អានតួអត្ថបទ
កម្ពុជា

បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់៖ សមត្ថកិច្ច​ជាង​៣​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ការពារ​សន្តិសុខ

កង​កម្លាំង​សមត្ថកិច្ច​ជាង​៣​ម៉ឺន​៧​ពាន់​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការ​ពារ​ការិយាល័យ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន គូស​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​វត្តមាន ​លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ លោក ស៊ិក ប៊ុនហុក ប្រធាន គជប​។

កិច្ច​ប្រជុំ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ថ្ងៃ​ទី​៤ ឧសភា ២០១៧
កិច្ច​ប្រជុំ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ថ្ងៃ​ទី​៤ ឧសភា ២០១៧ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​មហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​កង​កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទាំង​ជាង​៣​ម៉ឺន​៧​ពាន់​នាក់ មាន​កង​កម្លាំង​នគរបាល​៣​ម៉ឺន​៥​ពាន់​នាក់ កង​យោធិពល​ខេមរភូមិន្ទ​១​ពាន់​៨រយ​នាក់ និងសល់ពី​នោះ​ជា​កម្លាំង​កង​រាជ​អាវុធហត្ថ​។

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ទាំង​អស់នេះ នឹង​ត្រូវ​ដាក់​ពង្រាយ​ នៅ​ទូទាំង​២៥​រាជធានី​ខេត្ត ក្នុង​នោះ​ខេត្ត​ខ្លះ ​នឹង​ត្រូវ​ដាក់​ពង្រាយ​យ៉ាង​តិច​៣​នាក់​ក្នុង​១​ការិយាល័យ ខណៈ​ខេត្ត​រាជធានី​មួយ​ខ្លះទៀត នឹង​ដាក់​ពង្រាយ​កម្លាំង​២​នាក់​ក្នុង​មួយ​ការិយាល័យ​។ ចំណែក​ខេត្ត​មួយ​ចំនួន​ទៀត មាន​កម្លាំង​ការពារ​ម្នាក់​ក្នុង​មួយ​ការិយាល័យ​។

សូម​ជម្រាប​ថា ខេត្ត​ដែល​ដាក់​ពង្រាយ​កម្លាំង​៣​នាក់​ក្នុង​មួយ​ការិយាល័យ​ឬ​មួយ​គោលដៅ រួម​មាន ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី ស្ទឹងត្រែង កោះកុង មណ្ឌលគិរី ប៉ៃលិន និង​ខេត្ត​កែប ដែល​ត្រូវ​ប្រើ​កម្លាំង​សរុប​ជាង​៧ពាន់​នាក់​។ ចំណែក​រាជធានី​ខេត្ត​ដែល​ដាក់​កង​កម្លាំង​២​នាក់​ក្នុង​មួយ​ការិយាល័យ មាន​ជា​អាថិ៍ ​ភ្នំពេញ ព្រៃវែង បាត់ដំបង កំពង់ចាម តាកែវ សៀមរាប ត្បូង​ឃ្មុំ កំពង់ធំ កំពត ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និង​ព្រះ​វិហារ​ ដែល​ត្រូវ​ប្រើ​កម្លាំង​សរុប​ប្រមាណ​២​ម៉ឺន​៧​ពាន់​នាក់​។ ដោយ​ឡែក ខេត្ត​ព្រះសីហនុ នឹង​មាន​កម្លាំង​ការពារ​ម្នាក់​ក្នុង​មួយ​ការិយាល័យ ខណៈ​ខេត្ត​កំពង់ស្ពឺ វិញ ត្រូវ​ប្រើ​កង​កម្លាំង​ប្រមាណ​១​ពាន់​៣រយ​នាក់ សម្រាប់​ការិយាល័យ​ចំនួន​ជាង​១​ពាន់​៤​រយ​ការិយាល័យ​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​បែង​ចែក​កម្លាំង​ការពារ​សម្រាប់​ការ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ហើយ គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ក៏​បាន​ត្រៀម​ដាក់​ពង្រាយ​សមត្ថកិច្ច​ការពារ​សរុប​១​ម៉ឺន​៩​ពាន់​នាក់​ផង​ដែរ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​១៤​ថ្ងៃ ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា ដល់​ថ្ងៃ​ទី​២​ខែ​មិថុនា​។

រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ដល់​កង​កម្លាំង​ក្រោម​បង្គាប់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាមដាន​សភាពការណ៍​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ទាន់​ពេល ជា​ពិសេស​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត​ខាង​មុខ​តែ​ម្ដង ព្រោះ​ថា​វា​ជា​ដំណាក់​កាល​ដែល​ទំនាស់​ព្រម​ទាំង​បទ​ល្មើស​ងាយ​នឹង​កើត​ឡើង​។ ហើយ​ប្រសិន​បើ​មាន​ហេតុការណ៍ ឬ​ឧបទ្ទវហេតុផ្សេង​ៗ​កើត​ឡើងដែល​អាច​រារាំង​ដល់​ដំណើរការ​បោះ​ឆ្នោត​​ លោក​រដ្ឋ​មន្ដ្រី បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​និង​កង​កម្លាំង​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ​តែ​ម្ដង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ