អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង នឹង​អនុញ្ញាត​ឲ្យ​សមាជិក​បក្ស​ដទៃ​អាច​ដាក់​ពាក្យ​សុំ​ឈរ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ខ្លួន​បាន​នៅ​ឆ្នាំ​២០១៧

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​មួយ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​កំណត់​ផែនការ​យុទ្ធសាស្រ្ត​សកម្មភាព​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាង​មុខ។ ក្នុង​កិច្ច​ប្រជុំ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​បាន​សម្រេច​ថា នឹង​បើក​ទូលាយ​ដល់​សាធារណជន​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ។ ក្នុង​នោះ សមាជិក​គណបក្ស​នយោបាយ​ដទៃ​ក៏​អាច​ដាក់​ពាក្យ​បាន​ដែរ បើ​ខ្លួន​ចង់​នោះ។

រូបថតចាស់៖ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
រូបថតចាស់៖ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​បាន​សម្រេច​ថា គណបក្ស​ប្រឆាំង​នឹង​ប្រកាស​ជា​សាធារណៈ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នា​ពេល​ខាង​មុខ​ឲ្យ​បាន​ទូលំ​ទូលាយ។ ក្នុង​ន័យ​នេះ លោកអេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្រ្គោះ​ជាតិ បាន​គូស​បញ្ជាក់​ថា សមាជិក​គណបក្ស​នយោបាយ​ដទៃ​ក៏​អាច​ដាក់​ពាក្យ​ស្នើ​សុំ​បាន​ដែរ ប្រសិន​បើ​ពេញ​ចិត្ត​នឹង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ។ ទោះ​ជា​បែប​នេះ​ក្តី លោក​អេង ឆៃអ៊ាង ក៏​មិន​ភ្លេច​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់​តែ​ជា​ដំណាក់​កាល​នៃ​ការ​ដាក់​ពាក្យ​តែ​ប៉ុណ្ណោះ រីឯ​ការ​ជាប់​ឫ​មិន​ជាប់​នោះ គឺ​រង់​ចាំ​ការ​ពិនិត្យ​សម្រេច​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សិន។

ក្រៅ​ពី​ប្រកាស​ឲ្យ​មាន​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ បាន​ទូលំ​ទូលាយ​នោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​សម្រេច​ទៀត​ថា លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្សនឹង​ចុះ​ហត្ថលេខា​ផ្ទេរ​សិទ្ធិ​ដល់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង ស្រុក ខណ្ឌ ឲ្យ​ធ្វើ​ជា​តំណាង​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ផង​ដែរ។ ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ គណបក្ស​ប្រឆាំង​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ការ​ប្រកាស​ត្រៀម​ខ្លួន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​នេះ គឺ​បាន​ធ្វើ​ឡើង​ជាង​១​ខែ​មុន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នឹង​មក​ដល់​នៅ​ខែ​កញ្ញា​ខាង​មុខ។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី គឺ​មាន​រយៈ​ពេល​៣​ខែ ពោល គឺ​ចាប់​ពី​ថ្ងៃ​ទី​១​កញ្ញា​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ខណៈ​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០៤ មិថុនា ឆ្នាំ២០១៧។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹង​ធ្វើ​ឡើង​តាម​រយៈ​ម៉ាស៊ីន​កុំព្យូទ័រ ដែល​គេ​គ្រោង​នឹង​ប្រើប្រាស់​កុំព្យូទ័រ​ប្រមាណ ២៤០០ឈុត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត​១០​លាន​នាក់។ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ថា គជប បាន​ត្រៀម​កម្លាំង​មនុស្ស​ប្រមាណ​ជា​៨២០០​នាក់ និង​ថវិកា​ប្រមាណ​ជា​២៣​លាន​ដុល្លារ​អាមេរិកសម្រាប់ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មីរយៈ​ពេល​៣​ខែ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ