អានតួអត្ថបទ
កម្ពុជា

​ជម្លោះ​ដណ្តើម​ទី​ស្នាក់​ការ​គណបក្ស​រាជានិយម ​ចាប់​ផ្តើម​ផ្ទុះ​ចេញ​ពី​ខេត្ត​សៀមរាប​

នៅ​ថ្ងៃអាទិត្យ​នេះ ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ ​បាន​សម្រេច​ព្រះទ័យ​ប្តូរ​ទីតាំង​នៃ​ពិធី​ជួបជុំ​គ្នា​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដោយ​សារ​តែ​ទីតាំង​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ។ ​ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ​ជម្លោះ​ដណ្តើម​​កេរ​នៅ​ក្នុង​គណបក្ស​រាជានិយមបងប្អូន​ទាំងពីរ​ កំពុង​ផ្ទុះ​ឡើង ​ដោយ​បាន​ផ្តើម​ចេញ​ពី​ខេត្ត​សៀមរាប។​​

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឬទ្ធិ ​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ពិធី​សំណេះ​សំណាល​នៅ​ព្រះ​ដំណាក់ ​ក្នុង​ខេត្តសៀមរាប​ ថ្ងៃទី៦​ ខែមិនា ​ឆ្នាំ២០១៦។​​
សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឬទ្ធិ ​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ពិធី​សំណេះ​សំណាល​នៅ​ព្រះ​ដំណាក់ ​ក្នុង​ខេត្តសៀមរាប​ ថ្ងៃទី៦​ ខែមិនា ​ឆ្នាំ២០១៦។​​ RFI/ Facebook
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ដណ្តើម​ទីស្នាក់ការ​គណបក្ស​រាជានិយម​ បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​ បន្ទាប់​ពី​មេដឹកនាំ​នៃ​គណបក្ស​រាជានិយម​បងប្អូន​ទាំងពីរ​ បាន​រៀបចំ​កម្ម​វិធី​ជាន់​គ្នា​នៅ​លើ​ទីតាំង​តែ​មួយ ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី៦ ​ខែមិនា ​ឆ្នាំ២០១៦នេះ។​ គឺ​ជា​ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ពួក​ ខេត្ត​សៀមរាប​។​ ប៉ុន្តែ​ដើម្បី​ជៀស​ផុត​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ ភាគី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​​សម្តេច​ក្រុម​ព្រះនរោត្តម ​រណឬទ្ធិ​ បាន​សម្រេច​ព្រះទ័យ​ប្តូរ​ទីតាំង​នៃ​ពិធី​សំណេះ​សំណាល​​របស់​ព្រះអង្គ​ ទៅ​កាន់​ទីតាំង​ផ្សេង​វិញ។

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឬទ្ធិ ​ដែល​បាន​បញ្ជារ​ឲ្យ​ក្រុម​ការងារ​របស់​ព្រះអង្គ ​ផ្លាស់​ប្តូរ​ទី​កន្លែង​នៃ​ពិធី​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹកនាំ ​ពី​ទីស្នាក់​ការ​គណបក្ស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​លិច​រង្វង់​មូល​ផ្លូវ​បំបែក​ទៅ​កាន់​វាល​យន្តហោះ​ក្រុង​សៀមរាប ​ដោយ​ទៅ​រៀប​ចំ ​ពិធី​ជួប​ជុំ ​នៅ​ព្រះ​ដំណាក់​របស់​ព្រះអង្គ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹក​វិល ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​វិញ។ ​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​ប្រារព្ធ​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ឃុំ ​និង​ស្រុក ​នៅ​ទូទាំង​ខេត្ត​សៀមរាប​នេះ ​គឺ​ដើម្បី​បញ្ជៀស​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​ក្រុម​អ្នក​គាំទ្រ​របស់​លោក ​ញឹក ប៊ុនឆៃ ​ដែល​បាន​មក​ទាមទារ​សិទ្ធិ​កាន់កាប់ ​និង​ប្រារព្ធ​ពិធី​នៅ​លើ​ទី​តាំង​ស្នាក់​ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ដោយ​មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​មូល​ដ្ឋាន។​

          ​នេះ​គឺ​ជា​ជម្លោះ​ដណ្តើម​ទីស្នាក់​ការ​របស់​គណបក្ស​រាជានិយម​បង​ប្អូន​ទាំង​ពីរ​ជាលើក​ដំបូង ​ដែល​បាន​ផ្តើម​ចេញ​ពី​ខេត្តសៀមរាប​ បន្ទាប់​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បាន​បែក​ជា​ពីរ​ជា​លើក​ទី​២​កាល​ពី​ដើម​ឆ្នាំ​២០១៦​នេះ។ ​ក្រុម​របស់​លោក ​ញឹក ប៊ុនឆៃ ​ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឬទ្ធិ ​ដោយ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ​ដែល​មាន​ឈ្មោះ​ថា ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។​ ជា​ឈ្មោះ​ថ្មី​ តែ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ចា​ស់។ ​លោក ​ញឹក ប៊ុនឆៃ ​ដែល​ជា​ប្រធាន​គណបក្ស​ថ្មី​នេះ បាន​ផ្ញើ​លិខិត​ទៅកាន់​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ​លោក ស ខេង​ ដើម្បី​រំលាយ​លទ្ធផល​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាល​ពី​ថ្ងៃទី​១៩​មករា ​២០១៥ ​និង​បាន​ទាមទារ​សិទ្ធិ​គ្រប់គ្រង​លើទី​ស្នាក់​ការ​ចាស់​របស់​គណបក្ស​ហ្វ៊ុន​​ស៊ិន​ប៉ិច​​ចំនួន​២១​នៅ​ទូទាំង​ប្រទេស។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ការ​ទាម​ទារ​នេះ ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អគ្គលេខា​ធិការដ្ឋាន​​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច។ ​

សម្រាប់​ក្រុម​អ្នក​វិភាគ ​ជម្លោះ​ដណ្តើម​ទី​ស្នាក់​ការ​គណបក្សរាជានិយម​​បងប្អូន​ទាំងពីរ ​នឹង​អាច​​បញ្ចប់​​ទៅ​​បាន​​ តាម​រយៈ​ផ្លូវ​តុលាការ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ