អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន ផ្សព្វផ្សាយ​ផែន​ការ​យុទ្ធសាស្ត្រ ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ នៅ​កម្ពុជា រយៈពេល ១០​​ឆ្នាំ​

ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៣ ត្រូវ​បាន​ក្រសួង​បរិស្ថាន ប្រកាស​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​២៥​មិថុនា​នេះ។ ឯកសារ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ទប់ទល់​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា រយៈពេល ១០ ឆ្នាំ ត្រូវ​បាន​មន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា ជា​ឆន្ទៈ​នយោបាយ និង​ការ​ប្តេជ្ញា​មោះមុត របស់​រដ្ឋាភិបាល។ ចំណែក​ម្ចាស់​ជំនួយ​អន្តរជាតិ បាន​ប្រកាស​សន្យា ជួយ​រដ្ឋាភិបាល​កម្ពុជា ទាំង​ផ្នែក​បច្ចេកទេស និង​ទាំង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ​នេះ។

ផ្លូវ​ថ្នល់អន្តរាយដោយសារ​ទឹកជំនន់។
ផ្លូវ​ថ្នល់អន្តរាយដោយសារ​ទឹកជំនន់។ RFI/Nhim Sophal
ផ្សាយពាណិជ្ជកម្ម

ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា ចាប់ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ​២០២៣​ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ កាល​ពី​​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ ៧ ខែ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ២៥​មិថុនា​នេះ ក្រសួង​បរិស្ថាន​ បាន​ផ្សព្វផ្សាយ​ពី​ផែនការ​យុទ្ធសាស្ត្រ រយៈពេល ១០​ឆ្នាំ​នោះ។

ជា​ឯកសារ​ផែនការ ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាសធាតុ មក​លើ​ការ​​អភិវឌ្ឍ​ជាតិ និង​ការ​គាំទ្រ​ជា​បន្ត ដល់​កិច្ច​ប្រឹងប្រែង​ពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅ​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​លោក ប៉ុន សារឿន អនុរដ្ឋ​លេខាធិការ ក្រសួង​​បរិស្ថាន។

ក្នុង​សិក្ខាសាលា នៅ​ព្រឹក​ថ្ងៃ២៥មិថុនា​នេះ លោក ប៉ុន សារឿន លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ពិត​ប្រាកដ​មួយ សម្រាប់​កម្ពុជា។ ព្រឹត្តិការណ៍​ធាតុ​អាកាស មិន​ប្រក្រតី​កាន់​តែ​ញឹកញាប់ ដូច​ជា គ្រោះ​ទឹកជំនន់ គ្រោះ​រាំងស្ងួត និង​ខ្យល់​ព្យុះ បង្ក​ឲ្យ​មាន​ការ​ខូចខាត និង​បាត់បង់​ថវិកា ប៉ះពាល់​លើ​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​ប្រជាជន។ ជាក់ស្តែង កាល​ពី​ឆ្នាំ២០១៣ គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ប្រមាណ ១៦៨​នាក់ និង​ខូចខាត​ផល​ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៣៥៦ លាន​ដុល្លារ។

ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា រយៈពេល ១០ ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៣ មិន​ទាន់​កំណត់​ពី​ការ​ចំណាយ​ថវិកា​ប៉ុន្មាន​នៅ​ឡើយ​ទេ។ បើ​តាម​លោក ស៊ុំ ធី ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ របស់​ក្រសួង​បរិស្ថាន ផែនការ​រយៈ​ពេល​​ ១០​ឆ្នាំ​នេះ មាន ៨ យុទ្ធសាស្ត្រ​សំខាន់ៗ ដែល​រួម​មាន​៖ ការ​ធានា​សន្តិសុខ​ស្បៀង ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ពី​ការប្រែប្រួល​អាកាសធាតុ និង​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជា​ដើម។

ថ្វីបើ​មិនទាន់​ដឹង​ពី​ការចំណាយ​លើ​ផែនការ​សកម្មភាព​នីមួយៗ ប៉ុន្តែ​លោក​ស្រី Setsuko Yamazaki នាយក​ប្រចាំ​ប្រទេស UNDP បាន​ប្រកាស​ថា កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ស៊ុយអែត មាន​ការ​ប្តេជ្ញា ដើម្បី​បន្ត​ផ្តល់​ការ​គាំទ្រ​ទាំង​ខាង​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន សម្រាប់​​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ។

សកម្មភាព​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ គិត​ចាប់​ពី​ឆ្នាំ២០១០ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៤ ម្ចាស់​ជំនួយ UNDP សហភាព​អឺរ៉ុប ទី​ភ្នាក់ងារ​ដា​នី​ដា របស់​ស្វី​ស និង ADB បាន​ចំណាយ​​ប្រមាណ ៥៥ លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ