អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

រដ្ឋាភិបាល​ត្រៀម​កង​កម្លាំង​៨​ម៉ឺន​នាក់​ដើម្បី​ការពារ​សន្តិសុខ​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ

រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កង​កម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ។ ចំពោះ​ចំនួន​នេះ អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មើល​ឃើញ​ថា​មាន​ចំនួន​ច្រើន​ជាង​ពេល​បោះ​ឆ្នោត​មុនៗ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ពួក​គេ​បារម្ភ​ថា វា​អាច​នឹង​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​ដែល​ទៅ​បោះ​ឆ្នោត។

រូបភាព​តំណាង៖ កង​កម្លាំង​ប្រដាប់​អាវុធ
រូបភាព​តំណាង៖ កង​កម្លាំង​ប្រដាប់​អាវុធ @RFI
ផ្សាយពាណិជ្ជកម្ម

កង​កម្លាំង​ប្រដាប់​អាវុធ​មក​ពី​កង​យោធពល​ខេមរភូមិន្ទ និង​កងរាជ​អាវុធហត្ថ​ជាង​៥​ម៉ឺន​នាក់​បូក​រួម​ទាំង​កម្លាំង​ប្រជាការពារ​ជាង​ពីរ​ម៉ឺន​៥​ពាន់​នាក់​ទៀត ត្រូវ​បាន​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​ត្រៀម​សម្រាប់​ចូល​រួម​ការ​ពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​២៩ កក្កដា។ លោក​គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា កង​កម្លាំង​ជាង​៥​ម៉ឺន​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ រី​ឯ​កម្លាំង​ប្រជា​ការពារ​វិញ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រចាំការ​នៅ​តាម​ឃុំ ​សង្កាត់​និង​ក្រុង ស្រុក ខណ្ឌ ដើម្បី​ទុក​ត្រៀម​ជួយ​អន្តរាគមន៍​ក្នុង​ករណី​មាន​ភាព​អសកម្ម​ណា​មួយ​កើត​ឡើង។

បើ​បៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ការ​ត្រៀម​កង​កម្លាំង​សម្រាប់​ការពារ​សន្តិសុខ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ គឺ​មាន​ចំនួន​ច្រើន​ជាង​គួរ​សម ដោយ​កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​កង​កម្លាំង​តែ​ជាង​៥​ម៉ឺន​នាក់។ ការណ៍​នេះ​ធ្វើ​ឲ្យ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ។ បារម្ភ​នៅ​ត្រង់​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត និង​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ឃើញ​មាន​កង​កម្លាំង​ច្រើន​នៅ​ជិត​ការិយាល័យ​បោះ​ឆ្នោត​នោះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក។

ក៏​ប៉ុន្តែ​លោក​គៀត ច័ន្ទថារិទ្ធ បាន​បក​ស្រាយ​ថា ការ​ដែល​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្កើន​កង​កម្លាំង​ការពារ​សន្តិសុខ​បែប​នេះ គឺ​មិន​មែន​សំដៅ​បំភ័យ​ឬ​គំរាម​កំហែង​ប្រជាពលរដ្ឋ​អ្វី​ទេ តែ​ជា​ការ​បង្កើន ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ចំនួន​កើន​ឡើង​នៃ​ការិយាល័យ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ពោល គឺ​នៅ​សល់​ពេល​តែ​ជាង​៣​ខែ​ទៀត​ប៉ុណ្ណោះ។ ចំពោះ​បញ្ហា​សន្តិសុខ​នៅ​ថ្ងៃ​បោះ​ឆ្នោត​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ក៏​បាន​ចេញ​ការ​ណែនាំ​៥​ចំណុច​ដល់​ប្រធាន​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត។ ចំណុច​ទាំង​នេះ មាន​ជា​អាទិ៍ គឺ​តម្រូវ​ឲ្យ​ពង្រឹង​ទំនាក់​ទំនង​និង​សហការ​ឲ្យ​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្រៅ​ពី​នេះ គ.ជ.ប ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​តាម​ដាន​ត្រួត​ពិនិត្យ​សភាពការណ៍ និង​សុំ​អន្តរាគមន៍​ពី​កម្លាំង​មាន​សមត្ថកិច្ច​បើ​មាន​ករណី​អុក​ឡុក គំរាម​កំហែង​និង​អំពើ​ហិង្សា​ក្នុង​ពេល​បោះ​ឆ្នោត។ បន្ថែម​លើ​នេះ ក៏​មាន​ដែរ ត្រូវ​ផ្តល់​ព័ត៌មាន ​ឬ​របាយការណ៍​ជា​ប្រចាំ​អំពី​ស្ថានភាព​សន្តិសុខ សុវត្ថិភាព ជុំវិញ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ផ្ញើ​ជូន​អគ្គលេខាធិការដ្ឋាន គ.ជ.ប​ឲ្យ​បាន​ទៀង​ទាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ