ស្ថានទូតអាមេរិកប្រាប់ពលរដ្ឋរបស់ខ្លួននៅស្រុកខ្មែរឲ្យប្រុងប្រយ័ត្ននៅថ្ងៃបោះឆ្នោត
ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ នៅថ្ងៃអង្គារម្សិលមិញ បានអំពាវនាវដល់ប្រជាជនរបស់ខ្លួនដែលកំពុងស្នាក់នៅកម្ពុជា ឲ្យបង្កើនការប្រុងប្រយ័ត្ន នៅថ្ងៃទី២៩កក្កដា។ ថ្ងៃទី២៩កក្កដា ជាថ្ងៃដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ ការអំពាវនាវរបស់ស្ថានទូតអាមេរិកដូច្នេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជាកិច្ចការពារជាមុនប៉ុណ្ណោះ ពុំមែនឆ្លើយតបនឹងភាពជាក់ស្ដែងឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០១
សម្រាប់ស្ថានទូតអាមេរិក ការបោះឆ្នោតថ្ងៃទី២៩កក្កដា ទំនងជាអាចធ្វើឲ្យមានការជួបជុំធ្វើបាតុកម្មទ្រង់ទ្រាយធំក្នុងរូបភាពនយោបាយ ឬការចល័តកងកម្លាំងសន្តិសុខ ដែលអាចក្លាយទៅជាការប្រឈមមុខមួយរំពេច ដោយគ្មានការជូនដំណឹងជាមុន។ ដោយហេតុនេះហើយ ស្ថានទូតអាមេរិកបានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួននៅកម្ពុជា ឲ្យប្រុងប្រយ័ត្ន ចៀសវាងនៅក្បែរឬចូលរួមការប្រមូលផ្ដុំទ្រង់ទ្រាយធំ ក៏ដូចជាសកម្មភាពដែលទាក់ទងនឹងការបោះឆ្នោត។ ការធ្វើដំណើរទៅខេត្តផ្សេងៗដោយមិនចាំបាច់ ក៏គួរចៀសវាងដែរ។ បន្ថែមពីលើនេះ ពលរដ្ឋអាមេរិកនៅស្រុកខ្មែរ គួរតាមដានព័ត៌មាន និងត្រូវផ្ដល់ដំណឹងឲ្យក្រុមគ្រួសារឲ្យបានជាប់លាប់។ នេះបើតាមការជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ការជូនដំណឹងនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ចាត់ទុកថា ជាវិធានការធម្មតានៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិក ដែលជាទូទៅតែងតែជូនដំណឹងការពារជាមុន ហើយវាពុំមែនឆ្លើយតបនឹងភាពជាក់ស្ដែងឡើយ។ សម្រាប់អ្នកនាំពាក្យរូបនេះ សេចក្ដីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពុំមានឥទ្ធិពលលើការបោះឆ្នោតថ្ងៃទី២៩កក្កដាទេ។ និងថា វាក៏មិនមែនជាឧបសគ្គប្រឆាំងឬបំផ្លាញដំណើរការបោះឆ្នោតដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជិត៨លាន៤សែននាក់ នឹងត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ នៅការិយាល័យបោះឆ្នោតចំនួន២២៩៦៧ នៅទូទាំងប្រទេស ចាប់ពីវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ការបោះឆ្នោតនេះ មានគណបក្សចំនួន២០ចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមយកអាសនៈសភាចំនួន១២៥អាសនៈ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានគូសបញ្ជាក់ថា ការបោះឆ្នោតនឹងនៅតែរៀបចំធ្វើជាធម្មតា បើទោះបីជាខេត្តខ្លះរបស់កម្ពុជាកំពុងតែរងគ្រោះព្រោះទឹកជំនន់ក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ