រដ្ឋាភិបាលហាមលក់ដូរនិងផឹកគ្រឿងស្រវឹងក្នុងថ្ងៃស និងថ្ងៃបោះឆ្នោតឃុំសង្កាត់
ការលក់ដូរនិងពិសារគ្រឿងស្រវឹងក្នុងថ្ងៃស និងថ្ងៃបោះឆ្នោត មិនត្រូវបានអនុញ្ញាតទេ។ រដ្ឋាភិបាលកម្ពុជាបានណែនាំយ៉ាងដូច្នេះ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តឡើងក្នុងបរិយាកាសល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៣
មួយសប្ដាហ៍មុនការបោះឆ្នោតឃុំសង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅកម្ពុជា មិនឲ្យពិសារគ្រឿងស្រវឹងនៅថ្ងៃស និងថ្ងៃបោះឆ្នោត។ ពោលគឺថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមិថុនា។ ព្រមពេលជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវនៅក្នុងសេចក្តីណែនាំរបស់ខ្លួន សំណូមពរឲ្យអ្នកលក់ដូរគ្រឿងស្រវឹងទាំងឡាយត្រូវផ្អាកសកម្មភាពរបស់ខ្លួននៅថ្ងៃនោះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីណែនាំសុំផ្អាកលក់ និងពិសារគ្រឿងស្រវឹងនៅថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតនោះ គឺដើម្បីទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលបណ្តាលមកពីការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។ ដើម្បីអោយសេចក្តីណែនាំចុះថ្ងៃ២៦ឧសភាឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យក្រសួងពាក់ព័ន្ធទាំងអស់ អនុវត្តសេចក្តីណែនាំនេះ ដោយចុះផ្សព្វផ្សាយនិងអប់រំណែនាំពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងថា សេចក្តីណែនាំឲ្យផ្អាកលក់និងពិសារគ្រឿងស្រវឹងនៅថ្ងៃសនិងថ្ងៃបោះឆ្នោត គឺជាគោលការណ៍សកល ដែលត្រូវបានអនុវត្តទូទៅលើពិភពលោក។ បើតាមលោក សំ គន្ធាមី គោលការណ៍នេះ ធ្វើឡើងដើម្បីកាត់បន្ថយអំពើហិង្សានៅក្នុងអំឡុងពេលបោះឆ្នោត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាង៧លាន៨សែននាក់ នឹងត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ។ ការបោះឆ្នោតនេះ មានគណបក្សចំនួន១២ចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមយកអាសនៈក្រុមប្រឹក្សា ក្នុងឃុំសង្កាត់ចំនួន១ពាន់៦៤៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ