អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធម្មការ​បញ្ជាក់​ថា ព្រះ​សង្ឃ វ៉ា ស៊ីណាន នឹង​ត្រូវ​ចាប់​ផ្សឹក បើ​គេ​រក​ឃើញ

ក្រសួង​ធម្មការ​និង​សាសនា កំពុង​ស្វែង​រក​មុខ​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម​ អគ្គមុនី វ៉ា ស៊ីណាន ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​វិន័យ​សង្ឃ បន្ទាប់​ពី​រូបភាព​អាសអាភាស​និង​រូបភាព សំញ៉ែង​ខ្សែក​ទូរសព្ទដៃ​ទំនើប និង​ប្រាក់​ដុល្លារ​ជា​ច្រើន​សន្លឹក​របស់​ព្រះអង្គ ត្រូវ​បាន​គេ​បង្ហោះ នឹង​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក។ ក្រសួង​ធម្មការ​និង​សាសនា​បញ្ជាក់​ថា ព្រះសង្ឃ វ៉ា ស៊ីណាន នឹង​ត្រូវ​ចាប់​ផ្សឹក បើ​គេ​រក​ឃើញ។

ព្រះសង្ឃ​មួយ​អង្គ​ទៀត ដែល​បាន​បង្ហោះ​រូបភាព​អាស​អាភាស និង​រូប​ភាព​សំញ៉ែង​ខ្សែក, ទូរសព្ទ​ដៃ​ទំនើប និង​ប្រាក់​ដុល្លារ ជា​ច្រើន​សន្លឹក នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក។
ព្រះសង្ឃ​មួយ​អង្គ​ទៀត ដែល​បាន​បង្ហោះ​រូបភាព​អាស​អាភាស និង​រូប​ភាព​សំញ៉ែង​ខ្សែក, ទូរសព្ទ​ដៃ​ទំនើប និង​ប្រាក់​ដុល្លារ ជា​ច្រើន​សន្លឹក នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក។
ផ្សាយពាណិជ្ជកម្ម

រឿង​អាស្រូវ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា បាន​លេច​ឮ​ជា​បន្ត​បន្ទាប់​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ អស់​ពី​សំណុំ​រឿង​ព្រះ​មេ​គណ​ខេត្ត​កំពង់​ស្ពឺ​ព្រះ​នាម ឌូ សុវណ្ណឌឿន ឡើង​ច្រៀង​លើ​ឆាក​តន្រ្តី​សម័យ ឥឡូវ​ដល់​វេន​ព្រះសង្ឃ​មួយ​អង្គ​ទៀត ដែល​បាន​បង្ហោះ​រូបភាព​អាស​អាភាស និង​រូប​ភាព​សំញ៉ែង​ខ្សែក, ទូរសព្ទ​ដៃ​ទំនើប និង​ប្រាក់​ដុល្លារ ជា​ច្រើន​សន្លឹក នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក។

ព្រះសង្ឃ​ដែល​កំពុង​បង្ក​រឿង​អាស្រូវ និង​រំជើប​រំជួល​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​អង្គ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ព្រះ​នាម​អគ្គមុនី វ៉ា ស៊ីណាន ជា​ធម្មកថិក​ដែល​ធ្លាប់​គង់​នៅ​វត្ត​ច្បារ​អំពៅ ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ព្រះ​ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ព្រះនាម​សង្ឃ​ទីប្រឹក្សា ហោ សុខុន ធ្លាប់​បាន​បញ្ជាក់​ថា ព្រះសង្ឃ​អង្គ​នេះ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​វត្ត​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។

លោក សេង សុមុនី អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​បញ្ជាក់​ថា ក្រសួង​កំពុង​បន្ត​ស្វែង​រក​មុខ​ព្រះសង្ឃ​អង្គ​នេះ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា។ លោក​បញ្ជាក់​ថា ព្រះសង្ឃ​អង្គ​នេះ​នឹង​ត្រូវ​ចាប់​ផ្សឹក ប្រសិន​បើ​គេ​រក​ឃើញ។ តែ​យ៉ាង​ណា​ក៏​ដោយ ​ក្រសួង​ចង់​បាន​ការ​បំភ្លឺ​ផ្ទាល់​ពី​ព្រះសង្ឃ​អង្គ​នេះ មុន​នឹង​មាន​ចំណាត់​ការ​ណាមួយ​ ព្រោះ​ថា ការ​ធ្វើ​សកម្មភាព​បែប​ឆ្កួត​លីលា​បែប​នេះ អាច​បណ្តាល​មក​ពី​ព្រះអង្គ​មាន​ជម្ងឺ​វិប្បលាស (ឆ្កួត) ឬ​គេ​ហៅថា បែក​កម្មដ្ឋាន។ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​វត្តមាន​រប​ស់ព្រះសង្ឃ វ៉ា ស៊ីណាន គង់​នៅ​ទីណា​នៅ​ឡើយ​ទេ។ តែ​មាន​ការ​លើក​ឡើង​ថា ព្រះសង្ឃ​អង្គ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។

គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​រឿង​អាស្រូវ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម ឌូ សុវណ្ណឌឿន ដែល​មាន​តួនាទី​ជា​ព្រះ​មេគណ​ខេត្ត​កំពង់​ស្ពឺ​ផង បាន​ឡើង​ច្រៀង​នៅ​លើ​ឆាក​តន្រ្តី​សម័យ​ឲ្យ​ពុទ្ធ​បរិស័ទ​រាំ​ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ។ ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក ក៏​មាន​ការ​លេច​ចេញ​រូបភាព​ព្រះសង្ឃ​មួយ​អង្គ​ទៀត ដែល​កំពុង​នែបនិត្យ​ជាមួយ​នឹង​ស្រ្តី​វ័យ​ក្មេង​២​នាក់។ ប៉ុន្តែ​លោក សេង សុមុនី បញ្ជាក់​ថា នោះ​គឺ​ជា​រូបភាព​ចាស់ ដែល​អ្នក​ប្រើប្រាស់​ហ្វេសបុក​មួយ​ចំនួន បាន​បង្ហោះ​វា​ឡើង​វិញ ដើម្បី​បង្ខូច​តម្លៃ​ព្រះពុទ្ធ​សាសនា។

យ៉ាងណា​ក៏​ដោយ ទង្វើ​ឬ​សកម្មភាព​របស់​ភិក្ខុ​សង្ឃ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុង​ទាញ​តម្លៃ​ព្រះពុទ្ធ​សាសនា​ឲ្យ​ធ្លាក់​ចុះ​ ខណៈ​មាន​ការ​រិះគន់​ទៅ​លើ​សកម្មភាព​របស់​ព្រះសង្ឃ​មួយ​ចំនួន។ អំណឹះ​តទៅ ក្រសួង​ធម្មការ​និង​សាសនា ឬ​មន្រ្តី​សង្ឃ​គ្រាក់​ៗ គួរ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេច​ឲ្យ​បុគ្គល​ណា​ម្នាក់​ចូល​បួស​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា នោះ​គឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​បុគ្គល​នោះ ធ្វើ​ឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា និង​ព្រះ​សង្ឃ​ឯ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ