អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ​អំពាវនាវ​ឲ្យ​បន្ត​បោះឆ្នោត​គាំទ្រ​អ្នកគ្រូ​នាង​ ផល្លា ​​ទោះបី​ជ័យលាភី​​ត្រូវ​បាន​​ទៅលើ​គ្រូ​បង្រៀន​អាមេរិក​

ក្រសួង​អប់រំ​យុវជន​និង​កីឡា បានអំពាវនាវ​តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន ឲ្យ​សាធារណជន​បន្ត​បោះ​ឆ្នោត​គាំទ្រ​អ្នក​គ្រូ នាង ផល្លា សម្រាប់​ជ័យលាភី​ប្រជាប្រិយភាព​។ សេចក្ដី​អំពាវនាវ​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​ជាង​១០ យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ជ័យលាភី​គ្រូ​បង្រៀន​ឆ្នើម​ពិភពលោក នៅ​ទីក្រុង​ឌូបៃ​។ ជា​ជ័យលាភី​ភ្ជាប់​ជាមួយ​ប្រាក់​រង្វាន់​១​លាន​ដុល្លារ ដែល​បាន​ធ្លាក់​ទៅ​លើ​អ្នក​គ្រូ Nancie Atwell ដែល​ជា​គ្រូ​បង្រៀន​នៅ​សហរដ្ឋ​អាមេរិក​។

អ្នកគ្រូ នាង ផល្លា
អ្នកគ្រូ នាង ផល្លា RFI
ផ្សាយពាណិជ្ជកម្ម

 

បើ​ទោះ​បី​ជា​​ជ័យលាភី​គ្រូ​បង្រៀន​ឆ្នើម​ពិភពលោក​ ​បាន​ធ្លាក់​ទៅ​លើគ្រូបង្រៀន​របស់​សហរដ្ឋ​អាមេរិក​ហើយ​ក៏​ដោយ ក៏​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បន្ត​អំពាវនាវ​តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន ឲ្យ​សាធារណជន​បន្ត​បោះ​ឆ្នោត​គាំទ្រ​អ្នក​គ្រូ នាង ផល្លា សម្រាប់​ជ័យលាភី​ប្រជាប្រិយភាព​។

ភ្ជាប់​ជាមួយ​រូបថត​អ្នក​គ្រូ នាង ផល្លា ឈរ​ញញឹម​នៅ​ពី​មុខ​ទង់​ជាតិ​ខ្មែរ​បក់​រវិច ក្រសួង​អប់រំ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់អ្នក​គ្រូ នាង ផល្លា ដែល​តំណាង​ឲ្យ​គ្រូ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ជាប់​ជា​បេក្ខជន​ទាំង​១០​រូប​ចុង​ក្រោយ ក្នុង​កម្មវិធី​គ្រូ​បង្រៀន​ឆ្នើម​ពិភពលោក​​។ បើ​តាម​ក្រសួង​អប់រំ ការ​លះបង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បង្រៀន​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៅ​កម្ពុជា​របស់​អ្នក​គ្រូ នាង ផល្លា គឺ​ជា​ចំណែក​មួយ ក្នុង​ការ​ជួយ​ពង្រឹង និង​លើក​កម្ពស់​វិស័យ​អប់រំ​ដល់​កុមារ​គ្រប់​ៗ​រូប​។ ក្រសួង​អប់រំ​បាន​គូស​បញ្ជាក់​​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​អ្នក​គ្រូ​មិន​បាន​ទទួល​ជ័យលាភី​ក៏​ដោយ យើង​ទាំង​អស់​គ្នា​សូម​កោត​សរសើរ​នូវ​ការ​លះបង់​ដ៏​ធំធេង​របស់​អ្នក​គ្រូ ហើយ​នៅ​តែ​បន្ត​ការ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​អ្នក​គ្រូ ក្នុង​ការ​បំពេញ​ការងារ​គ្រប់​ភារកិច្ច​ឲ្យ​បាន​ជោគជ័យ​។ នេះ​បើ​តាម​ក្រសួង​អប់រំ​។

សូម​ជម្រាប​ជូន​ថា សាធារណជន​នៅ​តែ​អាច​បន្ត​បោះ​ឆ្នោត​គាំទ្រ​ដល់​អ្នក​គ្រូ នាង ផល្លា រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​មីនា ដើម្បី​ឲ្យ​អ្នក​គ្រូ​អាច​ទទួល​បាន​នូវ​ជ័យលាភី​គ្រូ​បង្រៀន​ដែល​មាន​ប្រជាប្រិយភាព​បំផុត​។ ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​អាសយដ្ឋាន facebook.com/teacherprize។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦​មីនា​នេះ អ្នក​គ្រូ នាង ផល្លា ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​​ច្រើន​ដាច់​គេ ដែល​មាន​ចំនួន​ជាង​១២​ម៉ឺន​សំឡេង​ហើយ​។
 

គួរ​រំលឹក​ថា អ្នក​គ្រូ នាង ផល្លា គឺ​ជា​គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក គ ថ្លង់ តាំង​ពីឆ្នាំ​១៩៨៦ នៅ​ក្នុង​ជំរុំ​សាយធូ និង​ក្រោយ​មក​នៅ​អង្គការ​គ្រួសារ​ថ្មី​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​បច្ចុប្បន្ន​។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​អ្នក​គ្រូ នាង ផល្លា ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ រហូត​ធ្វើ​ឲ្យ​អ្នក​គ្រូ​បាន​ជាប់​ជាបេក្ខជន​ម្នាក់ ក្នុង​ចំណោម​បេក្ខជន​​ទាំង​១០​រូប​ចុង​ក្រោយ សម្រាប់​ពាន​រង្វាន់​​គ្រូ​បង្រៀន​ឆ្នើម​ពិភពលោក​​ របស់​មូលនិធិ Varkey៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ