អានតួអត្ថបទ
កម្ពុជា

ការ​សាកសួរ​មន្ត្រី​សង្គម​ស៊ីវិល​នៅ​តុលាការ​កំពុង​បន្ត ​ខណៈមាន​មនុស្ស​តវ៉ា​នៅ​ខាង​មុខ​តុលាការ​

នៅ​រសៀល​ម៉ោង៦ ​និង៣០នាទី​នេះ ​ការ​សាក​សួរ​មន្ត្រី​សង្គម​ស៊ីវិល​ទាំង​៤នាក់ ​និង​មន្ត្រី​របស់ គ.ជ.ប ​ម្នាក់ ​កំពុង​តែ​បន្ត​ធ្វើ​នៅ​ឡើយ ​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ។​ ការសាកសួរ​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ម៉ោង​ ៨ ​និង៣០នាទី​ព្រឹក​ ដោយ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ខណៈ​ដែល​នៅ​ខាង​មុខ​សាលា​ដំបូង​ក៏​មាន​ប្រជាពល​រដ្ឋ​ប្រមាណ​១០​នាក់​ឈរតវ៉ា​។

សាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ។ From PPCFI
ផ្សាយពាណិជ្ជកម្ម

បើទោះបីជា​ថ្ងៃ​អាទិត្យ​ក្តី ប៉ុន្តែ គិត​ចាប់​តាំង​ពី​ម៉ោង ៨ និង៣០នាទី​ព្រឹក រហូត​មក​ដល់​ម៉ោង ៦ និង៣០នាទី​ល្ងាច​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ មិន​ទាន់​បញ្ចប់​ការ​សាក​សួរ​មន្ត្រី​សមាគម​អាដហុក​ចំនួន​៤នាក់ និង​អគ្គ​លេខាធិការ​រងគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ​។ មន្ត្រី​ទាំង​៥​នាក់​នោះ​រួម​មាន​ លោកនី ចរិយា អគ្គ​លេខាធិការ​រង គជប និងមន្ដ្រី៤រូប​មក​ពី​សមាគម​អាដហុក មាន​ជា​អាថិ៍៖ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។

ខណៈ​ដែល​អយ្យការ និង​ចៅ​ក្រម​កំពុង​តែ​ស៊ើប​សួរ​បុគ្គល​ទាំង​៥រូប ដែល​ទើប​តែ​បញ្ចប់​ការ​សាក​សួរ និង​ឃាត់​ខ្លួនដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ នៅ​ខាង​មុខ​សាលាដំបូង​មាន​ប្រជាពល​រដ្ឋ​ប្រមាណ​១០​នាក់ បាន​កាន់​មេក្រូស្រែក​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​បុគ្គល​ទាំង​៥រូប​នោះ ហើយ​ក៏​មាន​ដែរ​ការ​រុញ​ច្រាន​គ្នា​រវាង​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍បឹងកក់ និងអាជ្ញាធរ​រដ្ឋាភិបាល​ដែល​ដាក់​ពង្រាយ​នៅ​ក្បែរ​អគារ​តុលាការ។

ក្រៅពី​ក្រុម​ប្រជាពល​រដ្ឋ​ដែល​កំពុង​តវ៉ា​ក៏​មាន​សាច់ញាតិ ប្រពន្ធ​កូន របស់​មន្ត្រី​ទាំង​៥រូប​នេះ នៅ​ឈរ​ខាង​ក្រៅ​របងសាលា​ដំបូង​ចាំ​ស្តាប់​លទ្ធផល​ពី​តុលាការ។ ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​៥រូប ក៏​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកទាំង៥រូបនោះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា មន្ត្រី​អង្គការ និង​អគ្គលេខាធិការ​រង គ.ជ.ប. ទាំង​នោះ ត្រូវ​បាន ACU ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី២៨ ខែ​មេសា បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​បន្ត​បន្ទាប់​តាម​ការ​កោះ​ហៅ កាល​ពីថ្ងៃទី២៧​ និងថ្ងៃទី២៨​ ខែមេសា កន្លងមក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លើយ​ដាក់​ពី​កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ក្នុង​សំណុំ​រឿង​ខ្សែ​អាត់​សំឡេង ដែល​គេ​សង្ស័យថា​ជាសម្លេង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និងកញ្ញា ខុម ចាន់តារ៉ាទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ