អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ប្តេជ្ញា​ការពារ​ដំណើរការ​បោះឆ្នោត និង​ធានា​សុវត្ថិភាព​ជូន​រាល់​បេក្ខជន​នយោបាយ

ថ្លែង​ក្នុងឱកាស​បិទ​សន្និបាត​ប្រចាំឆ្នាំ របស់ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញា​ការពារ​ដំណើរការ​បោះឆ្នោត និង​ធានា​សុវត្ថិភាព​ជូន​រាល់​បេក្ខ​ជន​គណបក្សនយោបាយ​ដែល​នឹងចូលរួម។ ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ដើម្បី​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងឡាយ​ដែលថា លោក ហ៊ុន សែន មិន​ចង់​បោះឆ្នោត ស្រប​ពេលដែល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ២០១៧ នឹង​មក​ដល់​នៅ​ខែមិថុនា​ខាងមុខ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ @Google
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្តេជ្ញា​ការពារ​ដំណើរការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ទៀងទាត់ ប្រកបដោយ​សុវត្ថិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និង​ទទួល​យក​បាន។ ក្នុងនាម​ជា​អាជ្ញាធរ​លោក​បាន​ថ្លែងថា «ការបោះឆ្នោត​នៅ​ថ្ងៃទី៤ មិថុនា ២០១៧ នេះ ត្រូវតែ​ជាការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ ហើយ​ធានា​សុវត្ថិភាព​សម្រាប់​បេក្ខជន​ទាំងអស់​នៃ​បណ្តា​​បក្សនយោបាយ​ណាក៏ដោយ »។

បើតាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការប្រកាស​បែបនេះ​នឹង​ច្រានចោល​រាល់​ការ​មួលបង្កាច់​ទាំងឡាយ​របស់​អ្នក​កំពុង​រស់នៅ​ក្រៅប្រទេស​ដែល​ចោទថា លោក ហ៊ុន សែន ចង់​លុបចោល​ការបោះឆ្នោត។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវតែ​ប្រតិបត្តិ​ការណ៍​ឲ្យ​ទាល់​តែ​បាន នូវ​ការបោះឆ្នោត​មូលដ្ឋាន និង​បោះឆ្នោត​សកល តាម​ការកំណត់​ក្នុង​ច្បាប់ ដើម្បី​ធានា​ដំណើរ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹង​ទទួល​ខុសត្រូវ​ផ្នែក​ថវិកា​សម្រាប់ គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) និង​ធានា​សុវត្ថិភាព​ជូន​បេក្ខជន​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត។

គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ២០១៧ នៅ​កម្ពុជា មាន​គណបក្ស បាន​ចុះបញ្ជី​នៅ ក្រសួង​មហាផ្ទៃ សរុប ៤៥ គណបក្ស ដោយ​ក្នុងនោះ​មាន ១២គណបក្សនយោបាយ កំពុង​ជាប់​បណ្តឹង​​នៅ​តុលាការ។ គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) នឹង​ផ្តើម ទទួល​ពាក្យ​ចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ ត្រឹម​រយះពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី៥ ខែមីនា ហើយ គជប បិទ​ផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ នៅ​ថ្ងៃទី១៨ ខែមេសា។

លោក ហ៊ុន សែន ក៏បាន​ឆ្លៀត​ចំអក​ដល់ គណបក្សនយោបាយ​ខ្លះ ដែល​កំពុង​ជម្លោះផ្ទៃក្នុង​អំពី​លំដាប់​លេខ​រៀង​ឈរឈ្មោះ​របស់​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ហើយ​បាន​ទាយ​ទុកជាមុន​ថា នឹងមាន​ចលនា​ទម្លាក់​ផ្លាកគណបក្ស​នយោបាយ​ចោល​ជាច្រើន​កន្លែង ដោយសារតែ​រឿង​ជម្លោះផ្ទៃក្នុង​នេះ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ការពារ​ខ្លួន​ដែរ​ថា សូមកុំ​ចោទប្រកាន់​រដ្ឋាភិបាល ជា​អ្នក​រុញច្រាន​ឲ្យ​មានការ​តវ៉ា។  

គួររំលឹកថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៣ ឆ្នាំ២០១២ អង្គការ​សង្កេតការណ៍​បោះឆ្នោត ខុមហ្វ្រែល បាន​រកឃើញថា ឆ្នាំ២០១២ មាន​ករណី​ឃាតកម្ម​ទាក់​ទិន​​សកម្មជន​គណបក្សនយោបាយ ៣ករណី ព្រមទាំង​មានការ​បំភិតបំភ័យ ភាពមិនប្រក្រតី ការ​រារាំង​សកម្មភាព​ឃោសនាបោះឆ្នោត​ជាដើម។ ខុមហ្វ្រែល វាយតម្លៃថា ការបោះឆ្នោត​អាណត្តិ​ទី៣ ប្រព្រឹត្តិ​ទៅ និង​ចាត់ចែង​ដំណើរការ​បោះឆ្នោត​មិនមាន​អំពើហិង្សា និង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យ​ស្ទុះ​ដល់​ដំណើរការ​បោះឆ្នោត​ទេ តែ «សេរី» ក្នុងការ​បោះឆ្នោត​នៅមានកំរិត និង «យុត្តិធម៌» ក្នុងការ​បោះឆ្នោត​មិនមាន​ការកែលំអរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ