អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស​៨​នាក់​ក្នុង​យុទ្ធនាការ​ស្លៀក​ខ្មៅ

នៅ​ថ្ងៃ​ចន្ទ គឺ​ជា​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​របស់​សង្គម​ស៊ីវិល និង​ប្រជាសហគមន៍​មួយ​ចំនួន​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប និង​មន្ត្រី​គ.ជ.ប ​មួយ​រូប។ ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង។ ក្រសួង​មហា​ផ្ទៃ​អះអាង​វិធាន​ការ​ម៉ើង​ម៉ាត់​នេះ គឺ​ការពារ​សន្តិភាព ​និង​ស្ថេរភាព​ដើម្បី​ជៀសវាង​ការ​រីក​រាល​ដាល​ធំ​នៃ​យុទ្ធនាការ​នេះ។

រដ្ឋ​អាជ្ញា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ ​
រដ្ឋ​អាជ្ញា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ ​ Facebook
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​រួម​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​៣​នាក់​មក​ពី​អង្គការ​លីកាដូ នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត​១​នាក់។ ក្រៅ​ពី​នេះ ស្ត្រី​សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់ ចំនួន​៣​នាក់ អ្នក​បុរី​កីឡា​ម្នាក់​ ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ។ អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ និង​អាជ្ញាធរ​ខណ្ឌ​ដង្កោ​កំពុង​សាកសួរ​មនុស្ស​ចំនួន​៦​នាក់​ ដោយ​ឡែក​មន្ត្រី​លីកាដូ​ចំនួន​២​នាក់​ដែល​ជា​ជន​ជាតិ​បរទេស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយក​ដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហា​ផ្ទៃ។

 
ភ្លាម​ៗ​អង្គការ​លីកាដូ​បាន​ហៅការ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​នេះ​ថា គឺ​ជា​បញ្ហា​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​សង្គម​កម្ពុជា​ ដែល​ជា​ប្រទេស​ប្រកាន់​លិទ្ធិ​ប្រជាធិបតេយ្យ ព្រោះ​ថា​សិទ្ធិ​នៃ​ការ​ជួប​ជុំ ​និង​បញ្ចេញ​មតិ​ត្រូវ​បាន​រារាំង។ លោក​អំ សំអាត​ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ សង្កត់​ធ្ងន់​ថា​ការ​ចាប់​ខ្លួន​ ឬ​ឃាត់​ខ្លួន​មនុស្ស​ មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​រដ្ឋាភិបាល​នោះ​ទេ អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​គឺ​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​លើ​សន្ធិសញ្ញា និង​កត្តិកា​សញ្ញា​អន្តរជាតិ​ ដែល​កម្ពុជា​បាន​ចុះ​ទទួល​ស្គាល់ និង​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ចាត់​វិធានការ​តឹង​រឹង​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋ​ដើម្បី​ការពារ​សន្តិភាព និង​ស្ថេរភាព​ប្រទេស​កម្ពុជា​ ដែល​រក​មក​យ៉ាង​លំបាក។ សម្រាប់​អ្នក​នាំពាក្យ​រូប​នេះ​ ការ​អនុវត្ត​សិទ្ធិ​របស់​សង្គម​ស៊ីវិល និង​សហគមន៍​មួយ​ចំនួន​នេះ គឺ​មិន​មែន​ជា​សិទ្ធិ​ដែល​ដាច់​បង្ហៀរ​ហួស​ព្រំដែន​នោះ​ទេ។ ដូចនេះ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​ដើម្បី​កុំ​ឱ្យ​យុទ្ធនាការ​នេះ រីករាលដាល​ធំ​ដូច​បណ្តា​ប្រទេស​នានា​លើ​ពិភព​លោក​ ដែល​មាន​បដិវត្ត​ពណ៌។ បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ បដិវត្ត​ពណ៌​នៅ​បណ្តា​ប្រទេស​នានា​ គឺ​កើត​ចេញ​ពី​រឿង​តូច​តាច​នេះ​ឯង។

សូម​កត់​សម្គាល់​ថា ប្រតិបត្តិ​ការ​របស់​អាជ្ញាធរ មាន​លក្ខណៈ​តឹង​រឹង​ដោយ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​នៅ​តាម​តំបន់​សំខាន់​នា​នា​ដូចជា​តំបន់​បឹងកក់ តំបន់​បុរី​កីឡា និង​ទីតាំង​គុក​ព្រៃស​ដែល​ជា​ទីតាំង​នៃ​ការ​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នេះ។ យុទ្ធនាការ​ស្លៀក​ខ្មៅ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឡើង​យ៉ាង​ទូលំ​ទូលាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ បន្ទាប់​ពី​តុលាការ​បាន​ចាប់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប និង​អគ្គលេខាធិការ​គ.ជ.ប​១​រូប​ក្នុង​បទ​សូក​សាក្សី និង​សម​គំនិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ