អានតួអត្ថបទ
សេណេហ្គាល់

លោកបារ៉ាក់​ អូបាម៉ា ទស្សនកិច្ច «ផ្ទះទាសករ» នៅសេណេហ្គាល់

ក្នុងដំណើរទស្សនកិច្ចមួយសប្តាហ៍​នៅអាហ្វ្រិក លោកបារ៉ាក់ អូបាម៉ា ​បានទៅដល់ប្រទេសសេណេហ្គាល់​ហើយ។​លោកបានធ្វើដំណើរទៅដល់កោះ​ហ្គោរ៉េ(Gorée)ដើម្បីពិនិត្យមើលផ្ទះ​របស់ទាសករ និងក៏បានរម្លឹកគុណដល់​លោកណែលសុន ម៉ុនដឺឡា​វីរជនរបស់ពិភពលោកផងដែរ។

លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា​​​ បានធ្វើទស្សនៈកិច្ចទៅកាន់កោះហ្គោរ៉េ(Gorée)នៅអាហ្វ្រិក​ខាងត្បូង
លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា​​​ បានធ្វើទស្សនៈកិច្ចទៅកាន់កោះហ្គោរ៉េ(Gorée)នៅអាហ្វ្រិក​ខាងត្បូង REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

ក្នុងដំណើរទស្សនកិច្ច​លើកដំបូងរបស់ខ្លួន​ទៅកាន់ទ្វីបអាហ្វ្រិកចាប់តាំង​ពីលោកបានឡើងធ្វើ​ជាប្រធានាធិបតីអាមេរិកមក ​លោកអូបាម៉ា ត្រូវបាន​ស្វាគមន៍កាលពី​ម្សិលមិញ​ដោយលោកMacky Sall ប្រធានាធិបតីសេណេហ្គាល់ ​និងភរិយា។

លោកអូបាម៉ាដែលអមដំណើរ​ដោយភរិយា​ និងកូនស្រីទាំងពីរ​ផងបានទៅ​ដល់កោះ Gorée ​ដើម្បីមើលផ្ទះទាសករ​ដែលជាទីតាំង​នៃការចងចាំដ៏សោក​សៅរបស់ទ្វីប​អាហ្វ្រិក។ ​ទីតាំងនេះធ្លាប់ត្រូវបាន​ប្រធានាធិបតីអាមេរិកពីររូប​ហើយដែលបាន​ទៅទស្សនកិច្ច​នៅទីនោះគឺ​លោក Bill Clinton និង​លោក  George W. Bush។ ​

ដោយសម្តែងពី​អារម្មណ៍ដ៏ក្តុកក្តួល ​ប្រមុខរដ្ឋអាមេរិក​ដែលមានឈាមជ័រអាហ្វ្រិក​រូបនេះបានអះអាងថា ​ទស្សនកិច្ចនេះ​បានជំរុញឲ្យលោកមានទឹកចិត្ត​កាន់តែ​ពុះកញ្ជ្រោលថែមទៀត​ក្នុងការការពារ​សិទ្ធិមនុស្សនៅ​ក្នុងពិភពលោក។

ក្នុងសន្និសីទកាសែត​រួមគ្នាជាមួយប្រធានាធិបតី​សេណេហ្គាល់ លោក អូបាម៉ា​ បានសម្តែងការគោរព​ដឹងគុណចំពោះលោក ​ណែលសុន ម៉ុនដឺឡា​ អតីតប្រធានាធិបតី​អាហ្វ្រិកខាងត្បូង ​និងជាវីរជន​របស់ពិភពលោក​ ក្នុងការតស៊ូប្រឆាំងការរើសអើង​ជាតិសាសន៍នៃរបបអាផាថេត។​ លោកបានថ្លែងថា ​ណែលសុន ម៉ុនដឺឡា ​គឺជាវីរជន​ម្នាក់របស់លោក​ ហើយក៏ជា វីរជនរបស់ពិភពលោក​ទាំងមូលផងដែរ។​ប្រសិនបើលោក​ម៉ុនដឺឡា លាចាកលោកនេះទៅ​ក៏មរតករបស់លោកនឹងស្ថិតនៅ​ជានិច្ចជាមួយពិភព​លោក។​​

ឆ្លើយតបនឹងសំណួរ​របស់អ្នកកាសែត ​លោកអូបាម៉ាក៏បានបញ្ជាក់ថា ​ការសម្រេច​របស់តុលាការ​កំពូលអាមេរិក​ក្នុងការលុបចោលច្បាប់​ហាមឃាត់អាពាហ៍ពិពាហ៍មនុស្ស​ភេទដូចគ្នា​គឺជាជោគជ័យថ្មី​មួយទៀត​សម្រាប់ប្រជាធិបតេយ្យ​នៅសហរដ្ឋ​អាមេរិក។ លោកអះអាងថា ​ទោះបីជាមានជាតិសាសន៍​ខុសគ្នា កាន់សាសនាខុសគ្នា​ និងមានភេទ​អ្វីក៏ដោយ​ ក៏មនុស្សត្រូវមានសិទ្ធិស្មើគ្នា។​

លោកអូបាម៉ា​ត្រូវបន្តដំណើរទស្សនកិច្ច​របស់ខ្លួនទៅកាន់​អាហ្វ្រិកខាងត្បូងនៅថ្ងៃ​សុក្រនេះ។​ លោកនឹងត្រូវជួបពិភាក្សាការងារ​ជាមួយសមភាគីរបស់ខ្លួន​គឺលោក​ប្រធានាធិបតី​Jacob Zuma ​នៅទីក្រុង Johannesburg ។​ កម្មវិធីទស្សនកិច្ចរបស់លោក​ អូបាម៉ានៅអាហ្វ្រិក​ខាងត្បូងនឹងអាច​ប្រែប្រួល​អាស្រ័យទៅតាមស្ថានភាពសុខភាព​របស់លោក ណែល​សុន ម៉ុនដឺឡា​។ លោក ម៉ុនដឺឡា អាយុ ៩៤​ ឆ្នាំដែលកំពុងតែ​សម្រាកក្នុងមន្ទីរពេទ្យ​ទីក្រុងប្រេតូរីយ៉ា​តាំងពីជិតបីសប្តាហ៍មកហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ