ទាំង​១២​រូប ព្រមទាំង​ធ្វើ​សកម្មភាព​ផ្សេង​ទៀត ក្នុង​គោលដៅ​លើក​តម្កើង​វិស័យ​ភាពយន្ត​​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ។

ចូល​រួម​ក្នុង​ពិធីបើកសម្ពោធ​ស្តង់​ភាពយន្ត​ពិភពលោកនេះ យើង​ឃើញ​មាន​ជា​អាទិ៍ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បារាំង ទទួលបន្ទុក​កិច្ចការ​ប្រទេស​និយាយភាសាបារាំង​ អភិបាល​ក្រុង​កាន អគ្គនាយក​ RFI-France24-TV5 Monde ព្រមទាំង​ឥស្សរជន​ផ្សេង​ទៀត​មក​ពី​បណ្តា​ប្រទេស​នៅអាហ្វ្រ៊ិក។

លោក​ហ្គីយ៉ូម សួន (Guillaume Suon) អ្នករៀបចំថត​កុនឯកសារ​រឿង រំឭកពី​ឳពុក​ខ្ញុំ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ស្តង់​ភាពយន្ត​ពិភពលោ​ក​នេះ​ដែរ។ កុន​របស់​លោក​នឹង​ត្រូវ​គេ​ដាក់​បញ្ចាំង នៅ​ក្នុង​ផ្សារភាពយន្ត នៅ​ថ្ងៃ​ទី២០ ឧសភា ខាងមុខ។ ចាប់ពីពេលនេះ រហូត​ដល់​ការបិទបញ្ចប់​មហោស្រព​ភាពយន្ត លោក​​ហ្គីយ៉ូម សួន រួមជាមួយ​នឹង​សមិទ្ធិករ​ភាពយន្ត ១១​រូប​ផ្សេងទៀត នឹង​មាន​​ឱកាស​ជួបជាមួយ​អ្នក​សារព័ត៌មាន អ្នកជំនាញ​ខាង​វិស័យ​ភាពយន្ត និង​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សេងៗ ស្តីពី​វិស័យ​ភាពយន្ត។

នៅ​ក្នុង​ឱកាស​សម្ពោធ​បើក​ស្តង់​ភាពយន្ត​អន្តរជាតិ លោក​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បារាំង​បាន​ថ្លែង​សន្យាថា​នឹង​ខិតខំ​ជួយជ្រោមជ្រែង​ដល់​វិស័យ​ភាពយន្ត នៅ​តាម​បណ្តា​ប្រទេស​​និយាយ​ភាសាបារាំង​ ដែល​កម្ពុជា​ក៏ជា​សមាជិក​មួយ​ដែរ។ លោក​បាន​ថ្លែង​ថា នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​អ្នក​មាន​ទេពកោសល្យ មាន​ស្នាដៃ មាន​ការ​បង្កើត​ភាពយន្ត​ល្អៗ ដែល​គេ​ត្រូវ​តែ​សហការ​គ្នា​ថែរក្សា និង​ជំរុញ​បន្ថែម។

វិទ្យុបារាំង​អន្តរជាតិ (RFI) គឺ​ជា​ដៃគូ​ដ៏សំខាន់​មួយ​របស់​​ស្តង់​ភាពយន្ត​ពិភពលោក ចាប់​តាំង​ពី​ស្តង់​នេះ ទើប​នឹង​បង្កើត​ម៉្លេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ