អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល ៥​រូប​ទៀត ឆ្លង​ជំងឺ​ផ្តាសាយ​ជ្រូក A(H1N1)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​៥ រូប​ផ្សេងទៀត​ត្រូវបាន​ក្រសួង​សុខាភិបាល​ ឲ្យដឹងថា​បានឆ្លង​ជំងឺ​ផ្តាសាយថ្មី​ A(H1N1)។ ប៉ុន្តែ​រហូត​មកទល់នឹង​ថ្ងៃនេះ​ស្ថានភាព​សុខភាព​របស់​លោក​បាន​ វិល​ត្រឡប់​មករក​ភាពប្រក្រតី​វិញហើយ។​ ចំណែកឯ​មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត​ ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​បន្តតាមដាន​ព្យាបាល នៅ​មន្ទីរពេទ្យ​ផងដែរ។

នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ឆ្លង​មេរោគ ផ្តាសាយជ្រូក H1N1
នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ឆ្លង​មេរោគ ផ្តាសាយជ្រូក H1N1 ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:37

សេចក្តី​រាយការណ៍ របស់​នេត្រ ភក្រ្តា​ពី​ទីក្រុង​ភ្នំពេញ

បូលីន ដាវីដ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ហ៊ុន​ សែន​ រួមនឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ប្រាំរូប​ផ្សេងទៀត​បាន​ឆ្លងជំងឺ​ផ្តាសាយ​ប្រភេទថ្មី​ A(H1N1)​ ដែលគេ​ស្គាល់ថា​ ជាជំងឺ​ផ្តាសាយ​ជ្រូក​។ នេះជា​ការប្រកាស​ឲ្យដឹង​របស់​លោក​ម៉ម ​ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ កាលពី​យប់ថ្ងៃ​អង្គារ​ម្សិលមិញ​។ រហូត​មកទល់នឹង​ថ្ងៃពុធនេះ​មិនមាន​ ការវិវឌ្ឍ​អ្វីថ្មី​ជុំវិញ​សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ។ បើតាម​ការលើកឡើង​របស់​ ម៉ម​ ប៊ុនហេង​ ស្ថានភាព​សុខភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​មានភាពប្រក្រតីវិញ​ហើយ ​បន្ទាប់​ពីទទួលបាន​នូវការព្យាបាល​ដោយយក​ចិត្តទុកដាក់​ខ្ពស់​ពីសំណាក់​ក្រុមគ្រូពេទ្យ​កម្ពុជា​ដ៏ចំណាន​រួចមក។

យោងតាម​ក្រសួង​សុខាភិបាល​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បានឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ថ្មី​ A(H1N1)​ នៅថ្ងៃទី​២៥​ ខែមិថុនា​ ឆ្នាំ ២០១០​។ ថ្ងៃសុក្រ សបា្តហ៍ មុន គណៈរដ្ឋមន្រ្តី​បានប្រារព្ធ ការប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ក្រោម​អធិបតភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​។ ក្រសួង​សុខាភិបាល​បានឲ្យដឹងថា​ បន្ទាប់​ពីកិច្ចប្រជុំនោះ​មក មាន​លេចឡើង​នូវ​ឧប្បតិ្តហេតុ​នៃជំងឺ​គ្រុនផ្តាសាយ​ថ្មី ​AH1N1​ ដែលបានឆ្លងទៅ​លើរូប​លោក​នាយក​រដ្ឋមន្រ្តី និងតម្រូវឲ្យមាន​វិធានការ​ព្យាបាល​ជាបន្ទាន់​មួយ។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ម​ ប៊ុនហេង ​បានបន្ថែម​ទៀតថា ​ឧប្បត្តិ​ហេតុ​នេះ បានបង្ខំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​អវត្តមាន នៅក្នុង​ពិធីខួប​កំណើត​លើកទី​ ៥៩ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវ​លុបចោល​កម្មវិធី​ការងារ​មួយ​ចំនួនទៀត។ ក្រសួង​សុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​នេះ​កើតឡើង​ រដ្ឋាភិបាល​ក៏បានចាត់​វិធានការ​ជាបន្ទាន់។

ការធ្វើ​តេស្ត​ចំពោះ​ឥស្សរជន​ទាំងអស់​ដែល​បាន​ចូលរួម​ប្រជុំ​ក្នុង​អង្គ​គណៈរដ្ឋមន្រ្តី​ រកឃើញ​នូវមុខសញ្ញា​វិជ្ជមាន​នៃជំងឺ​ផ្តាសាយថ្មី​ AH1N1​ លើ​រូបលោក​ឧបនាយក​រដ្ឋមន្រ្តី​ យឹម ឆៃលី​ លោក​ទេសរដ្ឋមន្រ្តី ​ឆាយ ​ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ លោក​តាវ​ សេងហួរ​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូបទៀត​ផ្សេងទៀត។​ ក្រសួង​ក៏បាន​ថ្លែង​ថា ឥស្សរជន​ទាំងនេះ​ក៏ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​កំពុងធ្វើ​ការព្យាបាល​ដោយយក​ចិត្ត​ទុកដាក់​ដែរ។

សេចក្តី​ជូនដំណឹងនេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ នៅ​តាម​ប្រព័ន្ធ​ផ្សាយ បំណង​ដើម្បី​ជូនដំណឹង​ដល់​សាធារណ​ជន​ទាំងអស់​ ដើម្បី​បំបាត់​ការងឿងឆ្ងល់​ចំពោះ​អវត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និងដើម្បី​បញ្ជៀស​ការរាដាលនៃ​ជំងឺនេះ​ ដោយសារ​មិន​បាន​ចាប់​អារម្មណ៍​យកចិត្តទុកដាក់។

គួរបញ្ជាក់​ថា យោងតាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​ រហូតដល់​ថ្ងៃទី ២៤​ ខែមិថុនា​ ឆ្នាំ ២០១០​ ប្រទេស​កម្ពុជា​មានការឆ្លងជំងឺ​គ្រុនផ្តាសាយ​ប្រភេទថ្មី​ A(H1N1) ឬផ្តាសាយ​ជ្រូក​ ចំនួន​ ៥៩១​ករណី​ ដែល​ក្នុងនោះ​មាន​មនុស្ស​ចំនួន​ ៦​ នាក់​បានស្លាប់​បាត់បង់ជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ