អានតួអត្ថបទ

អង្គការ​លីកាដូ​រិះគន់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ទូរគមនាគមន៍

ដោយ​ថ្លែង​ជា​ភាសា​អង់គ្លេស​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក បាន​រិះគន់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ទូរគមនាគមន៍ ដែល​​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា​ទើប​បាន​អនុម័ត​ម្សិលមិញ។ ការអះអាង​របស់​នាយិកា​រូបនេះ អាច​មានន័យ​ជា​ភាសា​ខ្មែរ​ថា វា​«ជា​ការប៉ុនប៉ង​ច្បាស់​ក្រឡែត​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គ្រប់គ្រង​ទាំងស្រុង​លើ​អ៊ីន​ធើណិតនៅកម្ពុជា»។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​
សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​ LICADHO Facebook Page
ផ្សាយពាណិជ្ជកម្ម

ជាបឋម សូមរម្លឹកថា កាលពីថ្ងៃសុក្រ ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រជុំ​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពីទូរគមនាគមន៍ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមរបាយករណ៍នៃអង្គប្រជុំនោះ សេចក្តីព្រាង​ច្បាប់​ថ្មី​ដែល​មាន​គោលដៅ​«កំណត់​សមត្ថកិច្ច​គ្រប់គ្រង (...) និងតាមដានប្រតិបត្តិការលើវិស័យទូរគមនាគមន៍»នោះ មាន​គោល​បំណង​ចម្បងៗ​បី៖ ១) ធានាគុណភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ហេដ្ឋារចនា​សម្ព័ន្ធ​និង​បណ្ដាញ និងការផ្តល់សេវាទូរគមនាគមន៍ ២) លើក​ទឹក​ចិត្ត​ចំពោះ​ការវិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍និងការការពារអ្នកប្រើប្រាស់ និង៣) កៀរគរចំណូលជាតិ។

របាយការណ៍នោះបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែល​ជា​អ្នកចងក្រង​សេចក្តី​ព្រាង​ច្បាប់​ស្តីពីទូរគមនាគមន៍ បាន​កត់​សម្គាល់​ឃើញ​នូវ​«ស្ថានភាព​ប្រែប្រួល​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ប្រកប​ដោយ​ការប្រឈម​នៃ​វិស័យ​ទូរគមនាគមន៍​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា»។

ប៉ុន្តែ មិនយូរប៉ុន្មានក្រោយពីការអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានរិះគន់សេចក្តីព្រាងច្បាប់ថ្មីនោះយ៉ាងខ្លាំង តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។ អ្នកស្រី ណាលី ពីឡូក ដែលជានាយិកា បាន​ថ្លែង​សារ​ជា​ភាសា​អង់គ្លេស​ដែល​អាច​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖ «សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ជា​ការប៉ុនប៉ង​ច្បាស់​ក្រឡែត​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីគ្រប់គ្រងទាំងស្រុងលើអ៊ីនធើណិតនៅកម្ពុជា»។

អ្នកស្រីបន្តថា៖ «កិច្ចការសម្ងាត់បំផុតដែលថារដ្ឋាភិបាលកម្ពុជានឹងអនុវត្តតាមច្បាប់នេះ ទំនង​ជាអាច និងប្រហែលជាដើម្បីលុបបំបាត់ដោយប្រយោល រាល់​ទម្រង់​នៃ​ខ្លឹមសារ​រិះគន់​តាម​អ៊ីន​ធើ​ណិត»។

សូមបញ្ជាក់ថា រួមជាមួយអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត អង្គការ​លីកាដូ​ធ្វើការ​យ៉ាង​សកម្មនៅក្នុងការប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​នៅកម្ពុជា។ អង្គការនេះក៏បានចងក្រងការស្រាវជ្រាវមួយដែលមានចំណងជើងថា៖ «ដំណើរ​ឃ្លាត​ចេញ​ពីអ៊ីនធឺណិត? ការគម្រាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ទើប​រក​ឃើញ​ថ្មី​នៅ​កម្ពុជា»ផងដែរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ