អានតួអត្ថបទ
កម្ពុជា-វប្បធម៌

ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកគង់ ណៃ ទទួលបានទទួលពានរង្វាន់ពីជប៉ុន

ព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង​លោក ​គង់ ណៃ នា​ពេល​ថ្មីៗ​នេះ បាន​ទទួល​ពាន​រង្វាន់​សិល្បៈ​ និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize) របស់​ប្រទេស​ជប៉ុន ឆ្នាំ​២០១៧​នេះ​។ នេះ​បើ​យោង​ទៅ​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ព្រឿន បញ្ញារី រាយការណ៍៖

លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង។
លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង។ © លីដា/RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន លោក​ឯក​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​ស្នាដៃ​របស់​សិល្បៈករ​ចាប៉ី​ដងវែង លោក គង់ ណៃ នៅ​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​ជប៉ុន​-​កម្ពុជា។ កោត​សសើរ​ជា​ពិសេស​នូវ​ចង្វាក់​ភ្លេង និង​ទំនុក​ច្រៀង​ដ៏​មាន​អត្ថន័យ​ដែល​បាន​ច្រៀង​ស្វាគមន៍​អ្នក​ចូល​រួម​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​នា​រាត្រី​នោះ។

ចំពោះ​ពាន​រង្វាន់​ដែល​ជប៉ុន​ផ្ដល់​ជូនលោក គង់ ណៃ នាពេល​នេះ ឯក​អគ្គរដ្ឋទូត​ជប៉ុន​សង្ឃឹម​ថា វា​នឹង​ក្លាយ​​ជា​ឱកាស​ល្អ​មួយ​ក្នុងការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ទូទាំង​តំបន់​អាស៊ី​ស្គាល់​សិល្បៈ​ចាប៉ីដងវែង ដែលជា​បេ​តិក​ភ​ណ្ឌ​អ​រូបិយ​ពិភពលោក និង​ដែល​ជា​ទម្រង់​សិល្បៈ​ចំណាស់​មាន​​ប្រវត្តិ​ដ៏​យូរលង់។

ព្រឹទ្ធាចារ្យ​ គង់ ណៃ វ័យ​៧១​ឆ្នាំ ត្រូវ​គេ​ស្គាល់​ថា បាន​ចាប់​ផ្តើម​ប្រឡូក​នៅ​ក្នុង​វិស័យ​ចាប៉ី​ដងវែង​ចាប់​តាំង​ពី​នៅ​វ័យ​ក្មេង​ខ្ចី​ម៉្លេះ​។ ពោល​គឺ​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​មាន​អាយុ​ប្រមាណ​១៣​ឬ​១៤ឆ្នាំ។ ជានិច្ចជាកាល លោក គង់ ណៃ បាន​ប្រគុំ​តន្ដ្រី​ពី​ចាប៉ី​ដង​វែង អម​ដោយ​ការ​ច្រៀង​រៀបរាប់​យ៉ាង​ពិរោះ អំពីប្រធានបទ​ផ្សេងៗ​ដូចជា សិល្បៈ វប្បធម៌ និង​សាសនា​ជា​ដើម។

គួរ​ជម្រាប​ជូន​ថា ពានរង្វាន់សិល្បៈ​និងវប្បធម៌ហ្វូគុអុកា ជាពានរង្វាន់ដែលបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូគុអុ​កាប្រទេស​ជប៉ុន។ កន្លង​មក​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក អប់រំ សិល្បៈ និង​វប្បធម៌​។

លោក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ជា​បុគ្គល​ទី​៣​ហើយ ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ បន្ទាប់​ពី លោក ឆេង ផុន និង លោក អាំង ជូលាន​។ លោក ឆេង ផុន ជា​​អ្នក​និពន្ធ​រឿង​ល្ខោន និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ទទួល​ពានរង្វាន់​នេះ​​ក្នុង​ឆ្នាំ​១៩៩៧។ ចំណែក​​លោក អាំង ជូ​លាន អ្នក​ស្រាវជ្រាវ​ខេ​មរ​សិក្សា​ បានទទួល​ពានរង្វាន់​នេះ​នៅ​​ក្នុង​ឆ្នាំ​២០១១​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ