អានតួអត្ថបទ
កម្ពុជា-នយោបាយ

ពលរដ្ឋ​ខ្មែរ​​មួយចំនួន​នៅអូស្រ្តាលី គ្រោង​ប្រមូលផ្តុំ​គ្នា​តវ៉ាប្រឆាំង​នឹង​វត្តមាន​លោក​ ហ៊ុន ​ម៉ាណែត​ ​

លោក ហុង លឹម តំណាង​រាស្រ្ត​សភា ប្រចាំ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​ថា ពលរដ្ឋខ្មែរ​រស់​នៅ​រដ្ឋ​ធំៗ​ចំនួន​បី ក្នុង​ប្រទេស​អូស្រ្តាលី នឹង​ប្រមូល​ផ្តុំ​គ្នាលើក​បដា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត កូន​ប្រុសលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើ​ទឹក​ដី​អូស្ត្រាលី។ លោក ហ៊ុន ម៉ាណែត ដែល​មាន​គម្រោង​ដឹក​នាំ​កម្មវិធី​ជួប​ជុំសមាជិក​ថ្មី​បក្ស​ប្រជាជន​កម្ពុជា នៅ​អូស្ត្រាលី នៅ​យប់​ថ្ងៃ​ទី​៧​តុលា គឺ ​ចំ​ពេល​តែ​មួយនឹងពិធី​កាន់​ទុក្ខ​១០០ថ្ងៃ  របស់​សហគមន៍​ខ្មែរ​នៅ​អូស្រា្តលី ជូនលោក បណ្ឌិត កែម ឡី។ បើទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ បក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា នឹង​នៅ​បន្ត​រៀប​ចំ​ពិធី​ជួប​ជុំសមាជិក​ថ្មី នៅ​ប្រទេស​អូស្រ្តាលី​ដដែល គ្មាន​ការ​ប្រែប្រួល​ឡើយ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹងការ​ធ្វើ​បាតុកម្ម​តវ៉ា​ក្ដី​។

ផ្សាយពាណិជ្ជកម្ម

លោក ហុង លឹម តំណាង​រាស្រ្ត​សភា ប្រចាំរដ្ឋ Victoria ប្រទេស​អូស្រា្តលី បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ តាម​ខ្សែ​ទូរស័ព្ទ ពី​ប្រទេស​អូស្រ្តាលី​ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ រាប់​រយ​នាក់ ចូល​រួម​បាតុកម្ម​ នៅ​មុខ ភោជនីយដ្ឋាន អាណាប៊ែលឡា ទីក្រុង​ម៉ែល​ប៊ន ប្រឆាំង​នឹង កូនប្រុស​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​នឹង​ដឹកនាំ​ពិធី​ជួប​ជុំ​ស្វាគមន៍​សមាជិក​ថ្មី បក្សប្រជាជន​កម្ពុជា នៅ​យប់​ថ្ងៃ​ទី៧ ខែតុលា គឺ​ចំ​ពេល​ដែល សហគមន៍ខ្មែរ​នៅ​អូស្រ្តាលី កំពុងកាន់​ទុក្ខ​១០០ថ្ងៃ ជូន​លោក​បណ្ឌិត កែម ឡី។

លោក​បាន​ស្នើ​ថា ពិធី​នេះ​ គួរ​រង់​ចាំ​ឲ្យ​ចប់ការ​កាន់​ទុក្ខ​ចប់​សិន ដោយ​ចាត់​ទុក​ថា ការ​ជប់​លាង​ក្នុង​ពេល​កំពុង​កាន់​ទុក្ខ នេះ ​ជា​ការ​ប្រមាថ​មើល​ងាយ ចំពោះ​វិញ្ញាណក្ខ័ន្ត​ របស់ លោក កែម ឡី និង ប្រមាថ​ពលររដ្ឋ​ខ្មែរ ដែលកំពុង​កាន់​ទុក្ខ ព្រម​ទាំង បន្ថែម​កំលួស​កំហឹង​ពុះ​កញ្ជ្រោល​ក្នុង​ចិត្ត​ កាន់​តែ​ខ្លាំង​ថែម​ទៀត។

តំណាងរាស្រ្ត​សភា ប្រចាំរដ្ឋ Victoria រូប​នេះ សម្តែង​ការ​បារម្ភ​ថា បាតុកម្ម​នេះ​ អាច​ឈានដល់​ប៉ះ​ទង្គិច​គ្នា រវាង​កង​អង្គរក្ស​លោក ហ៊ុន ម៉ាណែត និង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្រា្តលី ដែលលើក​គ្នា​តវ៉ា ឬ​បណ្តាល​ឲ្យ​កក​ស្ទុះ​ចរាចរណ៍​ដែរ ទើប​ប៉ូលីស​អូស្រ្តាលី បាន​ប្រកាស​បិទ​ផ្លូវនា​បរិវេណ​តវ៉ា​នោះ​។ លោក​បន្ថែម​ថា ពលរដ្ឋខ្មែរ​ រស់នៅ ក្នុង​រដ្ឋ​ធំៗ​បី​ រួម​មាន រដ្ឋ​អូស្រ្តាលីខាង​ត្បូង ស៊ីដនី និង​ម៉ែលប៊ន រាប់​រយ​នាក់ នឹង​រៀប​ចំ​បាតុ​កម្ម ប្រឆាំង វត្តមាន​កូន​លោកនាយករដ្ឋមន្រ្តី លើ​ទឹក​ដី​អូស្រ្តាលី​ ដែល​ជា​ឱកាស​បញ្ចេញ​ឆន្ទៈ មិន​សប្បាយ​ចិត្ត នឹង​របបដឹកនាំ​សព្វ​ថ្ងៃ​។

អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​ថ្លែង​ថា វា​ជា​សិទ្ធិ​សម្តែង​មតិ​ស្រប​ច្បាប់​ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ ក្នុង​ការ​តវ៉ា។ ទោះ​បី​ជា​យ៉ាង​ណា លោក សុខ ឥសាន្ត បាន​បញ្ជាក់​ថា បក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​លើក​ថ្ងៃ រៀប​ចំ​ពិធី ទទួល​ស្វាគមន៍សមាជិក​ថ្មី​នេះ​ឡើយ ដោយ​ចាត់​ទុក​ថា ពិធី​កាន់​ទុក្ខ​មរណភាព​មួយ​រយ​ថ្ងៃ និង​ពិធី​ជួប​ជុំ​សមាជិក​បក្ស ជា​រឿង​ដោយ​ឡែក​ពី​គ្នា ឬ​ជា​រឿង​ដើម​ផ្លូវ​ចុង​ផ្លូវ។​

គួរ​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ២០១៦ ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ ចាត់ទុក​ បុគ្គល ហុង លឹម ជា ​«​ជន​មិន​ត្រូវ​បាន​ស្វាគមន៍​» និង ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ឡើយ បន្ទាប់​ពី តំណាងរាស្រ្ត​ រដ្ឋ Victoria រូបនេះ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ពុធ ទី​៣ កក្កដា ប្រដូច របប​ដឹកនាំ​នៅ​កម្ពុជា សព្វថ្ងៃ ​ជា ​របប​តិរច្ឆាន។ តែ លោក ហុង លឹម បាន​ចាត់​ទុក​ថា ការហាម​ឃាត់​នេះ គឺ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បំពាន​ច្បាប់​អន្តរជាតិ ដែល​ហាម​ប្រាម​ អ្នកមាន​កំណើត​នៅ​ស្រុក​ខ្មែរ មិន​ឲ្យ​ចូល​ដី​ខ្មែរ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ