អានតួអត្ថបទ
កម្ពុជា-នយោបាយ

សាលា​ដំបូង​បដិ​សេធ​ការ​បំភ្លឺ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​​​របស់​​ប្រធាន​គណ​បក្ស​ប្រឆាំង​

នៅ​​ថ្ងៃទី១៤ ​​ខែ​​សីហា​នេះ​ ​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ ​មិន​អនុញ្ញាត​ឲ្យ​លោក​សម ​រង្ស៊ី​ប្រធាន​គណបក្សប្រឆាំង​បំភ្លឺ​តាម​ប្រព័ន​អ៊ីន​ធឺណិត​នោះទេ​ ដោយ​សារ​តែ​លោក​សម ​រង្ស៊ី​ជា​ជន​ជាប់​សង្ស័យ ​មិន​មែន​ជា​សាក្សី។ ការ​ឆ្លើយ​តប​ភ្លាមៗ​របស់​សាលា​ដំបូង ​ក្រោយ​ពី​លោក​សម​ រង្ស៊ី ​តាម​រយៈ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​លោកយល់​ព្រម​ទាក់​ទង​ជា​មួយ​តុលាការ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​បំភ្លឺ​ជុំវិញ​បណ្តឹង ដែលមេ​ធាវី​លោកហ៊ុន ​សែន ​បាន​ប្តឹង​រូប​លោកកាលពីថ្ងៃទី១ សីហា។​

សាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ។ From PPCFI
ផ្សាយពាណិជ្ជកម្ម

មិន​​បាន​ប៉ុន្មាន​ម៉ោង​ផង ​ក្រោយ​ពី​លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង​យល់​ព្រម​ឆ្លើយ​បំភ្លឺ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ករណី​​បណ្តឹង​​របស់​មេធាវីលោកហ៊ុន ​សែន​នោះ ​អ្នក​​នាំ​​ពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណាបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​តាម​ប្រព័ន្ធ Telegram ថា​​សាលា​​ដំបូង​​មិ​ន​អនុញ្ញាត​​លើសំណើ​​សុំ​​របស់​​ជ​ន​​ជាប់​​សង្ស័យ​​ឈ្មោះ ​​សម ​រ​ង្ស៊ី ​​សម្រាប់​​ការ​​ស្តាប់​​ចម្លើយ​​​នៅ​​ថ្ងៃទី ​១​៩​​ ខែ​សីហា ​​២០១៦ តាម​​កម្មវិធី ​​Teleconference​ ​ដោយ​​ប្រើ​​ប្រាស់​​ប្រព័ន្ធអ៊ីនធឺណិតទេ។

 
លោក​លី ​សុផាណា​​​​ជា​​បា​នបញ្ជាក់ ពីមូល​ហេតុ​ថា​លោក​​​សម​ រង្ស៊ី ​ជា​ជន​ជាប់​សង្ស័យ​មិន​មែន​ជា​សាក្សី។ លោក​​បន្ត​​ថា​​ជន​​ជាប់​​សង្ស័យ​​ត្រូវ​​ស្តាប់​​ចម្លើយ​​ចំពោះ​​មុខ​ព្រះរាជអាជ្ញា​ទៅ​តាម​កាល​បរិច្ឆេទ​កោះ​ហៅ ​ដោយអនុ​លោម​តាម​នីតិវិធី​ដែល​បញ្ញត្តិ​នៅ​ក្នុង​ក្រម​នីតិវីធី​ព្រហ្មទណ្ឌ។​

លោកសម ​រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​នៅ​​ថ្ងៃទី១៤​​ ខែ​សីហាថា​ លោក​យល់​ព្រម​ផ្តល់​ឲ្យ​តុលាការ​នូវ​ហេតុ​ផល​ទាំង​ឡាយ ដែល​ធ្វើ​ឲ្យ​លោក​ជឿ​ជាក់​ថា​​ រដ្ឋាភិបាល​លោក​ហ៊ុន ​សែន​ ជា​អ្ន​ក​នៅ​ពី​ក្រោយ​ខ្នង​ឃាត​កម្ម​ បាញ់​សម្លាប់លោក​បណ្ឌិត​កែម ​ឡី ​លោក​ជា ​វិជ្ជា ​និង​លោក​ឈុត ​វុទ្ធី​។ លោក​សម រង្ស៊ី​សរសេរ​បន្ត​ថា ​លោក​យល់​ព្រមទាក់​ទង​ជា​មួយ​តុលាការ ​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺណិ​ត ដោយ​ប្រើ ​Teleconference ដួច​ដែល​តុលាការ​ខ្មែរក្រហម​បាន​ទាក់​ទង​ថ្មីៗ​នេះ ​ជា​មួយ​សាក្សី​មួយ​ចំនួន​ ដែល​មិន​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេ​ញ។

លោក​លី សុផាណា​វិញ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ​សាលា​ក្តីខ្មែ​រក្រហម​បាន​ប្រើប្រា​ស់​នូវ​តាម​កម្ម​វិធី Teleconference ដោយ​ប្រើប្រា​ស់​ប្រពន្ធ័អ៊ីនធឺណិតសម្រាប់​សាក្សី​តែ​ប៉ុណ្ណោះ ​ដែល​ជាវីធាន​ការ​ដោយ​ឡែកហើយ​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​ជន​ជាប់​សង្ស័យ ​ឬជន​ត្រូវ​ចោទ​ឬ​ជន​ជាប់​ចោទ​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា​លោក​សម ​រង្ស៊ី ​ត្រូវ​បាន​តុលាការ​​ក្រុង​​ភ្នំ​ពេញ​​បាន​​ចេញ​ដីកា​​កោះ​​ហៅ​​ឱ្យ​​ចូល​​ខ្លួន​​ឆ្លើយ​​បំភ្លឺ​​នៅ​ថ្ងៃ​ទី​​ ១៩ ​សីហា ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​លើ​បណ្តឹង​មួយ​ទៀត​របស់​មេធាវី​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ជុំ​វិញកា​រ ​​អត្ថាធិប្បាយ​របស់​លោក ​សម​ រង្ស៊ី​ និង​​សរសេរ​​បង្ហោះ​​តាម​​បណ្តាញ​​សង្គម​​ ដែល​​ចោទ​​រដ្ឋ​​អំណាច​របស់​​លោក​​ហ៊ុន ​សែន ​ថា​​ជា​​អ្នក​​រៀប​ចំ​អំពើ​​ភេរវកម្ម​​បាញ់​​សម្លាប់​​លោក​​បណ្ឌិត ​កែម ​ឡី។

លោក​សម ​រង្ស៊ី ​តាម​រយៈ​សំណេរ​ក្នុង​ហ្វេសប៊ុ​ក ​ដដែល​ក៏​បាន​ចោទ​សួរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ប្តឹង​ផង​ដែរ​ ប្រជា​ពល​រដ្ឋ​ជាង​១០​ម៉ឺន​នាក់ ​ដែល​បាន​ចុច​ចូល​ចិត្ត និង​យល់​ស្រប​តាម​អ្វី​ដែល​លោក​សម​ រង្ស៊ី​បាន​លើក​ឡើង​ពី​ករណី​ឃាតកម្ម​លោក​បណ្ឌិត​កែម ​ឡីនេះ​ លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​។

​ចំណែក​លោក​ សុខ​ ឥសាន្ត ​អ្នក​នាំពា​ក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បញ្ជាក់​ថា ​គេ(មេធាវីលោកនាយករដ្ឋមន្ត្រី)ប្តឹងអ្នក​​និយាយ ​អ្នក​មួលប​ង្កាច់​​ គេ​មិន​ប្តឹង​អ្ន​​កគាំទ្រទេ ​គេមិន​ប្តឹង​ទេ ​ដោយ​សារ​តែ​ជា​រឿង​ប្រយោល។ លោក​បន្ថែម​ថា​ទុក​ឲ្យតុ​លាការ​ជា​អ្នក​ស្រាវ​ជ្រាវ ​តើ​អ្នក​ណាជាអ្ន​ក​ជាប់​ពាក់​ព័ន្ធ៕​

គួររំលឹកថា លោក សម រង្ស៊ី កំពុងតែ រស់​នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស ហើយ​រួមរឹត​កាយ​ដោយ​បណ្ដឹង​ចំនួន ៥ ក្នុង​ដែន​សមត្ថ​កិច្ច​តុលាការ ពាក់​ព័ន្ធ​នឹង​ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ឬ បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំឯក​សារសាធារណៈ ប្រើប្រាស់​ឯក​សារ​ក្លែង។ បណ្តឹង​ចុង​ក្រោយ ត្រូវ​បាន​ប្តឹង​ដោយ​មេធាវី​តំណាង​ដោយអាណត្តិ​របស់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា កាល​ពី​ថ្ងៃទី១ សីហា ២០១៦ ពាក់​ព័ន្ធ​នឹង​ការ​វែក​ញែក​ដោយ​ចំហរ​លើហ្វែស​ប៊ុក​របស់​លោក សម រង្ស៊ី ដែល​ចោទ​ថា ការ​បាញ់​សម្លាញ់​លោក កែម ឡី ជា​អំពើ​ភេវ​រកម្ម រៀបចំដោយ​រដ្ឋ​អំណាច ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ