អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ ទុក​ពេល​៣ ថ្ងៃ ឲ្យ​ពលរដ្ឋ​រុះ​រើ​សំណង់​នៅ​តំបន់​ឧទ្យាន​អង្គរ

ចាប់​តាំង​ពី​ថ្ងៃ​ម្សិល​មិញ អាជ្ញាធរ​ផ្តើម​រុះ​រើ​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​សាង​សង់​គ្មាន​ការ​អនុញ្ញាត​នៅ​តំបន់​អង្គរ ចន្លោះ​ថ្ងៃ​ទី ២០ ឧសភា ដល់​ថ្ងៃ​ទី ២ មិថុនា។ បើ​តាម​នាយក​ប៉ុស្តិ៍​សង្កាត់​នគរធំ អាជ្ញាធរ​អប្សរា​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ ៣ ថ្ងៃ​ទៀត រុះ​រើ​ចេញ​ដោយ​ខ្លួន​ឯង បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​រុះ​រើ​ដោយ​ខ្លួន​ឯង​និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​អ្វី​នោះ​ទេ។

អាជ្ញាធរ ទុក​ពេល​៣ ថ្ងៃ ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​នៅ​តំបន់​ឧទ្យាន​អង្គរ
អាជ្ញាធរ ទុក​ពេល​៣ ថ្ងៃ ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​នៅ​តំបន់​ឧទ្យាន​អង្គរ @Apsara Authority
ផ្សាយពាណិជ្ជកម្ម

លោក ហុក ប៉េងសែ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា​សំណង់​ដែល​ត្រូវ​រុះ​រើ​ពេល​នេះ​សុទ្ធ​តែ​ជា​សំណង់​ដែល​ពុំ​មាន​ច្បាប់​អនុញ្ញាត ហើយ​ប៉ះ​ពាល់​អវិជ្ជមាន​ខ្លាំង​ដល់​បេតិកភណ្ឌ​ផ្ទាល់ ដោយ​សារ​តែ​សំណង់​ទាំង​នេះ​ស្ថិត​នៅ​ចំងាយ​ប្រមាណ​តែ​៥០​ម៉ែត្រ​ពី​កំពែង​ប្រាសាទ​ប៉ុណ្ណោះ។

អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី ៨ មិថុនា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​គ្រប់​ម្ចាស់​សំណង់​ទាំង​អស់​ឲ្យ​រុះ​រើ​នូវ​សំណង់ ដី​ចាក់​បំពេញ​ចេញ​វិញ​ក្នុង​រយ:​ពេល​មួយ​សប្តាហ៍។ បន្ទាប់​ពី​សង្កេត​ឃើញ​ថា​សំណង់ ចំនួន​៥២១​ករណី​បាន​សាង​សង់​នៅ​តំបន់​ទី​១ និង​តំបន់​ទី​២ និង​ចាក់​ដី​បំពេញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា កន្លង​មក។ ក៏​ប៉ុន្តែ​ភា្លមៗ​ក្រោយ​ចេញ​សេចក្តី​អំពាវនាវ​នេះ មិន​មាន​ប្រជាពលរដ្ឋ​រុះ​រើ​ចេញ​នោះ​ឡើយ។

រហូត​ដល់​ថ្ងៃ​ទី ១៩ មិថុនា ប្រជាពលរដ្ឋ​មួយ​ចំនួន រស់​នៅ​ភូមិ​រហាល សង្កាត់​នគរ​ធំ ក្រុង​សៀមរាបបាន​សម្រេច​ធ្វើ​ការ​រុះរើ​សំណង់​ខុស​ច្បាប់​របស់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត ឯ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​ចុះ​កិច្ច​សន្យា​ថា​នឹង​រុះរើ។ នេះ​បើ​តាម​លោក​យ៉ោម យ៉ាត នាយ​ប៉ុស្តិ៍​សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប។

ជា​ការ​កត់​សម្គាល់ ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភាដល់​ថ្ងៃ​ទី ០២ មិថុនា គឺ​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​រស់​នៅ​តាម​បរិវេណ​រមណីយដ្ឋាន​អង្គរ បាន​សម្រុក​សាង​សង់​លំនៅដ្ឋាន​របស់​ខ្លួន រំលោភ​បំពាន​ទៅ​នឹង​បំរាម​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​លក្ខខន្តិកៈ​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។

លោក​ ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ថ្លែង​ថា សំណង់​ទាំង​នោះ មាន​ស្ថិត​នៅ​ជិតៗ​ប្រាសាទ ហើយ​ខ្លះ​ទៀត​ឆ្ងាយ​ពី​ប្រាសាទ តែ​ក៏​បង្ក​ផល​ប៉ះ​ពាល់​ដល់​បុរាណ​ដ្ឋាន​ប្រវត្តិសាស្រ្ត។

បន្ទាប់​ពី​ប្រាសាទ​អង្គរ​បាន​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​១៩៩២ អង្គការ​យូណេស្កូ បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ជា​ម្ចាស់​ប្រាសាទ ថែរក្សា​ឲ្យ​បាន​ល្អ​ប្រសើរ។ ក្នុង​ករណី កម្ពុជា​មិន​អាច​ធ្វើ​បាន​ទេ​នោះ​ កម្ពុជា​នឹង​មិន​អាច​ស្នើ​ដាក់​ប្រាសាទ​ដទៃ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នោះ​ទេ។ បន្ថែម​លើ​នេះ កម្ពុជា​អាច​ប្រឈម​ការ​ដក​ប្រាសាទ​អង្គរ ចេញ​ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ