អានតួអត្ថបទ
កម្ពុជា

បក្ស​ទាំង​ពីរ៖ ក្រោយ​បង្កើត​ក្រុម​ការងារ​ស្ថាន​ភាព​នយោបាយ​នឹង​អាច​ធូរស្រាល

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចំនួន​ពីរ​គឺ​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព និង​ក្រុម​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា។ ទន្ទឹម​នឹង​នេះ គណបក្ស​ទាំងពីរ​បង្ហាញ​សុទិដ្ឋិនិយម​ថា ស្ថានភាព​នយោបាយ​នៃ​បក្ស​ដែល​កំពុង​តែ​ប្រឈម​គ្នា​នេះ​នឹង​អាច​ធូរស្រាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជូន​សមាសភាព​ក្រុម​ការងារ​ទាំងពីរ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កំពុង​បង្កើត​ក្រុម​ការងារ​របស់​ខ្លួន​ចំនួន​ពីរ​ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​គណបក្ស​ប្រឆាំង។ ការ​បង្កើត​ក្រុម​ការងារ​ទាំង​ពីរ​នេះ គឺ​គណបក្ស​បាន​យោង​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១០​ធ្នូ ក្រោយ​ភាព​តានតឹង​នយោបាយ។ ក្រុម​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សមាសភាព​ចំនួន​៦​រូប ដែល​ដឹកនាំ​ដោយ​លោក ប៉ុលហំម និង​លោក​យឹម សុវណ្ណ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​បង្ហាញ​ពី​សមាសភាព​នៅ​ឡើយ​ទេ។ ដោយ​ឡែក​ក្រុម​ការងារ​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព មក​គណបក្ស​ប្រឆាំង​ មាន​ចំនួន​៥​រូប នឹង​ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​លោក​ស្រី កែ សុវណ្ណរតន៍។ ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹក​នាំ​ដោយ​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​របស់​រដ្ឋ​សភា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សុន ឆ័យ​ដដែល។

គណបក្ស​ទាំងពីរ​បាន​លើក​ឡើង​ថា គោល​បំណង​នៃ​ការ​បង្កើត​គឺ​ដើម្បី​ឱ្យ​កិច្ចការ​ពិភាក្សា​ស្តីពី​បញ្ហា​ច្បាប់​អាច​មាន​ភាព​ផុលផុស ហើយ​បញ្ហា​នយោបាយ​ទៀត​សោធ​នឹង​អាច​ជឿ​ទុក​ចិត្ត​កាន់​តែ​ច្រើន ក៏​ដូច​ជា​ការ​បង្កើន​ជំនួប​ដើម្បី​និយាយ​គ្នា​ពី​បញ្ហា​ណាមួយ​ដែល​ជា​ទស្សនៈ​២​ផ្ទុយ​គ្នា មុន​នឹង​ជំនួប​កំពូល​នៃ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ។ លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ថែម​ថា ​ក្រុម​បច្ចេកទេស​ទាំង​ពីរ​រំពឹង​ថា​នឹង​អាច​ពិភាក្សា​លើ​ច្បាប់​ផ្សេង​ៗ​ទៀត​មុន​នឹង​ចូល​ដល់​ដៃ​របស់​រដ្ឋ​សភា ហើយ​វប្បធម៌​សន្ទនា​នឹង​កាន់​តែ​រឹងម៉ាំ​​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់​ៗ​ ដោយឈរ​លើ​មូល​ដ្ឋាន​ នៃ​ផល​ប្រយោជន៍​ពលរដ្ឋ​។ ប៉ុន្តែ​លោក សុខ ឥសាន្ត អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បាន​លើក​ឡើង​ថា ការ​បង្កើត​ក្រុម​ការងារ​មិន​សំខាន់​ដូច​ការ​អនុវត្ត​ឱ្យ​បាន​ទៅ​នឹង​ខ្លឹមសារ​ នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។

គួរ​រំលឹក​ថា គណបក្ស​ទាំងពីរ​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ​កន្លង​ទៅ​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​ចំនួន​៤​ចំណុច​ ដូចជា​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព និង​ការ​បង្កើត​ក្រុម​ការងារ​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា​ ដើម្បី​បង្កើន​ការ​ជឿទុក​ចិត្ត​គ្នា​រវាង​បក្ស​ទាំងពីរ​ជាដើម។ យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​យន្តការ​នេះ​ ដែល​នឹង​អាច​ឱ្យ​អ្នក​តំណាង​រាស្ត្រ​ក្នុង​សភា​ជជែក​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ។ លោក បន្ថែម​ថា​បើ​ទោះបី​ជា​ពង្រឹង​វប្បធម៌​សន្ទនា​មែន ប៉ុន្តែ​ភាព​តាន​តឹង​នយោបាយ​នឹង​នៅ​តែ​ក្តៅ ត្រជាក់​ៗ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ