អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កំពុង​ព្យាយាម​កំណត់​យក​រូបមន្ត​មួយ​ដើម្បី​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា

នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង ជាមួយ​នឹង​ក្រុមហ៊ុន​ប្រេង​ឥន្ទៈ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ១ តុលា​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុន​ចែកចាយ​ប្រេង​នៅ​កម្ពុជា ដើម្បី​កំណត់​យក​រូបមន្ត​មួយ ដែល​អាច​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា​បាន​ ខណៈ​ដែល​បណ្តា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​រូបមន្ត​កំណត់​តម្លៃ​ប្រេង​នេះ​រួច​រាល់​ហើយ។

តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​
តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​បណ្តា​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​រូបមន្ត​កំណត់​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​រៀង​ខ្លួន​ៗ កម្ពុជា​ក៏​កំពុង​តែ​ព្យាយាម​បង្កើត​រូបមន្ត​នេះ​ឲ្យ​បាន​ដែរ។ ការ​ព្យាយាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​នៅ​កម្ពុជា​នៅ​តែ​បន្ត​មាន​តម្លៃ​ថ្លៃ​ជាង​បណ្តា​ប្រទេស​ជិត​ខាង​ និង​ក្នុង​តំបន់​ បើ​ទោះបី​ជា​តម្លៃ​ប្រេង​នៅ​ក្នុង​ពិភពលោក​បន្ត​ធ្លាក់​ថ្លៃ​ជា​លំដាប់​ក៏​ដោយ។

នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​រវាង​អន្តរ​ក្រសួង និង​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា នៅ​ឯ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ថៃ រដ្ឋាភិបាល​មាន​រូបមន្ត​កំណត់​តម្លៃ​ប្រេង​មួយ​ច្បាស់​លាស់ ហើយ​អន្តរ​ក្រសួង​ គឺជា​អ្នក​ចេញ​តម្លៃ​ប្រេង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ជា​អ្នក​អនុវត្ត​តាម។ រីឯ​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ ​គឺ​អន្តរ​ក្រសួង​កំណត់​តម្លៃ​ប្រេង​រៀងរាល់​ ១៥​ថ្ងៃ​ម្តង​ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន ឬ​ក៏​អាជីវករ​លក់​រាយ​ណា​មិន​គោរព​តាម​នោះ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ ចំនួន ២០លាន​ដុង។ សម្រាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ​ គឺ​ប្រេង​មាន​តម្លៃ​ត្រឹមតែ ៥៩សេន ឬ​ជិត​ ២៤០០​រៀល​តែ​ប៉ុណ្តោះ ខណៈ​ដែល​តម្លៃ​ប្រេង​នៅ​កម្ពុជា​មាន​តម្លៃ​ជិត​១​ដុល្លារ ឬ ៤០០០ពាន់​រៀល​ ក្នុង​មួយ​លីត្រ។

អន្តរ​ក្រសួង​ នឹង​បន្ត​ប្រជុំ​ជាមួយ​នឹង​បណ្តា​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា​ជា​បន្ត​ទៀត ដើម្បី​កំណត់​យក​រូបមន្ត​មួយ ដែល​គ្រប់​ភាគី​ទាំង​សងខាង​ឯកភាព​ទទួល​យក។ សូម​រំលឹក​ជូន​ថា​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ក៏ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ប្រេង​នៅ​កម្ពុជា​ទាំង​អស់​បញ្ចុះ​ថ្លៃ​ផង​ដែរ​ ខណៈ​ដែល​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក​បន្ត​ធ្លាក់​ថ្លៃ​ដែរ​នោះ។

គួរ​ជម្រាម​ជូន​ថា ក្នុង​រយៈពេល ៦​ខែ​នា​ឆ្នាំ ២០១៥​នេះ​ កម្ពុជា​បាន​ចំណាយ​ប្រាក់​ចំនួន​ ៥៤៦​លាន​ដុល្លារ ដើម្បី​ទិញ​ប្រេង ពី​បណ្តា​ប្រទេស​ខុស​ៗ​គ្នា។ តាំង​ពី​ខែ​មករា ដល់​ខែ​មិថុនា ​ឆ្នាំ ២០១៥ កម្ពុជា ​បាន​នាំ​ចូល​ប្រេង​ប្រមាណ​ជាង ៩២​ម៉ឺន​តោន ​ពី​ប្រទេស​សិង្ហបុរី ថៃ និង​វៀតណាម។ បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​សាំង​ ចំនួន៨ នៅ​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ