អានតួអត្ថបទ
កម្ពុជា

សមាជិក​គណៈ​អចិន្ដ្រៃយ៍​បក្សកុំម្មុយនីស្ត​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ចំពេល​បុណ្យ​ភ្ជុំ​ធំ​

សមាជិក​​​ជាន់ខ្ពស់​គណៈ​អចិន្ដ្រៃយ៍ ​នៃ​​ការិយាល័យ​​នយោបាយ​​បក្សកុំម្មុយនិស្ដ​​ចិន ​(CPC) ​​លោក ​​លីវ យុន​សាន ​(Liu Yunshan) ​កំពុង​​បំពេញ​​ទស្សនកិច្ច​​រយៈពេល​៣​ថ្ងៃ​​នៅ​​កម្ពុជា​​ចាប់​ពី​ថ្ងៃ​ទី ​១៩ ​ដល់​ថ្ងៃទី ​២១​កញ្ញា​​។ ​តាម​​គម្រោង ​គណៈប្រតិភូ​​ចិន ​នឹង​​ជួប​​ជាមួយ​​មន្ត្រី​ជាន់ខ្ពស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​​សំខាន់ៗ ​ក្នុងនោះ​​រួម​ទាំង​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ផង​ដែរ​។ ​អ្វី​​ជាកា​រ​​កត់​សំគាល់ ​មិន​​ដល់​​រយៈពេល​​ពីរ​​សប្តាហ៍​​ផង ​ចិន​​បាន​​បន្ត​​ផ្លាស់​​វេន​​គ្នា ​មក​​បំពេញ​​ទស្សនកិច្ច​​នៅ​​កម្ពុជា ​ចំ​ពេល​​ដែល​​ស្ថានការណ៍​​នយោបាយ​​នៅ​​កម្ពុជា ​កំពុង​​ឡើង​​កំដៅ ​និង​​ចំពេល​​ដែល​​ប្រជាជន​​កម្ពុជា ​ប្រារព្ធ​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​។  

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ចាប់​ដៃ​​ស្វាគមន៍​លោក លីវ​ យុនសាន (Liu Yunshan) ​សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយ​និស្ដ​ចិន ​ថ្ងៃទី ​២០​ កញ្ញា​ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ចាប់​ដៃ​​ស្វាគមន៍​លោក លីវ​ យុនសាន (Liu Yunshan) ​សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយ​និស្ដ​ចិន ​ថ្ងៃទី ​២០​ កញ្ញា​ ឆ្នាំ​២០១៧។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​បានដាក់​ជើង​ជាន់ដី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី១៩កញ្ញា​ភ្លាម លោក លីវ យុន​សាន (Liu Yunshan) សមាជិក​ជាន់ខ្ពស់គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុំម្មុយនិស្ដ​ចិន (CPC) និង​គណៈប្រតិភូ បាន​ទៅ​ជួប​ប្រមុខរដ្ឋស្តីទី​កម្ពុជា លោក សាយ ឈុំ និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា និង​បន្ទាប់មក​គឺ​នៅ​ព្រឹក​ថ្ងៃទី ២០ កញ្ញា​នេះ លោក​​បាន​បន្ត​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។

នៅក្នុង​ជំនួប​នៅឯ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី២០ កញ្ញា​នេះ ភាគី​ទាំងពីរ​កម្ពុជា-ចិន បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យ៉ាងតិច​ចំនួន។ ក្នុងនោះ រួមមាន អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី «ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង ការ​សហប្រតិបត្តិការ» រវាង​គណបក្ស​កុំម្មុយនីស្ត​ចិន​និង​គណបក្ស​ប្រជាជន​កម្ពុជា។ ទី២, អនុស្សរណៈ​ស្តីពី “ការជំរុញ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។ ទី៣, អនុស្សរណៈ​ស្តីពី «ការអនុវត្ត​គំរោង​លើក​កំពស់​ជីវភាព» រវាង​ក្រសួងសុខាភិបាល និង​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍ ទី៤, អនុស្សរណៈ​ស្តីពី«ការអនុវត្ត​គំរោង​លើក​កំពស់​ជីវភាព»រវាង​ក្រសួង​អប់រំ​កម្ពុជា​និង​មូល​និធិ​​ចិន​​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍។ ទី៥, អនុស្សរណៈ​ស្តីពី «កិច្ចសហការ​ថត​ភាព​យន្ត​ឯកសារ» ដែល​ចុះហត្ថលេខា​រវាង​ស្ថានីយទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន​និង​ស្ថានីយ​ទូរទស្សន៍​​ជាតិ​កម្ពុជា និង​ទី៦, គឺ​អនុស្សរណៈ​ស្តីពី «ការ​សហប្រតិបត្តិការ​សិក្សា​លើ​គំរោង​​សាងសង់​​បណ្តាញ​ទូរទស្សន៍​ឌីជីថល​ទូទាំងប្រទេស​កម្ពុជា» ដែល​ធ្វើឡើង​រវាង​ក្រសួង​​ព័ត៌មាន​កម្ពុជា ជាមួយ​ទូ​ទស្សន៍​យួ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្រៅពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ទាំង៦នេះហើយ ភាគី​ចិន ក៏បាន​សន្យា​ព​ន្លឿ​ន​ការ​លំនាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ប្រមាណ​ជា៣០ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ខណៈដែល​ឆ្នាំ២០១៧នេះ ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​ប្រមាណ​ជា២០ម៉ឺន​តោន។ នេះ​បើតាម​ការប្រកាស​របស់​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា។

ប៉ុន្តែ​អ្វី​ជាការ​កត់សំគាល់ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ចិន​នៅ​កម្ពុជា​ពេលនេះ បានធ្វើ​ឡើង​មិន​ដល់​រយៈ​ពីរ​សប្តាហ៍​ផង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធាន​សភា​​ប្រឹក្សា​ភិ​បាល​ប្រជាជន​ចិន លោក វ៉ាង ជៀ​រ៉ូ​យ (Wang Jiarui) កាលពី ថ្ងៃ៧ កញ្ញា។ ដំណើរ​ទស្សនកិច្ច​បន្ត​កន្ទុយ​គ្នា​នៃ​គណៈប្រតិភូ​ចិន បានធ្វើ​ឡើង​ចំពេល​ដែល​ស្ថាន​ការណ៍​​នយោបាយ​នៅ​កម្ពុជា​កំពុង​ឡើង​កំដៅ ក្រោយពី​មានការ​ចាប់ខ្លួន​លោក កឹម សុខា ​ប្រធាន​គណបក្សប្រឆាំង និង​ចំពេល​ដែល​ប្រជាជន​កម្ពុជា កំពុង​មមាញឹក​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​នៅ​កម្ពុជា។ យ៉ាងណាក៏ដោយ តាមរយៈ​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក លីវ យុន​សាន ក៏បាន​លើកឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា កាលពី​ថ្ងៃទី ១៩ កញ្ញា​ថា ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន នឹងមិន​អាចមាន​អ្នកណា​មក​បំបែកបំបាក់​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ